Ad Code

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ​ ចុះ​រុះរើ​សង្វៀន​ជល់​មាន់​ ទ្រង់ទ្រាយ​ធំ​



ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ ​ដែល​ដឹកនាំ​ដោយ​អភិបាលរង​២​រូប​ ក្រោម​បញ្ជា​ផ្ទាល់​របស់ លោក​ ឃ្លាំង ​ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ បាន​ចុះ​រុះរើ​សង្វៀន​ជល់​មាន់​ទ្រង់ទ្រាយ​ធំ​មួយកន្លែង​ នៅ​សង្កាត់​កោះដាច់ ដែល​ក្រុម​ញៀន​ល្បែង​ជួល​ដី​គេ​លួចលាក់​ជល់​មាន់​ទ្រង់ទ្រាយ​តូច​ជា​យូរ​មកហើយ គ្មាន​អ្នកណា​បង្ក្រាប។​

ការរុះរើ​សង្វៀន​ជល់​មាន់​នេះ​ បានធ្វើ​ឡើង​នា​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០៥​និង​០០​នាទី​ល្ងាច នៅ​ភូមិ​ក្បាលកោះ​សង្កាត់​កោះដាច់​ខណ្ឌ​ជ្រោយចង្វារ​។​

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ​ ដែល​ទៅ​រុះរើ​រោង​ជល់​មាន់​នេះ ដឹកនាំ​ដោយ លោក ហ៊ុយ សារុណ និង លោក កៅ សា​រ៉ាវុធ អភិបាលរងខណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ ,​កង​រាជ​អាវុធហត្ថ​ខណ្ឌ ក្រុមប្រឹក្សា​សង្កាត់​-​ភូមិ កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​ប្រជា​ការពារ​សង្កាត់ ជាច្រើន​នាក់។

ជាមួយគ្នា​នោះ​ គណៈ​បញ្ជាការ​ឯកភាព​ បា​ន​ដកហូត​សម្ភារៈ​សំណង់​រោង​ឈើ​ប្រក់​កៅស៊ូ​តង់​ នៅ​ដី​ឡូត៍​មួយកន្លែង​របស់ ​ឈ្មោះ សុខ ពិ​សៀង និង​ឈ្មោះ ​សុខ ពិសិដ្ឋ​ ជា​បងប្អូន​បង្កើត​ ស្ថិតនៅ​ភូមិ​ក្បាល​កោះ ដែល​បាន​ជួល​ដី​របស់ខ្លួន​ឲ្យ​ទៅ​ឈ្មួញ​បើក​ទីតាំង​ជល់​មាន់​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ពេល នោះ ​ក្រុមការងារ​បាន​រុះរើ ​និង​ដកហូត​សម្ភារៈ​មក​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ និង​បាន​កោះ​អញ្ជើញ​ម្ចាស់​ដី​ទាំងពីរ​នាក់​បងប្អូន​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​តទៅទៀត​។​

ប្រភព​បាន​ឲ្យ​ដឹង​ថា សង្វៀន​ជល់​មាន់​នេះ មុនៗ​ គេ​បញ្ជល់​មាន់​៣​ទៅ​៤​គូ​ លួចលាក់​ជា​ទ្រង់ទ្រាយ​តូច​ទេ តែ​ដល់​គ្មាន​អ្នក​បង្ក្រាប ក៏​រៀបចំ​ជា​ទ្រង់ទ្រាយ​ធំ ហើយ​ដឹង​ដល់ ​លោក ឃ្លាំង​ ហួត ភ្លាមៗ​នោះ​លោក​បាន​បញ្ជា​ឲ្យ​អភិបាលរង​២​នាក់​ ដឹកនាំ​កម្លាំង​ទៅ​រុះ​រើចេញ​តែម្ដង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu