ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញបង្ក្រាប និងដកហូតថ្នាំញៀនជាច្រើនកញ្ចប់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចបឹងកក់ តាមបណ្ដោយផ្លូវរថភ្លើងក្រុម៣៩ ភូមិ៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចផ្នែកជំនាញគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួននេះ ទី១-ឈ្មោះ សំ រ៉ែម ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣សង្កាត់ស្រះចក ខណ្ឌដូនពេញមុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) និងទី២-ឈ្មោះ ព្រំ រៃ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក មុខរបរមិនពិត (ជួញដូរគ្រឿងញៀន)។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងនគរបាលខណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យប្រុស/ស្រី២នាក់ និងដកហូតថ្នាំញៀនចំនួន៩កញ្ចប់តូច១កញ្ចប់ធំ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើ
ប្រាស់គ្រឿងញៀនមួយចំនួនទៀត។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយប្រតិបត្តិការកម្លាំងផ្នែកជំនាញបានបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ មកឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments