កណ្តាល ៖ លោក គឹម រ័ត្នណារិន អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមស៊ើបសួរ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួនបុរសជនជាតិចិនម្នាក់ដែលបើករថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់នៅស្រុកកណ្តាលស្ទឹង ដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមបទចោទ "បើកបរបណ្តាលឲ្យរបួសអ្នកដទៃដោយអចេតនា" ដែលប្រព្រឹត្តនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ ៣ គីឡូម៉ែត្រលេខ ២៤-២៥តាមមាត្រា៨៣ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជនត្រូវចោទមានឈ្មោះ Liu shi quan(លាវ ស៊ីឈ័ន) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន សញ្ជាតិចិន ស្នាក់នៅរាជធានីភ្នំពេញ រីឯជនរងគ្រោះឈ្មោះ ឡាក់ ធា(កាំង) ភេទប្រុស អាយុ៤៦ឆ្នាំនៅភូមិ ស្វាយមីង ឃុំ បារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បើតាមរបាយការណ៍របស់នគរបាលស្រុកកណ្តាលស្ទឹងបានបញ្ជាក់ថា នៅថ្ងៃកើតហេតុវេលាម៉ោង១៥និង៣០នាទី នៅចំណុចជិតស្ពាន ៧មករា ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លើផ្លូវជាតិលេខ ៣ គីឡូម៉ែត្រលេខ ២៤-២៥ មានម៉ូតូ ១គ្រឿង ម៉ាកសង់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AL-1187 បើកបរដោយឈ្មោះ ឡាក់ ធា (ហៅកាំង) ភេទប្រុសជិះម្នាក់ឯង បើកបរក្នុងទិសដៅពីត្បូងមកជើង(ពីតាកែវមកភ្នំពេញ)ពេលមកដល់កន្លែងកើតហេតុខាងលើ បានបុកនឹងរថយន្ត ១គ្រឿងម៉ាក Tacoma ធុនតូច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8519 បើកបរដោយឈ្មោះ Liu shi quan (លាវ ស៊ី ឈ័ន)ជនជាតិ ចិន បើកបរក្នុងទិសដៅពីជើងទៅត្បូង(ពីភ្នំពេញទៅតាកែវ) ហើយបត់ឆ្វេងឆ្លងផ្លូវ ត្រូវចំចង្កៀងមុខខាងស្ដាំ បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ ចំពោះអ្នកបើកបររថយន្តត្រូវបាន(ឃាត់ខ្លួន) នៅអធិការដ្ឋានជាបណ្ដោះអាសន្ន បើកបរគ្មានប័ណ្ណបើកបរ និង គ្មានលិខិតឆ្លងដែន។
តាមការសន្និដ្ឋានករណីនេះ បង្កឡើងដោយរថយន្ត បើកបរមានការធ្វេសប្រហែស ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ។ ចំពោះវត្ថុតាងរថយន្ត និង ម៉ូតូដែលពាក់ព័ន្ធករណីខាងលើកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន៕
Source: Kampuchea Thmey Daily
0 Comments