បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ខឹងគេផឹកស៊ីស្រែកឡូឡារំខានដល់ខ្លួនបានយកដាវកាប់ទៅលើជនរងគ្រោះដេរ២៤ថ្នេរ ក្រោយពីធ្វើសកម្មភាពរួចមិនបានមួយដង្ហើមចង្រិតផងត្រូវបានសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង១១យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចអគារថ្មី ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចប្រចាំក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនសង្ស័យមានឈ្មោះនិគម ប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរគ្មាន។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះជនរងគ្រោះមានឈ្មោះសុនជំនោរ អាយុ២៧ឆ្នាំ ភេទប្រុស រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមុខរបរគ្មាន បានផឹកស៊ីស្រែកឡូឡានៅមុខបន្ទប់ខ្លួនដោយខ្លួនទ្រាំមិនបាននិងការស្រែកឡូឡាបានយកដាវទៅចាប់ជនរងគ្រោះចំដើមទ្រូងបណ្តាលឲ្យរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដេរឡើង២៤ថ្នេរ ចំណែកជនដៃដល់វិញក្រោយពីធ្វើសកម្មភាពហើយគេចខ្លួនបាត់។
លុះដល់ថ្ងៃដដែលទើបជនរងគ្រោះមកប្តឹងរាយការណ៍សុំឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនល្មើសដាក់ទោសតាមច្បាប់។លុះដល់ថ្ងៃទី៧ ខែធ្នូ២០១៨ម៉ោង៣រសៀលទើបឃាត់ខ្លួនជនសង្ស័យបាន។ ក្រោយពីឃាត់ខ្លួនហើយជនសង្ស័យត្រូវបានសមត្ថកិច្ចយកមកសាកសួរនៅអធិការហើយបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែនដោយខឹងនឹងគេផឹកស៊ីឡូឡានៅមុនបន្ទប់ខ្លួន។ ដោយបានចំលើយហើយជនសង្ស័យត្រូវបានបញ្ជូនមកស្នងការខេត្ត និងបន្តឲ្យមន្ត្រីជំនាញកសាងសំណុំរឿងទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments