ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នេះ បានអនុញ្ញាតឲ្យលោកឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅវិមានព្រឹទ្ធសភាមុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសអេហ្ស៊ីប។
នៅក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរ ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល។ ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើចំពោះលោកត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យបានល្អដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល។ ដើម្បីសម្រេចបំណងនេះ ត្រូវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែលឲ្យបានល្អប្រសើរ។ បន្ថែមលើនេះត្រូវឲ្យគេយល់អំពីសភាពការណ៍ពិតនៅប្រទេសកម្ពុជា ដើម្បីទាក់ទាញឲ្យគេគាំទ្រប្រទេសកម្ពុជាទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនជូនដល់លោកឯកអគ្គរាជទូត ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាព ការណ៍នៅកម្ពុជាជូនដល់សាធារណៈ មតិជាតិ និងអន្តរជាតិ ជាពិសេស នៅប្រទេសដែលកំពុង បំពេញភារកិច្ច និងត្រូវផ្តល់ព័ត៌មានឲ្យបានរហ័សចំពោះសភាពការណ៍នយោបាយក្រៅប្រទេសដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញអ្នកវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជាឲ្យបានកាន់តែច្រើន។
លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល បានប្តេជ្ញា នៅចំពោះមុខ សម្តេចប្រធានព្រឹទ្ធសភា ថា នឹងខិតខំបំពេញភារកិច្ចជាតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកទូតក៏បានសន្យាថានឹងខិតខំអនុវត្តតាម អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា ហើយថានឹងខិតខំថែរក្សាផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង សហប្រតិបត្តិការ ជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត និងខិតខំទាក់ទាញអ្នកវិនិយោគិន និងអ្នកទេសចរ ឲ្យមកកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments