Ad Code

ឡាន​ដឹក​ដី​របស់​តា​វែង​ បើក​បុក​កៀរ​រថយន្តក្រុង​របស់​សាលាក្រុង​ទៀតហើយ​



ភ្នំពេញ ​៖​ រថយន្ត​ដឹក​ដី​ពេញ​មួយគ្រឿង ​ដែល​គេ​ស្គាល់​ថា ​ជា​របស់​តា​វែង​ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​បុក​កៀរ​រថយន្តក្រុង​របស់​សាលាក្រុង ​ស៊ីញ៉ូ​បត់​ឆ្លង​ផ្លូវ​ចូល​បេន ​ជ្រុល​ទៅមុខ​បុក​កៀរ​ចិញ្ចើម​ថ្ម​សួន​ច្បារ​ និង​បង្កាន់ដៃ​ដែក​ បាក់​អស់​មួយ​ផ្ទាំង​ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​មនុស្ស​ណា​ម្នាក់​នោះ​ឡើយ។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល ​ថ្ងៃទី​០៤​ ខែធ្នូ ​ឆ្នាំ​២០១៨ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ​ត្រង់​ចំណុច​មុខ​សួនច្បារ​ប្រជាធិបតេយ្យ ​ភូមិ​ឃ្លាំង​សាំង ​សង្កាត់​ឫស្សី​កែវ ​ខណ្ឌ​ឫស្សី​កែវ​។​

​រថយន្ត​ដឹក​ដី​បង្ក​ម៉ាក​ពុ​យ​ស៊ោ​ ពណ៌ស ​អត់​ស្លាក​លេខ​ អ្នកបើកបរ​ ឈ្មោះ ហោ ហេង ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រោលគោ ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​ ដែល​គេ​ស្គាល់​ថា​ថៅកែ​ឈ្មោះ ​វែង​ ។ ​រីឯ​រថយន្តក្រុង​ រង​គ្រោះ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​រដ្ឋ​៣៧-៣-០២៣២ រង​ការ​ខូច​ខាត​បែក​កញ្ចក់​មួយ​ផ្ទាំង​ចំហៀង​ខាងឆ្វេង ​អ្នកបើកបរ​ឈ្មោះ កែវ មុន្នី​ងា ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ​ស្នាក់នៅ​ភូមិ​គោក​ឃ្លៀង ​សង្កាត់​ភ្នំពេញ ​ខណ្ឌ​សែន​សុខ​។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​ បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ត្បូង ​ទៅ​ជើង ហើយ​រថយន្តក្រុង​របស់​សាលា​ក្រុង​ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ស៊ីញ៉ូ​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ​ ទៅ​៣០​ម៉ែត្រ​ ដើម្បី​បត់​ចូល​បេន ​ខណៈ​នោះ ​រថយន្ត​ដឹក​ដី​របស់​តា​វែង​ បាន​បើក​វ៉ា​ស្តាំ​មិន​ប្រយ័ត្ន ​ស្របពេលនោះ​ក៏​បុក​កៀរ​រថយន្តក្រុង​កំពុង​បត់​ចូល​បេន ​ហើយ​ជ្រុល​ទៅមុខ​បុក​កៀរ​ចិញ្ចើម​ផ្លូវ​សួនច្បារ​ ច្រកចូល​បេន​កៀប​ជាប់​បាក់​បង្កាន់ដៃ​ដែក​សួនច្បារ​ ទៅមុខ​លែងរួច​តែ​សំណាងល្អ​មិន​បណ្តាលឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះឡើយ​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន ​ចុះ​មកដល់​កន្លែងកើតហេតុ​ និង​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​រួចរាល់​ ហើយ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នា​ពេល​ក្រោយ​ទៅតាម​នីតិវិធី​ច្បាប់៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu