ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែង ដែលស្ថិតនៅក្នុងបុរីចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលយប់រំលងអធ្រាត្រ បណ្តាលឲ្យបុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ និងស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៨ ក្នុងផ្ទះល្វែង លេខG១៧ ស្ថិតនៅក្នុងបុរីចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។ ម្ចាស់ផ្ទះមាន ឈ្មោះ ចាន់ វលក្ខ័ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ មានអគ្គិភ័យកើតឡើង នៅចំណុច ផ្ទះលេខG១៧ ជាន់ទី១ យ៉ាងសន្ធោសន្ធៅ ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះហៅរថយន្ត ពន្លត់អគ្គិភ័យ ចុះទៅអន្តរាគមន៍ ដោយប្រើប្រាស់រថយន្ត១៥គ្រឿង ជួយអន្តរាគមន៍ រហូតដល់ម៉ោង០១និង៣០នាទី ថ្ងៃខែឆ្នាំដដែល ភ្លើងក៏បានរលត់ជាស្ថាពរ មិនបង្កឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នោះបណ្ដាលឲ្យមានបុរសម្នាក់ ឈ្មោះ ចំរើន ចាន់វិមាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកមូលហេតុ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ នៅឡើយ។
សមត្ថកិច្ចបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង ទឹកអស់ចំនួន០៤ឡាន ស្មើនឹង១៨ម៉ែត្រគូប និងពន្លត់ចប់នៅវេលាម៉ោង០១និង៣០នាទីថ្ងៃ ខែ ឆ្នាំដដែល៕
Source: Kampuchea Thmey Daily
0 Comments