ភ្នំពេញ ៖ រយៈពេល១០ខែដើមឆ្នាំ២០១៨ សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបង្ក្រាបជនបរទេសខុសច្បាប់បានជិត១០០០នាក់ ភាគច្រើនជាជនជាតិចិន ក្នុងនោះ សមត្ថកិច្ចក៏បានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់បានចំនួន១៤៩៦៥នាក់ផងដែរ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ។
នាយឧត្តមសេនីយ៍ កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ថា សម្រាប់រយៈពេល១០ខែដើមឆ្នាំ២០១៨ គឺគិតត្រឹមខែតុលា សមត្ថកិច្ចអន្តោប្រវេសន៍បានឃាត់ខ្លួនជនបរទេស ទាក់ទងនឹងបទល្មើសទាំងអស់មានចំនួន៩៨២នាក់ ដែលមាន៥០សញ្ជាតិ ប៉ុន្តែក្នុងនោះភាគច្រើនជនជាតិចិន ដែលមាន៤១២នាក់, វៀតណាម២០៣នាក់, កូរ៉េខាងត្បូង១៧នាក់ និងជនជាតិផ្សេងៗទៀត។ តាមនាយឧត្តមសេនីយ៍ កែវ វណ្ណថន បទល្មើសដែលត្រូវបានបង្ក្រាបភាគ ជាបទល្មើស VOIP (ករណីចាប់ជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណិត) តែក្នុងនោះក៏មានបទល្មើសអន្តោប្រវេសន៍ខ្លះៗដែរ ដែលចូលមកប្រកបមុខរបរខុសច្បាប់ គ្មានប័ណ្ណការងារ និងជ្រៀតចូលមកកម្ពុជា ដោយខុសច្បាប់ ហើយករណីខ្លះជាការស្នាក់នៅហួសទិដ្ឋាការ។
ចំណែកជនបរទេសខុសច្បាប់ ដែលត្រូវបានបណ្តេញចេញរយៈពេល១០ខែ គឺត្រឹមខែតុលា មានចំនួន១៤៩៦៥នាក់ ដែលមាន៩១សញ្ជាតិ ដូច្នេះការបណ្តេញចេញមានចំនួនច្រើនជាង។ នាយឧត្តមសេនីយ៍ កែវ វណ្ណថន ពន្យល់ថា ចំនួន៩៨២នាក់ គឺជាចំនួនជនបរទេស ដែលត្រូវឃាត់ខ្លួនទាក់ទងការបង្កបទល្មើស។ ដោយឡែកការបញ្ជូនចេញ ដែលមានរហូតដល់១៤៩៦៥នាក់ គឺជាជនបរទេស ដែលបានឃាត់ខ្លួនតាំងពីមុនៗមក ហើយខ្លះត្រូវបញ្ជូនចេញនៅតាមខេត្ត ទើបធ្វើឲ្យតួលេខនេះខុសគ្នា។
ទាក់ទងការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងការដកយកឯកសារមិនប្រក្រតីពីជនបរទេស នាយឧត្តមសេនីយ៍ កែវ វណ្ណថន អះអាងថា គិតត្រឹមខែតុលា ឆ្នាំ២០១៨ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានដកហូតឯកសារ (ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី) មិនប្រក្រតីពីជនបរទេសបានចំនួន៣២០៤៣ឯកសារ។ នាយឧត្តមសេនីយ៍បញ្ជាក់ថា ឯកសារមិនប្រក្រតីនេះ ប្រើប្រាស់ដោយជនជាតិវៀតណាម ហើយឯកសារទាំងនោះ មានដូចជា ផាស្ព័រ អត្តសញ្ញាណប័ណ្ណ ប័ណ្ណគ្រួសារ និងប័ណ្ណស្នាក់នៅផ្សេងៗជាដើម។
ដោយឡែកតាមរបាយការណ៍ដែលការិយាល័យយើងទទួលបានបញ្ជាក់ថា ចាប់តាំងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បង្កើតឡើងកាលពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួន ក៏ដូចជាទទួល និងបណ្តេញជនបរទេសខុសច្បាប់បានចំនួន១៤៩០៩នាក់ មាន៩៣សញ្ជាតិ ក្នុងនោះស្ត្រីមានចំនួន២៥៤៨នាក់ ហើយចំពោះជនជាតិចិនភាគច្រើនប្រព្រឹត្តិបទល្មើស២ប្រភេទគឺ បទល្មើសគំរាមជំរិត ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (អ៊ីនធឺណិត) VOIP និងបទល្មើសសេដ្ឋកិច្ច។
សូមបញ្ជាក់ថា ទាក់ទងបញ្ហានេះ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍កម្ពុជា ក៏បានបញ្ជូនជនជាតិចិន ប្រុស ស្រី ប្រមាណ២៣២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយសមត្ថកិច្ចនគរបាលចិនយកយន្តហោះពិសេសមកទទួលដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញតែម្តង។ ការបញ្ជូនជនជាតិចិន ប្រុស ស្រី ទាំង ២៣២នាក់ ជាប់ពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត ( VOIP)។
តាមសមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យជនជាតិចិន ប្រុស ស្រី ទាំង២៣២នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត (VOIP) ទាំងនេះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខេត្តតាកែវ បង្ក្រាបចំនួន ០៤ទីតាំងផ្សេងគ្នា កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments