ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យសមាគម វៀតណាម-កម្ពុជា បន្តខិតខំពង្រីកសកម្មភាពរបស់ខ្លួនក្នុងការបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើឡើងយ៉ាងដូច្នេះ ខណៈសមាគម វៀតណាម-កម្ពុជា បានមកចូលជួបសំដែងការគួរសមនឹងពិភាក្សាការងារជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសសម្តេចបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
នៅក្នុងជំនួបនេះ លោកប្រធានសមាគម វៀតណាម-កម្ពុជា បានគោរពជំរាបជូនសម្តេចតេជោថា សមាគមវៀតណាម-កម្ពុជា គឺមានសមាជិកច្រើនដែលធ្លាប់ធ្វើការនៅកម្ពុជាឬជាកូន ជាចៅ អតីតកម្មាភិបាលកងទ័ពវៀតណាម ដែលធ្លាប់បានចូលរួមចំណែកជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។
ជំនួបសម្តែងការគួរសមនេះក្នុងគោលដៅដើម្បីបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសសមាគមធ្លាប់ជួបជាមួយសម្តេចពីមុនហើយដែរ ហើយការជួបជាមួយសម្តេចនៅពេលនេះ សម្តេចបានបើកច្រកឲ្យសមាជិកនៃសមាគម បានស្រាវជ្រាវអំពីកូនចៅ អតីតកម្មាភិបាល កងទ័ពវៀតណាម ដែលបានបាត់បង់គ្រួសារ សាច់ញាតិ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅវៀតណាមផងដែរ។
លោកប្រធានសមាគម ក៏បានរាយការណ៍ជូនសម្តេចថា សមាគម នេះ បានដើរតួនាទីយ៉ាងច្រើន ទាំងនៅក្នុងប្រទេសវៀតណាម និងកម្ពុជា ជាពិសេសបានរួមចំណែក ក្នុងការពង្រឹងទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ហើយសមាគមនេះ ក៏មានអតីតដែលជាឯកអគ្គរដ្ឋទូតវៀតណាមធ្លាប់ប្រចាំនៅកម្ពុជាផងដែរ។
សម្តេចតេជោក៏ជម្រាបជូន ប្រតិភូសមាគម វៀតណាម-កម្ពុជា ពីការរីកចម្រើនរបស់សមាគម និងបានសុំឲ្យសមាគម បន្តខិតខំពង្រីកសកម្មភាពរបស់ខ្លួនក្នុងការបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ៕
Source: Kampuchea Thmey Daily
0 Comments