ភ្នំពេញ ៖ នេះជាឆ្នាំទី៨ ហើយ ដែល ដឹ ភីហ្សា ខមផេនី (The Pizza Company) បានប្រារព្ធកម្មវិធី The Pizza Company Excellence Award ដើម្បីប្រកួតប្រជែងរកក្រុមបុគ្គលិកឆ្នើមប្រចាំឆ្នាំ។
ព្រឹត្តិការណ៍នេះ បានធ្វើឡើងចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅសាខា ដឹ ភីហ្សា ខមផេនី សាខាព្រែកលាភ ក្នុងនោះមានការចូលរួមពីក្រុមបុគ្គលិកទាំង២៩សាខា របស់ ដឹ ភីហ្សា ខមផេនី មកពីទីក្រុងភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងកំពង់ចាម។
ក្រុមដែលទទួលបានជ័យលាភី Excellence Award 2018 គឺបានទៅលើ ដឹ ភីហ្សា ខមផេនី សាខា ទួលគក ហើយក្រុមដែលទទួលបានជ័យលាភី នឹងបានទទួលពានរង្វាន់ជាទឹកប្រាក់ចំនួន១,៦០០,០០០ រៀល។ ក្រៅពីនេះ ក៏មានម្ចាស់ពានរង្វាន់ចំនួន៤ផ្សេងទៀង ដូចជា ៖ ក្រុម ដឹ ភីហ្សា ខមផេនី ស្ទឹងមានជ័យ ទទួលបានជ័យលាភីលើផ្នែកធ្វើម្សៅ (Best Dough Maker Award 2018) ក្រុម ដឹ ភីហ្សា ខមផេនី សាខាច្បារអំពៅ ទទួលបានជ័យលាភីលើផ្នែក ផ្ដល់សេវាកម្មល្អបំផុត (Best Service Maker Award 2018) ក្រុម ដឹ ភីហ្សា ខមផេនី សាខា អ៊េតវ៉ូត ទទួលបានជ័យលាភីលើផ្នែកធ្វើភីហ្សាល្អបំផុត (Best Pizza Making Award 2018) និងក្រុម ដឹ ភីហ្សា ខមផេនី សាខាព្រែកលៀប ទទួលបានជ័យលាភីលើផ្នែកសាវាដឹងជញ្ជូនល្អបំផុត (Best Delivery Award 2018)។
លោក អ៊ូ គីមហូវ នាយកប្រតិបត្តិ ដឹ ភីហ្សា ខមផេនី បានមានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណង៣សំខាន់ គឺដើម្បីពង្រឹងលើផ្នែកស្តង់ដារប្រតិបត្តិខាងផលិតផល បូករួមទាំងការធ្វើម្សៅដូហ្វ ការធ្វើភីហ្សា ការចំអិនផាសតា អនាម័យ ការចាត់ចែងក្នុងហាង និងការបម្រើសេវាកម្មលំដាប់ថ្នាក់ពិភពលោក ហើយយើងចង់ប្រែក្លាយកម្មវិធីនេះឲ្យបុគ្គលិកអភិវឌ្ឍន៍ពង្រឹងសមត្ថភាពខ្លួន និងដើម្បីធានាគុណភាពគ្រប់គ្រងកិច្ចការប្រកបដោយការទទួលខុសត្រូវជាក្រុម។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង នាយកប្រតិបត្តិ នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ជាលើកទី៧ហើយ ដែលបុគ្គលិករបស់ ដឹ ភីហ្សា ខមផេនី មកជួបជុំគ្នា ដើម្បីស្វែងរកម្ចាស់ពានរង្វាន់ល្អប្រសើរប្រចាំ ដឹ ភីហ្សា ខមផេនី។
លោក ក៏បានបញ្ជាក់ផងដែរថា ដឺ ភីហ្សា ខមផេនី តែងតែផ្ដល់នូវវគ្គហ្វឹកហាត់ដល់បុគ្គលិករបស់ខ្លួនជាប្រចាំទៅលើការធ្វើនំភីហ្សា និងបម្រើសេវាកម្មទៅតាមស្តង់ដារដែលបានកំណត់ជាដើម ហើយកម្មវិធីនេះ ក៏ជាផ្នែកមួយ នៃវគ្គបណ្ដុះបណ្ដាលផ្សេងៗទៀតផងដែរ ដើម្បីឲ្យបុគ្គលិក រំលឹកនូវជំនាញ និងសមត្ថភាពរបស់ខ្លួន ក្នុងពេលជាមួយគ្នា។
ក្រៅពីនេះ បុគ្គលិកទាំងអស់ ក៏បានទទួលវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗទៀត ដូចជា ជំនាញភាពជាអ្នកដឹកនាំជាដើម។ លោក បានបន្ថែមថា មកដល់សព្វថ្ងៃនេះ ហាង ដឹ ភីហ្សា ខមផេនី មានសាខារហូតដល់២៩ទូទាំងប្រទេស ហើយ គ្រោងនឹងបើកហាងចំនួន២បន្ថែមទៀត ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ហាង ដឹ ភីហ្សា ខមផេនី (The Pizza Company) ជាស្លាកសញ្ញាដែលទទួលបានការទិញសិទ្ធិផ្ដាច់មុខដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ហើយមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន អ៊ី អេហ្វ ជី មានហាងច្រើនជាង៥០ហាង និងមានបុគ្គលិកជិត២.០០០នាក់ បានបម្រើការក្នុងហាងរបស់ខ្លួន។
ក្រៅពី ដឺ ភីហ្សា ខមផេនី ក្រុមហ៊ុន អ៊ី អេហ្វ ជី ក៏បាននាំចូល និងចែកចាយផ្ដាច់មុខនូវផលិតផលម្ហូបអាហារល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជាកាហ្វេខូស្តារ (Costa Coffee) ការ៉េម ស្វិនសិន (SWENSEN’S) ការ៉េមនំដេរីឃ្វីន(Dairy Queen) នំដូហ្វណាត់ គ្រីស្ពីគ្រីម (Krispy Kreme Doughnut) និងហាង បាប៊ី ឃ្យូផ្លាហ្សា (BAR B Q PLAZA) ៕
Source: Kampuchea Thmey Daily
0 Comments