ភ្នំពេញ ៖ លោករដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម បានប្រកាសគាំទ្រចំពោះសាស្ត្រាចារ្យ Ma Chengxiang ដែលមានគម្រោងស្តីពីការបង្កើតប្រព័ន្ធធារាសាស្ត្របូមទឹកដោយប្រើថាមពលពន្លឺព្រះអាទិត្យបម្រើឲ្យវិស័យកសិកម្ម ដែលបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់កសិករ និងអ្នកផលិត ។
លោក រដ្ឋមន្ត្រីមានប្រសាសន៍បែបនេះបានធ្វើឡើងកាលពីថ្ងៃទី១១ធ្នូ នៅក្នុងជំនួបជាមួយ សាស្ត្រាចារ្យ Ma Chengxiang នាយកវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធធានាសាស្ត្រ Gansu នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាការងារសំខាន់ៗមួយចំនួន ទាក់ទងនឹងប្រធានបទ ទី១- ពិនិត្យសើសំណើគម្រោង ស្ដីពីប្រព័ន្ធធានាសាស្ត្របូមទឹក ដោយប្រើថាមពលព្រះអាទិត្យបម្រើឲ្យវិស័យកសិកម្ម។ ទី២-ធ្វើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាននេះ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីរួមចំណែកអភិវឌ្ឍន៍ វិស័យកសិកម្ម។
មានមតិស្វាគមន៍ លោករដ្ឋមន្ត្រី បានសម្ដែងនូវការគាំទ្រចំពោះគម្រោង ស្តីពីការបង្កើតប្រព័ន្ធធារាសាស្ត្របូមទឹកដោយប្រើថាមពលពន្លឺព្រះអាទិត្យបម្រើឲ្យវិស័យកសិកម្ម ដោយសារគម្រោងនេះ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់អ្នកផលិត ពិសេសផលិតកម្មកសិកម្មខ្នាតតូចតាមរយៈការកាត់បន្ថយថ្លៃដើម ប្រេង ពលកម្ម ពេលវេលា រក្សាបាននូវបរិស្ថានល្អ និងធានាបាននូវនិរន្តរភាព នៃការផលិតឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ។
លោកបានបញ្ជាក់បន្ថែមថា ប្រសិនបើគម្រោងទទួលបានជោគជ័យ នោះវានឹងជួយយ៉ាងច្រើនដល់ផលិតកម្មដំណាំស្រូវ ផលិតកម្មបន្លែ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួនធំទៀត ដែលវានឹងរួមចំណែកលើកកម្ពស់ផលិតភាពផលិតកម្មក្នុងស្រុក ការបង្កើនទិន្នផល បង្កើនប្រាក់ចំណូលគ្រួសារ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីចូលរួមចំណែកសម្រេចឲ្យបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។
ដើម្បីឲ្យគម្រោងអនុវត្តទៅដោយរលូន និងទទួលបានជោគជ័យ លោករដ្ឋមន្ត្រី បានស្នើសុំឲ្យវិទ្យាស្ថាន សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រកទីតាំងសមស្របណាមួយធ្វើការស្រាវជ្រាវ និងបង្ហាញដល់អ្នកប្រើប្រាស់ ជាពិសេសសហការជាមួយសហគមន៍កសិកម្មនៅតាមបណ្តាខេត្តនានាដែលមានសក្ដានុពលលើការផលិតដំណាំបន្លែ ស្រូវ និងឈើហូបផ្លែ។ ក្រៅពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើឲ្យសាស្ត្រាចារ្យ Ma ជួយសិក្សាស្រាវជ្រាវ និងវាយតម្លៃលើគុណភាពដី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការកំណត់តំបន់ដាំដុះដំណាំ។
ក្នុងឱកាសនេះ សាស្ត្រាចារ្យ Ma បានថ្លែងអំណរគុណចំពោះលោក រដ្ឋមន្ត្រី និងសហការីដែលបានផ្តល់កិច្ចសហការ គាំទ្រដល់គម្រោងនេះ ហើយបានឯកភាព និងទទួលយកអនុសាសន៍របស់លោក រដ្ឋមន្ត្រីយកទៅអនុវត្ត ហើយបានសន្យាថា នឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពធ្វើយ៉ាងណាឲ្យគម្រោងនេះសម្រេចបានលទ្ធផលតាមការរំពឹងទុក ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មឲ្យកាន់តែមានភាពរីកចម្រើន។
សាស្ត្រាចារ្យ Ma ក៏បានបញ្ជាក់ជូន លោករដ្ឋមន្ត្រីថាអនាគតវិទ្យាស្ថាននេះ មានបំណងបង្កើតវិទ្យាស្ថានស្រាវជ្រាវវិស័យកសិកម្មនៅជនបទ ដើម្បីបង្កើនសមត្ថភាពដល់កសិករ សហគមន៍តាមរយៈការបណ្ដុះបណ្ដាល ចែករំលែកបទពិសោធន៍ និងផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើបៗ ឲ្យដល់ដៃអ្នកផលិត៕
Source: Kampuchea Thmey Daily
0 Comments