ភ្នំពេញ ៖ ហ្វូងសត្វគោនៅក្នុងខណ្ឌពោធិ៍សែនជ័យមិនមែនទើបតែពេលនេះនោះទេ ដែលគេប្រលែងចោលបែបអនាធិបតេយ្យអីចឹងនោះតែវាបានបង្កភាពអនាធិបតេយ្យបែបនេះជាយូរមកហើយ ទោះបីអាជ្ញាធរថ្នាក់សង្កាត់ខណ្ឌចុះចាប់ណែនាំដល់ម្ចាស់ស្ទើររាប់មិនអស់ក៏ដោយ ក៏ហ្វូងសត្វគោទាំងនេះ នៅតែបង្កភាពអនាធិបតេយ្យបែបនេះជាដដែល។
ប្រជាពលរដ្ឋបានលើកឡើងថា សត្វគោទាំងនេះត្រូវបានម្ចាស់មួយចំនួនចិញ្ចឹមហើយប្រលែងឲ្យដើរសេរីពាសវាលពាលកាល បង្កឲ្យប៉ះពាល់ សណ្តាប់ធ្នាប់ សម្បត្តិសាធារណៈ និងអាចបង្កឲ្យមានគ្រោះថ្នាក់ដោយសារសត្វគោទាំងនោះដើរឆ្លងផ្លូវ ដើរដោយសេរី ទាំងយប់ទាំងថ្ងៃម្ចាស់មិនដែលអើពើរវល់ពីការមើលថែទាំនោះឡើយ។ ហ្វូងគោទាំងនេះដើរត្រាច់ចរទាំងយប់ទាំងថ្ងៃ តាមផ្លូវសាធារណៈ ជាពិសេសនៅផ្លូវទំនប់កប់ស្រូវ ដែលស្ថិតនៅសង្កាត់៣មាន ព្រំប្រទល់ជាប់គ្នា មានសង្កាត់ចោមចៅទី៣សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ទោះជាកន្លងមកអាជ្ញាធរខណ្ឌ ដាក់បទបញ្ជាឲ្យមន្ត្រីតាមបណ្តាសង្កាត់ចាត់វិធានការចំពោះគោទាំងនោះ ដែលម្ចាស់ចិញ្ចឹមហើយ មិនរវល់ថែរក្សានិងធ្លាប់ហៅម្ចាស់ មកធ្វើការអប់រំពីការផលប៉ះពាល់យ៉ាងណាក៏សកម្មភាពនេះនៅដដែល។
បញ្ហានេះវាតែងកើតឡើងជារឿយៗដល់អ្នកធ្វើដំណើរតាមដងផ្លូវ រីឯម្ចាស់អ្នកចិញ្ចឹម មិនខ្វាយខ្វល់ ពីការប្រឈម បង្កគ្រោះថ្នាក់ដល់អ្នកដទៃអ្វីឡើយ។ ដោយឡែកនៅយប់ថ្ងៃទី៦ខែធ្នូឆ្នាំ២០១៨នេះ មានគោជាច្រើនក្បាល ដែលដើរតាមផ្លូវទំនប់កប់ស្រូវដើរ ពាសវាលពាសកាសខ្លះដេកនៅលើឃឿនពុះចែកទ្រូងផ្លូវ ខ្លះដេកតាមផ្លូវនិងខ្លះទៀតដើរស៊ីកាកសំណល់នៅតាមដងផ្លូវ មិនមាន អាជ្ញាធរ ក្នុងសង្កាត់ឈឺក្បាលនិងចាត់វិធានការនោះឡើយអាចប្រហែលមកពីពួកគាត់អស់លទ្ធភាពក្នុងការចាត់វិធានការហើយក៍មិនដឹង ព្រោះរឿងនេះវាមិនមែនទើបតែកើតឡើងនៅពេលនេះទេគឺវាបានកើតឡើងយូរហើយដោះស្រាយមិនចេញទេ៕
Source: Kampuchea Thmey Daily
0 Comments