ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ បានថ្លែងនូវការសាទរនិងគាំទ្រចំពោះការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធកម្មសិទ្ធិបញ្ញាពិសេសឲ្យកាន់តែមានប្រសិទ្ធភាពលើការងារអនុវត្តន៍នៅកម្ពុជា។ លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្លែងបែបនេះខណៈទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោក Juneho Jang នាយកជាន់ខ្ពស់ប្រចាំតំបន់ផ្នែកអភិវឌ្ឍន៍ព័ត៌មានវិទ្យា (IT)នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅរសៀលថ្ងៃទី ព្រហស្បតិ៍ ១៤ រោជ ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះដៃគូសន្ទនាបានផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាមួយចំនួនមានដូចជា គម្រោងជំនួយបច្ចេកទេសរបស់អង្គការ WIPO ទាក់ទងនិងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា-ការបណ្តុះបណ្តាលមន្ត្រីក្រសួងឲ្យចេះប្រើប្រព័ន្ធស្វ័យប្រវត្តិកម្មផ្នែកកម្មសិទ្ធិឧស្សាហកម្ម (IPAS) -និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា(IT) សម្រាប់ប្រព័ន្ធកម្មសិទ្ធិឧស្សាហកម្ម ជាដើម។
លោក Juneho Jang នាយកជាន់ខ្ពស់ប្រចាំតំបន់ផ្នែកអភិវឌ្ឍន៍ព័ត៌មានវិទ្យា នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)បានថ្លែងថា អង្គការ WIPO បានរៀបចំដំឡើងប្រព័ន្ធ IPAS ដល់នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្មចាប់តាំងពីឆ្នាំ២០១៤ ក្នុងដំណាក់កាលមូលដ្ឋានសម្រាប់ប្រើប្រាស់ជារដ្ឋបាលផ្នែកកម្មសិទ្ធិឧស្សាហកម្ម (Industrial Design) និងប្រកាសនីយបត្រតក្កកម្ម (Patent)។
លោកបន្តថា អង្គការ WIPO បានដំឡើង Software នៃប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិឧស្សាហកម្ម (IPAS) ដល់នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម ព្រមទាំងការបណ្តុះបណ្តាលមន្ត្រី និងបញ្ជូនអ្នកជំនាញការមកត្រួតពិនិត្យ និងបង្ហាត់បង្រៀនផងដែរ។
លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ WIPO ចំពោះកិច្ចសហការល្អ និងការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការពង្រឹងវិស័យកម្មសិទ្ធបញ្ញានៅកម្ពុជា។ នៅក្នុងឱកាសនោះផងដែរ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ បានសម្រេចចិត្តភ្លាមៗ តាមការផ្តល់គំនិតរបស់តំណាងអង្គការ WIPO ក្នុងការដំឡើង Server ចំនួនពីរគ្រឿងក្នុងក្រសួង ជាប្រយោជន៍សម្រាប់សុវត្ថិភាពក្នុងការផ្ទុក និងរក្សា ឯកសារទិន្នន័យផ្នែកកម្មសិទ្ធិបញ្ញារបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។ ជាប្រយោជន៍សម្រាប់ការតភ្ជាប់វិស័យកម្មសិទ្ធិបញ្ញាពីប្រទេសមួយទៅប្រទេសមួយ ឬ ពីកម្ពុជា ទៅអង្គការ WIPO។ ម្យ៉ាងទៀតជាការទាញទំនុកចិត្ត និងជំរុញឲ្យវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា មានភាពជឿនលឿនទាន់និងការវិវឌ្ឍន៍នៃចរន្តពិភពលោក ដែលការតភ្ជាប់ផ្នែកបច្ចេកវិទ្យាមានសារៈសំខាន់សម្រាប់ការប្រកួតប្រជែងទីផ្សារ និងកំណើនសេដ្ឋកិច្ច។
ក្នុងឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិត បានស្នើដល់តំណាងអង្គការ WIPO បន្តជួយជំនួយបច្ចេកទេស ជាពិសេសការបណ្តុះ បណ្តាលមន្ត្រីឲ្យមានជំនាញផ្នែកព័ត៌មានវិទ្យា ដូចជា ឲ្យចេះការប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិឧស្សាហកម្ម ( IPAS) -និងការអភិវឌ្ឍន៍ប្រព័ន្ធ Online សម្រាប់ការបោះពុម្ពផ្សាយកម្មសិទ្ធិឧស្សាហកម្ម (Industrial Design) និងប្រកាសនីយបត្រតក្កកម្ម (Patent)ជាដើម៕
Source: Kampuchea Thmey Daily
0 Comments