Ad Code

ស្ទាក់​ចាប់​រថយន្ត​ប្រាំ​គ្រឿង​រួច​ដោះលែង​វិញ​ សង្ស័យ​ត្រូវរ៉ូវ​គ្នា​ទេ​ដឹង​?..!



រតនគិរី ៖ អាជ្ញាធរ​ស្រុក​កូន​មុំ​កាលពី​យប់​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ​បាន​នាំ​កម្លាំង​ទៅ​ស្ទាក់ចាប់​រថយន្ដ​ធុន​ធំ​ចំនួន​ប្រាំ​គ្រឿង​ ដែល​ដឹក​ម៉ាស៊ីន​រ៉ៃ​ចេញពី​ទឹកដី​ខេត្ដ​ស្ទឹងត្រែង ​បើក​ចូលមក​ស្រុក​កូន​មុំ ​រួច​ក៏​ដោះលែង​វិញ​សង្ស័យ​ត្រូវរ៉ូវ​គ្នា​ដោយ​ស្ងាត់ៗ​។​

ប្រភពពី​មន្ដ្រីប៉ូលិស​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៨​ មាន​ក្បួន​រថយន្ដ​​​ធំ​ម៉ាក​រ៉េវ​(​ប៉ា​កុង​)​ចំនួន​ប្រាំ​គ្រឿង​មាន​ដឹក​សម្ភារ​:​កែច្នៃ​ឈើ​ បាន​បើក​ចេញពី​ភូមិសាស្ដ្រ​ខេត្ដ​ស្ទឹង​ត្រែង ​ឆ្ពោះ​មក​ស្រុក​កូន​មុំ​តាម​ផ្លូវជាតិ​លេខ​៧៨​ឆ្លងកាត់​ស្រុក​លំផាត់​ខេត្តរតនគិរី​ឆ្ពោះទៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ម៉ោង​ប្រមាណ​ជិត​ប្រាំបី​យប់​ថ្ងៃ​ដដែល​នោះ​ក្បួន​រថយន្ដ​ប៉ា​កុង​បាន​បើក​ទៅដល់​ចំណុច​ភូមិ​តា​អងកា​តែ​ ឃុំ​តា​អង​ស្រុក​កូន​មុំ ​ចំណែក​កម្លាំង​ស្រុក​ដែល​ដឹកនាំ​ដោយ​លោក​សាយ ចំរើន អភិបាលរង​ស្រុក​កូន​មុំ ​ក៏បាន​ទៅដល់ ​រួច​បើក​ការត្រួតពិនិត្យ​បាន​រក​ឃើញ​ដែក​រ៉ៃ​ចំនួន​បួន​ខ្សែ​ក្បាលម៉ាស៊ីន​ចំនួន​ពីរ​គ្រឿង​និង​ម៉ាស៊ីន​ត្រង់សឺន័រ​ចំនួន​ពីរ​គ្រឿង​ផងដែរ​។​



​នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៨​លោក​សាយ ចំរើន អភិបាលរង​ស្រុក​កូន​មុំ​ដែល​ដឹកនាំ​កម្លាំង​ចុះទៅ​ឃាត់​ក្បូន​រថយន្ដ​ដូចខាងលើ​នោះបាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹងថា រថយន្ដ​ទាំង​ប្រាំ​នោះ​គឺ​ត្រូវតែ​រឹបអូស​យកទៅ​សាលាស្រុក​កូន​មុំ​ដើម្បី​បង្ក​សំណុំរឿង​បញ្ជូនទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នៅ​ថ្ងៃ​ដដែល​នេះ ព្រោះ​រថយន្ដ​នោះ​មាន​ផ្ទុក​ឧបករណ៍​កែច្នៃ​ឈើ​។​

​លោក​កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​បាន​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១០​ខែធ្នូ ឆ្នាំ​២០១៨​​​ថា ពាក់ព័ន្ធ​ករណី​ឃាត់​រថយន្ដ​ចំនួន​ប្រាំ​គ្រឿង​ដូចខាងលើ​មកដល់ពេលនេះ​មិនទាន់​ឃើញ​ខាង​ស្រុក​កូន​មុំ​បញ្ជូន​សំណុំរឿង​និង​វត្ថុតាង​នោះមក​នៅឡើយ​ទេ​។​
នៅថ្ងៃនេះ​ដែរ​សារព័ត៌មាន​​បាន​ព្យាយាម​សុំ​ការបញ្ជាក់​ពី​លោក សេក ហៃ អភិបាលស្រុក​កូន​មុំ​ជុំវិញ​រឿង​ឃាត់​រថយន្ដ​ប៉ា​កុង​ចំនួន​ន​ប្រាំ​គ្រឿង​ដែល​ដឹក​ឧបករណ៍​កែច្នៃ​ឈើ​នោះ ​ប៉ុន្ដែ​លោក​ឆ្លើយ​យ៉ាងខ្លី​ថា "​ជាប់រវល់​"​។​

នៅ​គ្រា​បន្ទាប់​នោះ​លោក សាយ ចំរើន អភិបាលរង​ស្រុក​កូន​មុំ​ដែល​ចុះទៅ​ឃាត់​រថយន្ដ​នោះ​ផ្ទាល់​បាន​បញ្ជាក់ថា ក្រោយពី​ត្រួតពិនិត្យ​រួច​លោក​បាន​បំពេញបែបបទ​បញ្ជូន​ឲ្យ​មេព្រៃ​ខេត្ដ​រួចហើយ​ឥឡូវ​បែរជា​ថា​មិនឃើញ​រថយន្ដ​នោះ​ទៅវិញ។​

​មន្ត្រីប៉ូលិស​បានបញ្ជាក់​ថា រថយន្ដ​ចំនួន​ប្រាំ​គ្រឿង​ដែល​ខាង​ស្រុក​កូន​មុំ​បាន​ឃាត់​កាលពី​យប់​ថ្ងៃទី​៨​ខែធ្នូ​នោះ​គឺ​ស្រុក​បាន​សម្របសម្រួល​ដោះលែង​វិញ​ហើយ ​ក្រោយពី​ឃាត់​បាន​មួយ​យប់​។ ការដោះលែង​នោះគេ​សង្ស័យថា​អាជ្ញាធរ​ស្រុក​បាន​ត្រូវរ៉ូវ​ជាមួយ​ម្ចាស់​រថយន្ដ​នោះ​ហើយ​មើលទៅ​? ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu