បន្ទាយមានជ័យ ៖ យុវជនវ័យក្មេងម្នាក់ បានល្បួងក្មេងស្រីយកទៅផ្ទះសំណាក់ ហើយបានដាក់ថ្នាំសណ្ដំរួចចាប់រំលោភរហូតដល់មានផ្ទៃពោះ។ ក្រោយមក ក៏គេចខ្លួនមករស់នៅ ជាមួយមិត្តភក្ដិនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានកម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បើកកិច្ចសហការជាមួយកម្លាំងជំនាញបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យរូបនេះ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការសាកសួរជនសង្ស័យ ឈ្មោះ រន វីរ៉ា ភេទ ប្រុស អាយុប្រហែល ២១ឆ្នាំ រស់នៅផ្ទះលេខ៩៨ ផ្លូវលេខ២២ បុរីពិភពថ្មី២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយគេបានប្រាប់កម្លាំងអាវុធហត្ថថា នៅមុនពេលកើតហេតុនោះ ខ្លួនបានប្រើថ្នាំខ្លាំងពេក ធ្វើឲ្យបាត់បង់ស្មារតី ក៏ទៅល្បួងក្មេងស្រីរងគ្រោះយកទៅដេកផ្ទះសំណាក់ ហើយបានដាក់ថ្នាំសណ្តំរំលោភរហូតដល់មានផ្ទៃពោះ ៤ខែ ២១ថ្ងៃ គិតរហូតមកដល់ថ្ងៃនេះ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ឲ្យដឹងទៀតថា យោងតាមរបាយការណ៍ របស់កម្លាំងជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ខ្លួនបានរកឃើញលិខិតបណ្តាំមួយសន្លឹករបស់កូនស្រីជាជនរងគ្រោះឈ្មោះ ជ.យ.ល អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ក្នុងអត្ថន័យថា កូនមានកំហុសធ្ងន់ណាស់ចំពោះម៉ាក់ កូនសុំលាម៉ាក់ទៅឆ្ងាយហើយ សូមកើតជាតិណាៗក្លាយជាកូនម៉ាក់ម្តងទៀតពាក្យទាំងនេះសបញ្ជាក់ថា ក្មេងស្រីរងគ្រោះអាចនឹងគិតខ្លីតាមរយៈសកម្មភាពណាមួយ ដែលអាចបណ្តាលឲ្យមានការសម្លាប់ខ្លួនទើបម្តាយសួរនាំរកហេតុផល ទើបកូនស្រីប្រាប់ថានាងត្រូវបានបុរសម្នាក់ឈ្មោះ រន វីរ៉ា អាយុប្រហែល ២១ឆ្នាំ ដាក់ថ្នាំសណ្តំយកទៅរំលោភនៅក្នុងបន្ទប់ផ្ទះសំណាក់។
បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងជំនាញបានកសាងសំណុំឯកសារប្រគល់ជនសង្ស័យទៅកម្លាំងជំនាញការិយាល័យបទល្មើសជួញដូរមនុស្សកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments