Ad Code

ប្រើប្រាស់​ថ្នាំញៀន​ដល់​កម្រិត​ យក​កាំបិត​ទៅ​អារ.ក មន្ត្រី​យោធា​ម្នាក់ ​របួសធ្ងន់​



​តាកែវ ៖ មន្ត្រី​យោធា​ម្នាក់ ​បាន​រង​របួស​ធ្ងន់ ​ខណៈ​ពេល​ដែល​ជនសង្ស័យ​ជា​មនុស្ស​ញៀន​ថ្នាំ​ម្នាក់​បាន​យក​កាំបិត​មក​អារ.ក ដើម្បី​ជម្រះ​គំនុំ​ចាស់​។​

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨​និង​២០​នាទី ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ ឈ្មោះ សង សារ៉ាត់ ហៅ​ឆិ​ច ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ​រស់នៅ​ភូមិ​ល្វេ​ថ្មី ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្ត​តាកែវ មុខរបរ​កសិករ​។ បើតាម​ប្រភព​ពី​អ្នកជិតខាង​បាន​បញ្ជាក់​ថា​ ជន​សង្ស័យ​ទើប​ចេញពី​ជក់​សារធាតុ​ញៀន​នៅ​ព្រៃ​ខាងកើត​ផ្ទះ​ ក៏​ដើរចូល​ទៅផ្ទះ​ជនរងគ្រោះ​ដែល​មាន​ឈ្មោះ ទូច បញ្ញា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ផ្ទះ​ជិត​គ្នា​ មាន​មុខរបរ​មន្ត្រី​យោធា​សឹក​រង​តាកែវ​។

ប្រភព​ដដែល​បន្តថា ជនរងគ្រោះ​កំពុង​អង្គុយ​លើ​កៅអី​មើល​ទូរទស្សន៍​នៅក្នុង​ផ្ទះ​សុខៗ ស្រាប់តែ​ជនសង្ស័យ​ទៅផ្ទះ​របស់​គេ​យក​កាំបិត​កញ្ឆែត​ចូល​ទៅ​អារ.ក ជនរងគ្រោះ​ឆៅៗ​ដោយ​ពុំ​ដឹង​ខ្លួន បណ្ដាល​ឲ្យ​មាន​របួសធ្ងន់​ នៅត្រង់ ​ក ​ផ្នែក​ខាងមុខ​ និង​របួស​ស្នាម​នៅ​ប្រអប់ដៃ​ឆ្វេង​។

ឃើញ​ដូច​នោះ​ ឈ្មោះ ម៉ុក សោភា ជា​ប្រពន្ធ និង​ឈ្មោះ ប៉ូ ពិសី ជា​កូនស្រី​បាន​ចូល​ទៅ​ជួយ​ចាប់ ជនសង្ស័យ​បាន​ជាមួយនឹង​វត្ថុតាង​នៅខាងមុខ​ផ្ទះ​។

នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បានបញ្ជាក់​ថា ​ខ្លួន​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ​ជា​យូរ​មកហើយ​ ដោយ​ជនរងគ្រោះ​ធ្វើអំពើ​ដាក់​គេ​។​ ជា​លទ្ធផល​ ជំនាញ​បាន​ធ្វើតេស្ត​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ជនសង្ស័យ​។​

បច្ចុប្បន្ន​ ជនសង្ស័យ ​ក្នុងករណី​បង្ក​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​ខាងលើនេះ​ ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត​តាកែវ​ចាត់ការ​តាម​នីតិវិធី​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu