បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះនៅសាលាវិទ្យាល័យស្វាយចេក ស្ថិតក្នុងភូមិ ស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោកលី សារី អភិបាលរងខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ លោកឈើយ ចាន់ណា សមាជិកព្រឹត្តិសភាខេត្តបន្ទាយមានជ័យ និងសមាជិកសាខាកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមជាច្រើននាក់ទៀតបានចូលរួមផងដែរ។
ក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ អ្នកស្ម័គ្រចិត្តដើម្បីសហគមន៍នោះ លោក ឡាចប៊ុនលឺម អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាមលោកអនុប្រធានកិត្តិយសគណៈកម្មាធិការសាខាខេត្ត សូមលើកទឹកចិត្តដល់អ្នកក្រុមស្ម័គ្រចិត្តក្នុងការបេសកកម្មមនុស្សធម៌ជួយដល់សហគមន៍ ដើម្បីឆ្លើយតបគ្រោះមហន្តរាយផ្សេងៗ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ជាសាខាមួយក្នុងចំណោមសាខាទាំង២៥រាជធានី ខេត្ត។ សាខានេះត្រូវបានបង្កើតឡើងដោយរដ្ឋបាលខេត្តបន្ទាយមានជ័យនៅឆ្នាំ១៩៩០ស្ថិតនៅអាណត្តិទី២ របស់សហគមន៍ជាតិកាកបាទក្រហមកម្ពុជាឆ្នាំ១៩៩៨ ក្រោមការដឹកនាំរបស់លោកជំទាវប៊ុនរ៉ាន ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ហើយនៅឆ្នាំ១៩៩២កម្មវិធីអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមមានភារកិច្ចជួយដល់អ្នករងគ្រោះមហន្តរាយ មនុស្សធម៌ ការងារអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ ហើយក្នុងវិស័យទាំង៤នេះមិនអាចខ្វះបាន។ រាល់ថ្ងៃនេះនៅខេត្តបន្ទាយមានជ័យនេះមានអ្នកស្ម័គ្រចិត្តកាកបាទក្រហមសរុបមានចំនួនជាង១.០០០នាក់ កំពុងធ្វើសកម្មភាពប្រកបដោយឆន្ទៈ។ អ្នកស្ម័គ្រចិត្តកាកបាទក្រហមមានភារកិច្ចជួយដល់ជនងាយរងគ្រោះដូចជាគ្រោះមហន្តរាយ គ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រាផ្ទុកមេរោគអេដស៍។
ក្នុងនោះដែរ លោក លី សារី បានមានប្រសាសន៍ដែរថា លោកបានធ្វើការកោតសរសើរយ៉ាងខ្លាំងដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមទាំងអស់ ដែលខិតខំធ្វើសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមក្នុងឆ្នាំ២០១៨នេះកន្លងមកក្នុងវិស័យការគ្រប់គ្រងគ្រោះមហន្តរាយ វិស័យសុខភាពនិងថែរក្សាសុខភាពក្នុងសហគមន៍ វិស័យលើកកំពស់គោលការណ៍គ្រឹះនិងតំលៃមនុស្សធម៌របស់ចលនា ការងារអភិវឌ្ឍន៍ស្ថាប័ន និង ការអភិវឌ្ឍន៍ធនធាន។ ហើយក្នុងនាមលោកជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអំពាវនាវចំពោះយុវជន និងស្ម័គ្រចិត្តកាកបាទក្រហមទាំងត្រូវពង្រឹងឆន្ទៈ មនសិការ ចូលរួមមនុស្សធម៌តាមរយៈ ការស្ម័គ្រចិត្ត ឲ្យបានស័កសមដូចពាក្យ ស្លោកថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមគឺជាឆ្អឹងខ្នងរបស់ចលនា និងយុវជនកាកបាទក្រហមកម្ពុជាគឺជាភ្នាក់ងារនែការផ្លាស់ប្តូរ៕
Source: Kampuchea Thmey Daily
0 Comments