ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងបញ្ជូនយុវជនចំនួន១២រូប ទៅចូលរួមសន្និសីទនិស្សិតអាស៊ាន និងជប៉ុននៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍ចំណេះដឹង និងទំនាក់ទំនងរវាងយុវជនអាស៊ីបូព៌ា និងជប៉ុនឲ្យកាន់តែប្រសើរឡើងថែមទៀត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឲ្យដឹងថា ក្រសួងអប់រំ នឹងជ្រើសរើសយុវជនចំនួន១២រូប ក្នុងនោះមានស្រី៦រូប និងប្រុស៦រូប ដើម្បីទៅចូលរួមសន្និសីទនិស្សិតអាស៊ាន និងជប៉ុន រយៈពេល៩ថ្ងៃ ពោលគឺនៅថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ដែលរាល់ការចំណាយផ្សេងៗ នៃសន្និសីទនិស្សិតអាស៊ាន និងជប៉ុននេះ គឺជាបន្ទុករបស់ភាគីជប៉ុនទាំងស្រុង។
សេចក្ដីជួនដំណឹងខាងលើបានបន្តថា បេក្ខជនដែលក្រសួងជ្រើសរើសត្រូវមានយុវ ចាប់ពី១៨ ទៅ៣៥ឆ្នាំ ត្រូវចេះភាសាអង់គ្លេស គោរពវិន័យល្អ លះបង់ពេលវេលា មានភាពជាអ្នកដឹកនាំ មានគំនិតច្នៃប្រឌិត និងនវានុវត្តន៍ មានចំណេះដឹងខាងបរិស្ថាន អប់រំ និងអាស៊ាន ហើយមិនធ្លាប់បានចូលរួមកម្មវិធីដែលរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុននៅប្រទេសជប៉ុនឡើយ។
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចមកទទួលពាក្យ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅការិយាល័យរដ្ឋបាល នៃនាយកដ្ឋានយុវជន អគារលេខ ១៥២ មហាវិថីព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ ទំនាក់ទំនងដាក់ពាក្យតាមរយៈលេខទូរស័ព្ទ០១២ ៩៣៥ ៣៥៧ ។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងយុវជន និងកីឡាបានឲ្យដឹងថា ការផ្លាស់ប្ដូរបទពិសោធន៍ នៃចំណេះជំនាញរបស់យុវជន វាងប្រទេស នៃអាស៊ាននេះ គឺជាការចូលរួមយ៉ាងសំខាន់ នៃភាគីប្រទេសក្នុងអាស៊ាន ដើម្បីកសាងសមត្ថភាពយុវជន នៃប្រទេសនីមួយៗ ក្នុងគោលដៅ យកចំណេះជំនាញទាំងនោះ មកអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។
លោកបន្តថា ការចូលរួមរបស់យុវជនកម្ពុជា គឺផ្នែកមួយសំខាន់ណាស់ ដែលរដ្ឋាភិបាលកម្ពុជារំពឹងទុក ហើយក្រសួងអប់រំយុវជន និងកីឡា ក៏ជឿជាក់ដែលថា យុវជនកម្ពុជា១២រូបនោះ នឹងទទួលបានចំណេះដឹងផ្សេងៗ ដែលបានមកពីសន្និសីទនិស្សិតអាស៊ាន និងជប៉ុននេះ មកចែករំលែកដល់យុវជនកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments