ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថាគោលដៅ ៥ ពាន់លានដុល្លារ សម្រាប់ទំហំពាណិជ្ជកម្មរវាងប្រទេស កម្ពុជា-វៀតណាម គឺជាគោលដៅអាទិភាពដែលនាយករដ្ឋមន្ត្រីទាំងពីរចង់បាន ហើយសម្តេចសង្ឃឹមថា យើងនឹងសម្រេចនូវគោលដៅនេះ។ ឯបញ្ហាសេសសល់ ទៅលើបញ្ហាព្រំដែនយើងក៏បានខិតខំដោះស្រាយ ហើយថ្ងៃនេះក៏បានរកឃើញនូវចំណុចដើម្បីជំរុញការដោះស្រាយបន្តដើម្បីបញ្ចប់កិច្ចការងារនេះឲ្យបានឆាប់ថ្លែងនៅក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ក្រោយជំនួបពិភាក្សាទ្វេភាគីដែលបានធ្វើនៅទីក្រុងហាណូយប្រទេសវៀតណាម នាព្រឹកថ្ងៃទី ៧ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលជាលទ្ធផលធំបំផុតនៅក្នុងដំណើរទស្សនកិច្ចនេះគឺការពង្រឹងនិងពង្រីកជាបន្តទៅទៀតនៃចំណងទាក់ទងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនិងអនុស្សរណៈដែលយើងបានចោទទៅលើថា មិនមែនជាការចាប់ផ្ដើមទេ នេះគឺជាការបន្តការពង្រឹងនិងពង្រីកតទៅទៀតនូវកិច្ចការដែលយើងត្រូវធ្វើដើម្បីជំរុញទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរឡើង។
សម្តេចតេជោបានបន្តថាគោលដៅ ៥ ពាន់លានដុល្លារ សម្រាប់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺជាគោលដៅអាទិភាពដែលនាយករដ្ឋមន្ត្រីទាំងពីរចង់បាន ហើយខ្ញុំសង្ឃឹមថាយើងនឹងសម្រេចនូវគោលដៅនេះ។ បញ្ហាសេសសល់ទៅលើបញ្ហាព្រំដែនយើងក៏បានខិតខំដោះស្រាយ ហើយថ្ងៃនេះក៏បានរកឃើញនូវចំណុចដើម្បីជំរុញការដោះស្រាយបន្តដើម្បីបញ្ចប់កិច្ចការងារនេះឲ្យបានឆាប់។ សូមជម្រាបអ្នកសារព័ត៌មានឲ្យបានជ្រាបថា យុទ្ធសាស្ត្រធំពីររបស់ខ្ញុំកំពុងត្រូវបានអនុវត្តយុទ្ធសាស្ត្រទី១ គឺការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់នៅក្នុងប្រទេសកម្ពុជាឲ្យក្លាយទៅជាទីផ្សារនិងតំបន់អភិវឌ្ឍន៍ យុទ្ធសាស្ត្រនេះកំពុងសម្រេចបានជោគជ័យយ៉ាងធំធេង។ យុត្តិសាស្ត្រទី២ គឺការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចពិតជាមានការរីករាយដោយព្រំដែនកម្ពុជាវៀតណាមបច្ចុប្បន្ននេះក្លាយទៅជាព្រំដែនមិត្តភាព ហើយកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងមានកន្លែងមួយចំនួនដែលជាអតីតសមរភូមិកំពុងក្លាយទៅជាទីផ្សាររួចស្រេចទៅហើយ។ ចំណុចដែលអស់លោកអាចឃើញថ្ងៃនេះប្រមាណជាងមួយភាគបីនៃសមាជិករាជរដ្ឋាភិបាលកម្ពុជាបានរួមដំណើរជាមួយខ្ញុំមកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមដែលបង្ហាញឲ្យឃើញថាយើងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថាឆ្លងកាត់តាមទស្សនកិច្ចនេះទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរទាំងក្របខណ្ឌបក្ស ក្របខណ្ឌរដ្ឋ ក្របខណ្ឌអង្គការមហាជន ក្របខណ្ឌប្រជាជននិងប្រជាជន។
លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម បានមានប្រសាសន៍ថា នៅឆ្នាំ២០១៨ ប្រទេសវៀតណាមបានឈរលំដាប់ទី២ ជាប្រទេសដែលមានភ្ញៀវទេសចរទៅកាន់ប្រទេសកម្ពុជាស្មើនឹងប្រមាណ ៥សែននាក់។ ការចុះហត្ថលេខាលើកំណត់ហេតុព្រំដែនដែលបានបោះបង្គោលសម្រេចបានចំនួន ៨៤ ភាគរយ ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ប្រទេសទាំងពីរក្នុងការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
លោកបន្តថា ខ្ញុំនិងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឯកភាពដាក់ចេញនូវផែនការសហប្រតិបត្តិការជាមួយគ្នាតាមពាក្យស្លោកប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការនយោបាយនិងសន្តិសុខ ដើម្បីរក្សានូវស្ថិរភាពរវាងប្រទេសទាំងពីរ និង មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ទប់ស្កាត់អំពើឧក្រិដ្ឋកម្មឆ្លងដែន។ល។
នៅក្នុងសន្និសីទសារព័ត៌មាននោះ សម្តេចតេជោ ហ៊ុន សែន បាន សំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានអញ្ជើញសម្តេចនិងគណៈប្រតិភូកម្ពុជាមកទស្សនកិច្ចនៅវៀតណាមនិងបានទទួលសម្តេចយ៉ាងកក់ក្តៅ។
ប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ តែត្រូវបានកាត់ផ្តាច់នៅខែមីនា ឆ្នាំ១៩៧០ និងបានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ វៀតណាមនិងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណជាង១ពាន់២៧០គីឡូម៉ែត្រ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្នវៀតណាមគឺជាដៃគូវិនិយោគធំបំផុតទី៥ របស់កម្ពុជា ហើយការវិនិយោគរបស់ក្រុមហ៊ុនវៀតណាមនៅប្រទេសកម្ពុជាមានប្រមាណ ២០៦ គម្រោង ស្មើនឹងទឹកប្រាក់ ៣,០២ ពាន់លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនរបស់កម្ពុជា វិនិយោគនៅប្រទេសវៀតណាម មានត្រឹមតែ ១៨ គម្រោង ស្មើនឹងទឹកប្រាក់ ៥៨,១លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រសួងពាណិជ្ជកម្មកម្ពុជា។ ដោយឡែកទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងវៀតណាមវិញគឺនៅក្នុងឆ្នាំ២០១៧ ប្រទេសទាំងពីរសម្រេចបានចំនួនប្រមាណ ២,១៣ ពាន់លានដុល្លារអាមេរិកកើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦។ ការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតណាមនៅមានទំហំតូចគឺក្នុងឆ្នាំ ២០១៧ មានចំនួន ៣៤២ លានដុល្លារអាមេរិក។ ចំណែក វៀត ណាម វិញ នាំចូលមកកម្ពុជាក្នុងឆ្នាំ ២០១៧ មានចំនួនដល់ទៅប្រមាណ ១,៨ ពាន់លានដុល្លារអាមេរិក៕
Source: Kampuchea Thmey Daily
0 Comments