Ad Code

រក​ឃើញ​សព​ក្មេង​ប្រុស ​ក្នុង​ទឹកស្ទឹង បន្ទាប់ពី​បាត់​ខ្លួន​មួយ​យប់ មួយថ្ងៃ​



​បាត់ដំបង ៖ សព​កុមារា​ម្នាក់​ ដែល​ទើបតែ​មាន​អាយុ៣​ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ​អណ្ដែត​នៅក្នុង​ទឹក​ស្ទឹង​សង្កែ ដែល​ធ្វើឲ្យ​ស្ត្រី​ជា​ម្តាយ​យំសោក បោក​ខ្លួន ដោយ​ការ​ស្តាយស្រណោះ បន្ទាប់ពី​កុមារ​រូប​នេះ​បាន​បាត់​ខ្លួន​ កាលពី​វេលា​ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្នុង​ផ្សារ​ណាត់ កណ្តាល​ក្រុង​បាត់ដំបង។​

​បើតាម​ការរៀបរាប់​ពី​ស្ត្រី​ជា​ម្តាយ​​កុមារា​ មានឈ្មោះ ​ឡុង ចន្ថា អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​សួស​អី ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង បាន​និយាយ​ទាំង​ទឹកភ្នែក​ថា ខណៈពេលដែល​ខ្លួន កំពុង​ជាប់រវល់​អ៊ុតសក់​ឲ្យ​ភ្ញៀវ​ក្នុង​រយៈពេល​ប្រហែល១០​នាទី ដោយ​ពុំបាន​តាមមើល ក៏បាន​បាត់​កូនប្រុស​ឈ្មោះ ដេ​ត រ៉ា​ឌី​ន អាយុ​៣​ឆ្នាំ មិនដឹង​ជា​ទៅ​ទីណា ទើប​ខ្លួន​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​ស្រាវជ្រាវ​រក​កូនប្រុស ប៉ុន្តែ​ទោះជា​ខំ​រក​យ៉ាង​ណា​ក៏​មិនឃើញ​ដែរ។

លុះ​នៅ​ម៉ោង៨និង៣០​នាទី​ព្រឹក​ ថ្ងៃទី៥​ធ្នូ​នេះ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​មាន​គេ​ប្រទះ​ឃើញ សព​កុមារា​រូបនេះ អណ្ដែត​ឡើង​នៅក្នុង​ស្ទឹង​ ទល់មុខ​ទីតាំង​លក់​ភី​ស្សា​ខម​ភេ​នី ដែល​ស្ថិត​ក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង។​

បច្ចុប្បន្ន​ សព​ ត្រូវបាន​ម្តាយ​នាំយកទៅ​ធ្វើបុណ្យ​នៅឯ​លំនៅដ្ឋាន​ហើយ ទាំង​ភាព​ក្ដុកក្ដួល​ជា​អនេក ដោយ​សារតែ​កូនប្រុស​ដ៏​តូច​កំពុង​ពេញ​ស្រលាញ់ បាន​ដើរ​ចុះ​ទឹកស្ទឹង​ទាំង​គ្មាន​នរណា​ម្នាក់​បាន​ឃើញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu