Ad Code

បែក​ធ្លាយ ​អ្នក​មានអំណាច​ម្នាក់​នៅ​ខេត្ត​ឧត្ដរមានជ័យ លក់​ដី​ព្រៃ​ភ្នំ​ជប់​ត្រឡោក គ្រប់គ្រង​ដោយ​រដ្ឋ តម្លៃ​៧០​ម៉ឺន​ដុល្លារ ឲ្យ​ទៅ​លោក​ឧកញ៉ា​ លឹម​ ហេង​



​ឧត្ដរមានជ័យ​ ៖ នៅ​ថ្ងៃទី​១២ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ មាន​សេចក្ដីរាយការណ៍ មក​ថា​ អ្នក​មាន​អំណាច​ម្នាក់​នៅ​ខេត្ត​ឧត្ដរមានជ័យ បាន​លក់​ដី​ព្រៃ​ និង​ភ្នំ​ជប់​ត្រឡោក ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​រាប់សិប​ហិកតា ឲ្យ​ទៅ​លោក​ឧកញ៉ា ​លឹម​ ហេង ​ក្នុង​តម្លៃ​៧០​ម៉ឺន​ដុល្លារ ស្ថិតនៅ​ភូមិ​ជប់​គគីរ​ខាងលិច ​ឃុំ​ជប់​គគីរ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។​

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ កំពុង​តែ​មាន​ការ​កៀរគរ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ស៊ី ឈ្នួល កាប់​បំផ្លាញ​ព្រៃឈើ​រាន​យក​ដី នៅ​តំបន់​ខាងលើ​យ៉ាង​អនាធិបតេយ្យ ក្រោយពី​មានការ​លក់​ទិញ​រួចរាល់។

​ជាក់ស្ដែង​នៅតាម​កំផែង​ថ្ម​នៅ​ក្នុង​ព្រៃ​លើ​ភ្នំ ជប់​ត្រឡោក គេ​ឃើញ​មានការ​បាញ់ថ្នាំ​ក្រហម​ដាក់​ថា ហាម ហើយ​សញ្ញា​ខ្លះទៀត​ដាក់ឈ្មោះ​លោក​ឧកញ៉ា លឹម​ ហេង​។​

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ហាម​ពលរដ្ឋ​មិនឲ្យ​ទៅ​រាន​ព្រៃឈើ យក​ដី​នៅ​ទី​នោះ​ជា​កម្មសិទ្ធិ​របស់ខ្លួន ព្រោះ​ជា​ដី​របស់លោក​ឧកញ៉ា ​លឹម​ ហេង​ ទាំងអស់​ទៅហើយ​។​

​អ្នកមានអំណាច​ បាន​ឃុបឃិត​គ្នា​លក់​ទិញ​លក់​ដី​ព្រៃ​ភ្នំ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ នៅ​ភូមិ​ជប់​គគីរ​ខាង​លិច ឃុំ​ជប់​គគីរ ស្រុក​បន្ទាយ​អំពិល​នោះ​ ក៏​ព្រោះតែ​តំបន់​នោះ​ កំពុងតែ​មានការ​អភិវឌ្ឍ​​ និង​មាន​ហាង​ឆេង​ដី​ឡើងថ្លៃ​កប់​ពពក​ រហូត​ដល់​ថ្នាក់​ក្រុម​អ្នក​មាន​អំណាច​មួយ​ចំនួន​ បាន​លក់​ដី​រដ្ឋ​នៅ​តំបន់​នោះ ​ឲ្យ​លោក​ឧកញ៉ា​ លឹម​ហេង​ បាន​ប្រាក់​រហូតដល់​ទៅ​ចំនួន​៧០​ម៉ឺន​ដុល្លារ​ យក​ទៅ​ចែក​គ្នា​សោយសុខ​យ៉ាង​ស្រួល។

លោក​រតនា តំណាង​ឲ្យ ​លោក​ឧកញ៉ា ​លឹម​ ហេង បាន​បញ្ជាក់​ថា ខាង​ក្រុមហ៊ុន ​មិនបាន​ទិញ​ដី​ពី​អ្នក​មាន​អំណាច​នៅ​ខេត្ត​ឧត្ដរមានជ័យ​ក្នុង​តម្លៃ​៧០​ម៉ឺន​នោះ​ទេ​ បើ​ទិញ​ពី​ប្រជាពលរដ្ឋ​នោះ​ ពិត​ជា​មាន​មែន។

លោក​ក៏​មិន​អាច​បញ្ជាក់ ​ឬ​ក៏​បង្ហាញ​ឯកសារ​លក់​ទិញ​ពី​បុគ្គល​ណា​ម្នាក់ នៅ​តំបន់​ចោទ​ប្រកាន់ ​ខាង​លើ​នោះ​បាន​ទេ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu