Ad Code

សំណង់​រឹងមាំ​សាងសង់​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​ ជាប់​របង​ព្រលាន​យន្តហោះ​ ត្រូវ​បាន​រដ្ឋបាល​ស្រុក​ចុះ​ហាមឃាត់



ព្រះសីហនុ ​៖ ​សំណង់​ថ្ម​បេតុង ​ដែល​កំពុង​ចាក់​គ្រឹះ​ដ៏​រឹងមាំ​លើដី​ចំណី​ផ្លូវ​សាធារណៈ​ជាប់​របង​ព្រលាន​យន្ត ហោះ​កងកេង ស្ថិត​ក្នុង​ដែនដី រដ្ឋបាល​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ​ចំនួន​៥​ទីតាំង នា​រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ ​ ត្រូវបាន អាជ្ញាធរ​ស្រុក ចុះ​ធ្វើការ ហាមឃាត់ ក្រោយ​មាន​ពាក្យ​បណ្តឹង ពី​សំណាក់ ព្រលានយន្តហោះ​អន្តរជាតិ​កងកេង។

ពាក់ព័ន្ធ សំណង់​ខាង​លើ​នេះ មន្ត្រី ក្រុម​ប្រឹក្សា ឃុំ​រាម បាន ធ្វើការ​បញ្ជាក់ ថា​ចំពោះ សំណង់​ចំនួន​ប្រមាណ​៥​ទីតាំង ដែល​កំពុង​សាងសង់​ខាងលើនេះ ​កន្លងមក​ខាង​ក្រុមការងារ ឃុំ​រាម បាន​ចុះ​ឃាត់​ជា​ញឹក​ញាប់​រួចមកហើយ​តាំងពី​ចាប់ផ្តើម ចាក់​គ្រឹះ​មក ម្ល៉េះ ប៉ុន្តែ​ក្រុម ម្ចាស់ សំណង់​ទាំងនោះ ពុំបាន​ស្តាប់​អាជ្ញាធរ​ដែនដី​ឡើយ ដោយ​នៅតែ​បន្ត សកម្មភាព​សាងសង់ ដដែល ដោយសារ​មាន​មន្ត្រី មាន​អំណាច​ម្នាក់ ជា​កងទ័ព​ជើង​ទឹក​នៅ​មូលដ្ឋាន សមុទ្រ រាម​ម្នាក់​ជា​អ្នក​នៅ​ពីក្រោយ​ ធ្វើជា​ខ្នងបង្អែក ទើប​ក្រុម​ម្ចាស់​សំណង់​ល្មើសច្បាប់​ទាំង​នោះ​ មិន​ខ្លាច ច្បាប់ មិន​ខ្លាច​អាជ្ញាធរ​ដែនដី។

ជុំវិញ​បញ្ហា​​ខាង​លើ​នេះ លោក ព្រំ មុន្នី នាយរង​រដ្ឋបាល​ស្រុក​ព្រៃនប់​បាន​ឲ្យ​ដឹងថា ក្រុមការងារ ចម្រុះ​របស់​រដ្ឋបាល​ស្រុក​ព្រៃនប់ ក្រោយពី​ចុះ​ធ្វើការ​ពិនិត្យ​ជាក់ស្តែង បានធ្វើការ ហាមឃាត់ ​ម្ចាស់​សំណង់​ចំនួន​០៥​ទីតាំង ​និង​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការ​សាងសង់​បន្ត។ ចំពោះ​កិច្ចការ​បន្ត​លោក​នឹងធ្វើ​របាយ​ការ​បញ្ជូន​ទៅ​ថ្នាក់​អភិបាលស្រុក​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់ ហើយ​ចំណាត់ការ​យ៉ាងណា​នោះ នៅ​មិនទាន់​ដឹង​ទេ។

លោក​ស កក្កដា អភិបាលស្រុក​ព្រៃនប់ បាន​ថ្លែង​បញ្ជាក់​ថា ​ដោយ​ផ្អែកលើ បណ្តឹង ​​ពី​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង ដាក់​ទៅ​រដ្ឋបាល​ខេត្ត ជុំវិញ​បញ្ហា​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​បាន​សាងសង់​សំណង់​រឹងមាំ​នៅជាប់​របង​ព្រលានយន្តហោះ​ដែល​បាន​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នូវ​បម្រាម​ក៏ដូចជា​សោភណភាព​របស់​ព្រលាន​ជាពិសេស​ប៉ះពាល់​ដល់​ការ​ចុះចត​ និង​ហោះហើរ​ឡើង​របស់​យន្តហោះ (​តាម​លក្ខណៈ​បច្ចេកទេស​)។

លោក​បន្តថា ការចុះ​របស់​ក្រុមការងារ​នាពេលនេះ គ្រាន់តែ​ធ្វើការ​ណែនាំ ផ្អាក​សកម្មភាព​សាងសង់ ដោយ រង់ចាំ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​អោយបាន​ច្បាស់លាស់​ជាមុនសិន​ព្រោះថា ទីតាំង​នេះ​បើ​យើង ពិនិត្យ​ជាបឋម ទី​០១ – វា​ស្ថិតក្នុង​ដី​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ ទី​០២ . វា​ស្ថិតនៅ​កៀក ផ្លូវ ហោះហើរ និង ទី​០៣ – ពុំមាន​ច្បាប់​សាងសង់​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ។

ដោយឡែក​សម្រាប់​ មន្ត្រី​ភូមិបាល​ស្រុក​ព្រៃនប់ បាន​បញ្ជាក់​ថា ​សំណង់​ខាង​លើ​នេះ ទីតាំង​មួយ​ណា​ក៏​សាងសង់​លើដី​ចំណីផ្លូវ ដែរ ពីព្រោះថា ផ្លូវ មួយ​ខ្សែ​​នេះ មាន​ទំហំ​ទ្រូងផ្លូវ ២០​ម៉ែត្រ និង ទំហំ​ដី​ចំណីផ្លូវ គិតពី​​អ័ក្ស​ផ្លូវ ម្ខាងៗ ប្រវែង ៣០ ម៉ែត្រ និងមាន​ប្លង់​ប្រព័ន្ធ បាន កំណត់ អស់ហើយ ដូចនេះ ម្ចាស់​សំណង់​ទាំង ៥​ទីតាំង​ខាងលើ​ ​មិន​មាន​សិទ្ធិ ក្នុង​ការតវ៉ា ជាមួយ​ ថ្នាក់ដឹកនាំ​ស្រុក ឬ​ខេត្ត​នោះឡើយ ប៉ុន្តែ​ក្នុងករណី ប្រឆាំង​តវ៉ា មិន​ព្រម រុះរើ​ចេញ​វិញ ដោយ ខ្លួន​ឯង ម្ចាស់​សំណង់​ទាំងនោះ នឹង​ប្រឈម​ទៅ​ផ្លូវច្បាប់ ត្រង់​មាត្រា លេខ ២៥៩ នៃ​ច្បាប់ ភូមិបាល ជន​ណា​ដែល ប៉ះពាល់​រំលោភ​លើដី​កម្មសិទ្ធិ សាធារណៈ​របស់​រដ្ឋ ត្រូវ​ផ្ដន្ទាទោស​ពី​ ១​ឆ្នាំទៅ ៥​ឆ្នាំ និង​ផាកពិន័យ ពី​៥​លាន​រៀល ទៅដល់ ៥០​លាន់ រៀល​ជា​កំណត់ ដូចនេះ ម្ចាស់​សំណង់​ដែល​ពាក់ព័ន្ធ គួរ មានការ​យល់ដឹង ខ្លះ​ហើយ ​ចៀសវាង​ ដល់ពេល អាជ្ញាធរ​ខេត្ត ចាប់ផ្តើម អនុវត្ត​​​ច្បាប់ ប្រហែលជា​មិន​អាច​គេច​ផុត ទោល​ទណ្ឌ​ឡើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ រស់នៅ​តាម​ដី​ចំណី​ផ្លូវ ជាប់​របង ព្រលា​នយន្តហោះ ខាងលើនេះ បើតាម ការ​បញ្ជាក់​របស់ ​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រះសីហនុ កន្លងមក បាន​ឲ្យ​ដឹងថា បងប្អូន​ប្រជាពលរដ្ឋ ខាងលើនេះ រដ្ឋបាលខេត្ត មាន គោលការណ៍​រួច​ហើយ ក្នុងការ ផ្លាស់ប្តូរ ពួកគាត់ ទៅ​រស់នៅ តំបន់​ផ្សេង ដែល​នៅ​មិន​ឆ្ងាយ ប៉ុន្មាន​ពី​ទីនេះ​ទេ ដើម្បី​ឲ្យ​ពួកគាត់ មាន​ដី​ជា​កម្មសិទ្ធិ​ស្របច្បាប់។ ​សម្រាប់​តំបន់​នេះ មិន​អនុញាត ​ឲ្យ​មា​ការសាងសង់​សំណង់​ផ្សេង ៗ នោះឡើយ ពីព្រោះ វា​ជា​តំបន់ ​ទេសចរណ៍​ព្រលានយន្តហោះ អន្តរជាតិ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu