បន្ទាយមានជ័យ ៖ យុវជនឈាមរាវម្នាក់ខឹងគេរៀបការនឹងសង្សាររបស់ខ្លួន ខឹងពេកទៅវាយជនរងគ្រោះឲ្យរបួសនៅវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្រោយមកក៏ត្រូវបានកម្លាំងអាវុធហត្ថស្រុកព្រះនេត្រព្រះដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ចុះបង្ក្រាបជនសង្ស័យរូបនេះ នៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានឲ្យដឹងទៀតថា ជនសង្ស័យ មាន ឈ្មោះ ឃន់ ពាង ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិតាសល់ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុនោះ ជនសង្ស័យបានវាយមកលើជនរងគ្រោះជាច្រើនដៃ បណ្តាលឲ្យរងរបួសស្រាលផ្នែកក្បាល និងផ្ទៃមុខ និងគំរាមថាយកគ្រាប់បែកមកគប់សម្លាប់មួយផ្ទះទៀតផង ដោយមិនដឹងមូលហេតុ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូន ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរបន្ត។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញធ្វើការសាកសួរ ដោយគេបានសារភាពថា ការវាយរងគ្រោះនោះដោយសារខឹងខ្លាំងពេក រឿងជនរងគ្រោះរៀបការជាមួយសង្សាររបស់ខ្លួន។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យខាងលើ អាចត្រូវចោទពីបទគំរាមសម្លាប់ និងវាយទៅលើជនរងគ្រោះឲ្យរបួស។ បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments