Ad Code

ប្រពន្ធ​ស្លាប់​ ចំណែក​ប្តី​បាន​ត្រឹម​យំ​ឱប​សព​ ក្រោយ​បើកបរ​ម៉ូតូ​ទៅ​ប៉ះ​នឹង​រថយន្ត​ដឹក​ស្រូវ​ពេញ​ទំហឹង



តាកែវ ​៖​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បានកើត​ឡើង​រវាង​រថ​យន្ត​ធុន​ធ្ងន់​បុក​ជាមួយនឹង​ម៉ូតូ​ឌ្រី​ម​សង់​បណ្តាល​ឲ្យ​ប្រពន្ធ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​គួរ​ឲ្យ​រន្ធត់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បានកើត​ឡើង​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​និង​១០​នាទី​រសៀល ស្ថិតនៅ​រង្វង់​មូល​អូចំបក់ ក្នុងភូមិ​ប្រ​ហូត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ រវាង​រថយន្ត​ដឹកស្រូវ​ធុន​ធ្ងន់​ជាមួយនឹង​ម៉ូតូ​ក្នុងទិសដៅ​ខ្វែងគ្នា​។

តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ក្រុង​ដូន​កែវ​ប្រាប់ថា រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A 2518 ដែល​បើកបរ​ដោយ​ឈ្មោះ ថា​ន ប្រុស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត។ ចំណែក​ភាគី​ម្ខាង​ទៀត​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ 1GG 6197 ដែល​អ្នក​បើក​បរ​មាន​ឈ្មោះ ជ័យ សែន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រងរបួស​ស្រាល ចំណែក​អ្នករួមដំណើរ​ជា​ប្រពន្ធ​មានឈ្មោះ ឆ​ល សុខុម អាយុ​៤៣​ឆ្នាំ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ដែល​អ្នក​ទាំងពីរ​រស់​នៅ​ភូមិ​ធ្យា ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​ក្រោយ​កើតហេតុ​ប៉ូលិស​ក្រុង​ដូន​កែវ​បាន​ចុះ​ដល់​ធ្វើការ​វាស់វែង​និង​បាន​នាំយក​មធ្យោបាយ​ទាំងពីរ​គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ​ចំណែក​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu