Ad Code

កីឡាករ​គុន​ខ្មែរ​៣​នាក់ ឡើង​តតាំង​នឹង​កីឡាករ​កាណាដា និង​កីឡាករ​ថៃ​



ភ្នំពេញ ៖ កីឡាករ​គុន​ខ្មែរ​៣​នាក់​ មាន​ ឡុង សុវណ្ណ​ឌឿ​ន អ្នក​ប្រដាល់​របស់​ក្លិប​សាលវ័ន​កីឡា កីឡាករ ពុយ វណ្ណៈ អ្នក​ប្រដាល់​មកពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ និង​កីឡាករ ​លិញ ភារ​ម្យ អ្នក​ប្រដាល់ នៃ​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជួប​កីឡាករ​កាណាដា Hung Ngoc និង​កីឡាករ​ថៃ​ ភិត​ដាំ គាត​បាន​ឌិ​ត​យី​ម ព្រមទាំង​កីឡាករ​ ភេត​ណង​បី គាត​បាន​ឌិ​ត​យី​ម នៅ​លើ​សង្វៀន​ ស៊ី​អិន​ស៊ី នា​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

កីឡាករ​ ឡុង សុវណ្ណ​ឌឿ​ន គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កីឡាករ​កាណាដា Hung Ngoc ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក ហើយ​មិនទាន់​ដឹង​ពី​សមត្ថភាព​របស់​កីឡាករ​កណា​ដា​នេះ​ខ្លាំង​ប៉ុនណា​នោះ​ដែរ​។

សម្រាប់ ​សុវណ្ណ​ឌឿ​ន គេ​ជា​កីឡាករ​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​មួយ​រូប ក្នុងចំណោម​អ្នក​ប្រដាល់​ជួ​មុខ​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​។​

កីឡាករ​ ឡុង សុវណ្ណ​ឌឿ​ន គេ​ជា​អ្នកលេង​ស្នៀត​កណ្ដាប់ដៃ និង​កែង រីឯ​ស្នៀត​ជើង​ទាត់ និង​ជង្គង់​របស់គេ ក៏​ល្អ​ហើយ​ខ្លាំង​ថែមទៀត​។ ប៉ុន្តែ​យ៉ាងណា សុវណ្ណ​ឌឿ​ន ក៏មាន​ចំណុចខ្សោយ​ខ្លះ​ដែរ គឺ​ត្រង់​គេ​វាយ​ចេញ​រាង​យឺត​បន្តិច​ប៉ុណ្ណោះ តែ​គេ​មាន​កម្លាំង​ពលំ​ពេញ​៥​ទឹក ​មិន​ពិបាក​ឡើយ​។

ឡុង សុវណ្ណ​ឌឿ​ន គេ​ជា​កីឡាករ​ជើងចាស់​ និង​ខ្លាំង​ម្នាក់​ ដែល​ឡើង​ប្រកួត​លើក​ណា​ក៏​ពិបាក​រក​ដៃគូ​មក​ផ្តួល​ឲ្យ​គេ​ចាញ់​ពិន្ទុ ឬ ឲ្យ​សន្លប់​នៅលើ​រេញ​ណាស់​។ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​កីឡាប្រដាល់​ភាគច្រើន​នៅតែ​គាំទ្រ​កីឡាករ​ ឡុង សុវណ្ណ​ឌឿ​ន ថា​ជា​កីឡាករ​ដែលមាន​សក្ដានុពល ហើយ​មាន​សមត្ថភាព​គួរ​ឲ្យ​សរសើរ ដោយ​ម្នាក់ៗ​ហាក់​សម្ដែង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅ​គ្រប់​ពេល​កីឡាករ​រូបនេះ​ឡើង​រេញ​ប្រកួត​ម្តងៗ​នោះ តែមួយ​រយៈ​ចុង​ក្រោយនេះ​គេ​ធ្វើ​មិនសូវ​បានល្អ​នោះទេ​។ ចាំ​មើល​កីឡាករ​ ឡុង សុវណ្ណ​ឌឿ​ន និង​កីឡាករ​កាណាដា Hung Ngoc នេះ​នរណា​ជា​អ្នកឈ្នះ​?​។​
​ ​
ចំណែក​កីឡាករ ពុយ វណ្ណៈ ជួប​ជាមួយ​កីឡាករ​ថៃ​ភិត​ដាំ គាត​បាន​ ឌិ​ត​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥​គីឡូក្រាម អ្នក​ទាំង​២​មិនដែល​ជួប​គ្នា​ទេ​ពី​មុន​មក តែ​យ៉ាងណា​កីឡាករ​ថៃ​គេ​រឹងមាំ កម្លាំង​ស៊ុ​ហ្វ​ខ្លាំង និង​ស្នៀត​ជើង​ទាត់ ជង្គង់​របស់​គេ​វាយ​ចេញ​រហ័ស​ និង​ខ្លាំង​ទៀត​ផង​។​

រីឯ​កីឡាករ ពុយ វណ្ណៈ គេ​ជា​កីឡាករ​ជើង​ថ្មី​តែ​ស្នៀត​ប្រយុទ្ធ​របស់​គេ​ល្អ ពិសេស​គឺ​ស្នៀត​កណ្ដាប់ដៃ និង​ជង្គង់​តែម្ដង ដែល​អាច​វាយ​ប្រយោល ​ក៏បាន​ចូល​កៀក​ក៏បាន ដោយ​ប្រើ​បាន​លឿន ហើយ​ធ្ងន់​ថែមទៀត​។ ចាំមើល​ក្នុងការ​ប្រកួត​នេះ​កីឡាក​រ ពុយ វ​ណ្នៈ ជា​អ្នកឈ្នះ​ ឬ​កីឡាករ​ថៃ​ថៃ​ភិត​ដាំ គាត​បាន​ឌិ​ត​យី​ម​?​។​

ដោយឡែក​ កីឡាករ​លិញ ភារ​ម្យ ត្រូវ​ជួប​ជាមួយ​កីឡាករ​ ថៃ​ភេត​ណង​បី គាត​បាន​ឌិ​ត​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក តែ​កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ជាច្រើនលើក​មកហើយ ស្នៀត​ខ្លាំង​របស់គេ ​គឺ​ជើង​ទាត់​កាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្ដួល​។​

ចំណែក​កីឡាករ​លិញ ភារ​ម្យ គេ​ជា​កីឡាករ​ជើង​ថ្មី​កំពុង​ធ្វើ​ឲ្យ​អ្នកតាមដាន​ប្រដាល់​ចាប់អារម្មណ៍​ចំពោះ​ស្នៀត​ប្រយុទ្ធ​របស់​គេ ការប្រកួត​កន្លងមក​គេ​ប្រើ​បាន​ទាំង​ដៃ​ទាំង​ជើង​តែម្ដង​លិញ ភារ​ម្យ គេ​ជា​អ្នក​ស្រករ​ក្រោយ​មែន​ តែ​ចិត្ត​របស់គេ​ធំ​ខ្លាំងណាស់​មិនតែប៉ុណ្ណោះ គេ​វាយ​ដោយ​ហ៊ាន​ប្ដូរ​កែង​ជា​មួយ​គូប្រកួត​ដោយ​គ្មាន​ញញើត​ទៀតផង​។ ចាំមើល​រវាង​កីឡាករ​ លិញ ភារ​ម្យ និង​កីឡាករ​ថៃ​ភេត​ណង​បី គាត​បាន​ឌិ​ត​យី​ម នរណា​ជា​អ្នកឈ្នះ​?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu