ភ្នំពេញ ៖ នៅក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ក្រោយជំនួបពិភាក្សានៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម សម្តេចបានប្រាប់សមភាគីវៀតណាមថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសនោះទេ វាគ្រាន់តែជាព័ត៌មានចចាមអារ៉ាម ព័ត៌មានមិនពិត ព័ត៌មានភូតកុហក និងជាព័ត៌មានបំផ្លិចបំផ្លាញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់នៅចំពោះមុខអ្នកព័ត៌មានក្នុងសន្និសីទរួមគ្នានោះថា «មានរឿងមួយដែលខ្ញុំគួរជម្រាបអ្នកព័ត៌មានឲ្យបានជ្រាបច្បាស់ថា ក្នុងរយៈពេលប្រមាណជាង១ខែកន្លងទៅនេះ មានការឃោសនាច្រើនអំពីការត្រៀមរៀបចំដើម្បីកសាងមូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំក៏បានជម្រាបជូនថ្ងៃនេះជូនឯកឧត្តម ង្វៀន សួនហ៊្វុក និងគណៈប្រតិភូវៀតណាមឱ្យបានជ្រាបអំពីព័ត៌មានមិនពិតហើយជាការកុហកនិងបំផ្លិចបំផ្លាញ។ ខ្ញុំសូមបញ្ជាក់ជូននៅទីនេះបន្ថែមថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតអោយមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជានោះទេ ហើយក៏មិនអនុញ្ញាតឲ្យកងទ័ពកម្ពុជាចេញទៅក្រៅប្រទេសក្រៅក្របខណ្ឌអង្គការសហប្រជាជាតិដែរ»។
សម្តេចតេជោបានបន្តថា ចំណុចនេះវាមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ វាក៏អាចក្លាយទៅជាកង្វល់របស់បណ្ដាប្រទេសជិតខាង ក៏ដូចជាប្រទេសក្នុងតំបន់ផងដែរ។ ប្រសិនជាការឃោសនានេះនៅតែបន្តទៅទៀត ហើយខ្ញុំសង្ឃឹមថានឹងបញ្ចេញនូវពាក្យអាចាមអារាមដ៏អាក្រក់មួយនេះសម្រាប់កម្ពុជា។ លោក ង្វៀន សួនហ៊្វុក បានអរគុណចំពោះខ្ញុំចំពោះព័ត៌មាននេះនូវការបញ្ជាក់អះអាងរបស់ខ្ញុំជូនចំពោះគាត់អំពីបញ្ហាព័ត៌មានខាងលើនេះ។
សូមបញ្ជាក់នៅខែមុននេះ ព័ត៌មាន Asia Time បានចុះផ្សាយដោយលើកឡើងថា កម្ពុជាកំពុងផ្តល់មូលដ្ឋានសម្រាប់កងទ័ពចិន។ ព័ត៌មាននេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាព័ត៌មានចេតនាទុច្ចរិតមួយក្នុងការបង្កការភ័ន្តច្រឡំភាពអព្យាក្រឹត្យ និងអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាចង់អូសកម្ពុជាទៅក្នុងវិបត្តិណាមួយដែលជាបំណងដ៏ពិសពុល។
សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងការបរទេសកម្ពុជាបានចេញមកច្រានចោលជាបន្តបន្ទាប់ និងបានបញ្ជាក់យ៉ាងច្បាស់លាស់ពីជំហរ និងនយោបាយពាក់ព័ន្ធលើវិស័យយោធានៅកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments