ភ្នំពេញ ៖ ឆ្នាំ២០១៧កន្លងទៅនេះ វិស័យឧស្សាហកម្ម បានចូលរួមចំណែកក្នុងផលទុនសរុបក្នុងស្រុក(ផសស)ចំនួន៣០ភាគរយ និងបានធ្វើការអភិវឌ្ឍ ព្រមទាំងពង្រីករចនាសម្ព័ន្ធសេដ្ឋកិច្ចឧស្សាហកម្ម ដែលផ្តោតទៅលើមូលដ្ឋានផលិតកម្មនិងពិពិធកម្មមុខទំនិញឧស្សាហកម្ម ដោយតាមទិន្នន័យបង្ហាញថាក្នុងឆ្នាំ២០១៨នេះទទួលបានលទ្ធផលប្រមាណជា២១ភាគរយខុសពីដំណាក់កាលមុន ដែលរចនាសម្ព័ន្ធឧស្សាហកម្មផ្តោតទៅលើផ្នែករោងចក្រកាត់ដេរស្ទើរតែ១០០ភាគរយ។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានមានប្រសាសន៍ថា តាមរយៈការបង្កើតរោងចក្រថ្មីៗនឹងរួមចំណែកផ្តល់ឱកាសការងារដ៏សំបូរបែបជូនដល់បងប្អូន ក្មួយៗប្រជាពលរដ្ឋយើង ព្រមទាំងជួយបង្កើនជីវភាពរស់នៅដល់ពួកគាត់ថែមទៀត។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា "ការវិនិយោគក្នុងវិស័យឧស្សាហកម្មទ្រង់ទ្រាយធំរបស់វិនិយោគិនក្នុងស្រុកគឺជាការចូលរួមចំណែកមួយជ្រុងតូចក្នុងការលើកមុខមាត់ប្រទេសក្នុងវិស័យឧស្សាហកម្ម តាមរយៈការបោះជំហានពីប្រទេសកសិកម្មទៅជាប្រទេសឧស្សាហកម្ម កាត់បន្ថយការនាំចូលសម្ភារៈសំណង់ពីបរទេស និងជួយបង្កើនសេដ្ឋកិច្ចជាតិ»។ ទន្ទឹមនឹងនេះលោកទេសរដ្ឋមន្ត្រីបានចូលរួមផ្តល់តម្លៃ លើកទឹកចិត្ត ជាមួយការជំរុញឲ្យជួយគាំទ្រដល់ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ក្នុងនាមវិស័យឯកជន បានខិតខំប្រឹងប្រែងរួមចំណែកជាមួយរដ្ឋាភិបាល បង្កើតនូវសមិទ្ធផលថ្មីៗ ឆ្លើយតបទៅនឹងទិសដៅអភិវឌ្ឈ វិស័យឧស្សាហកម្ម តម្រូវការទីផ្សារ និងសំណូមពរប្រើប្រាស់របស់ពលរដ្ឋ។ ការចាប់បដិសន្ធិ និងការកកើតរូបរាងឡើង នូវរោងចក្រឧស្សាហ៍កម្មខ្នាតធំចំនួនពីរបន្ថែមទៀត ដែលជាការវិនិយោគដោយកូនខ្មែរ១០០% តែម្តង។
ថ្លែងក្នុងកម្មវិធីសម្ពោធ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា « រោងចក្រក្បឿង និងទុយោ ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ត្រូវបានសាងសង់លើផ្ទៃដីជាង១១ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ រោងចក្រនីមួយៗត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយមកពីប្រទេសអ៊ីតាលី និងប្រើប្រាស់វត្ថុធាតុដើមដ៏ល្អឥតខ្ចោះ ដែលមានលទ្ធភាពផលិតក្បឿង និងទុយោដែលមានគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារសំណង់ក្នុងប្រទេសកម្ពុជា។ គ្រឿងចក្ររបស់រោងចក្រក្បឿង មានលទ្ធភាពផលិតក្បឿងបាន១៤០សន្លឹកក្នុងមួយនាទី ខណៈរោងចក្រទុយោមានលទ្ធភាពផលិតទុយោបាន៥០០តោនក្នុងមួយខែ។ ក្រៅពីរោងចក្រផលិតក្បឿង និងទុយោ ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ក៏មានផលិតផលបេតុង លាយស្រេចដើម្បីផ្គត់ផ្គង់តម្រូវការក្នុងវិស័យសំណង់ក្នុងប្រទេសផងដែរ៕
Source: Kampuchea Thmey Daily
0 Comments