ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានជំរុញឲ្យពលរដ្ឋខ្មែរដែលកាន់អត្តសញ្ញាណប័ណ្ណគំរូចាស់និងពលរដ្ឋគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីឲ្យបានគ្រប់ៗគ្នាខណៈកាលបរិច្ឆេទនឹងផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
លោកឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណខ្មែរនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានថ្លែងកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ បានណែនាំឲ្យប្រជាពលរដ្ឋទាំងពីរភេទ ដែលកាន់អត្តសញ្ញាណប័ណ្ណខ្មែរគំរូចាស់និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើងដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីត្រូវរួសរាន់ទៅបំពេញបែបបទស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដើម្បីធានានូវសិទ្ធិសេរីភាពនិងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួន។
លោកឧត្តមសេនីយ៍ឯក ឃៀវ សុគន្ធាបានមានប្រសាសន៍ថា ការជំរុញឲ្យប្រជាពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ ដោយសារតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់នឹងត្រូវអស់សុពលភាពប្រើប្រាស់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះហើយ។
លោកឧត្តមសេនីយ៍ឯកបានបន្តថា ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះគឺប្រជាពលរដ្ឋត្រូវទៅធ្វើនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ឬ អធិការដ្ឋាននគរបាលរាជធានី ខេត្តដែលខ្លួនរស់នៅឬស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅផ្សារអ៊ីអនម៉ល២សែនសុខដោយភ្ជាប់ជាមួយនូវសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់។
លោកឧត្តមសេនីយ៍ឯកបានបន្ថែមថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានធ្វើការផ្សព្វផ្សាយតាមបណ្តាញព័ត៌មាននានានិងនៅតាមបណ្តាភូមិឃុំទូទាំងប្រទេសដើម្បីឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានដឹងនិងនាំគ្នាមកធ្វើឲ្យបានគ្រប់គ្នារួមទាំងជនបរទេស ដែលទទួលបានសញ្ជាតិជាខ្មែរខណៈកាលបរិច្ឆេទ នៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះនឹងផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
លោកស្រី ស៊ាន សុខា រស់នៅរាជធានីភ្នំពេញបានគាំទ្រចំពោះការអំពាវនាវរបស់អគ្គនាយដ្ឋានអត្តសញ្ញាណកម្មនេះព្រោះថា ការមានអត្ថសញ្ញាណប័ណ្ណអាចបញ្ជាក់ពីភាពស្របច្បាប់របស់ប្រជាពលរដ្ឋម្នាក់ៗដែលមានសិទ្ធិស្រច្បាប់ក្នុងការរស់នៅ ធ្វើការនិងដើរហើរព្រមទាំងអាចយកទៅប្រើប្រាស់នៅក្នុងការងារផ្សេងៗទៀតផងដែរ។
នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ ធ្លាប់បានលើ កឡើងថា បច្ចុប្បន្ននេះ មានពលរដ្ឋខ្មែរប្រមាណជាង ១០លាននាក់បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ខណៈនៅសល់ប្រមាណជាង២០ម៉ឺននាក់ទៀតនៅមិនទាន់បានធ្វើនៅឡើយ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីនេះដែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានចេញសេចក្តីអំពាវនាវម្តងរួចមកហើយកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ៕
Source: Kampuchea Thmey Daily
0 Comments