អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប ម្នាក់ឈ្នះ ម្នាក់ចាញ់ថៃ នៅក្នុងការជួបប្រកួតគ្នាលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃសុក្រទី ០៧ធ្នូ ២០១៨ ។
ក្នុងនោះ ឡៅ ចន្ទ្រា អ្នកប្រដាល់ជើងខ្លាំងក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដែលបានទទួលស្វាគមន៍អ្នកប្រដាល់ជើងខ្លាំងថៃឈ្មោះKhumpetch Wor. Shungnuen មកជម្រះបញ្ជីនោះ ត្រូវបានចន្ទ្រាផ្តួលអោយសន្លប់ក្នុងទឹកទី៣ ។
ឡៅ ចន្ទ្រា គេបានវាយ Khumpetch អោយអាជ្ញាកណ្តាលរាប់៨នៅដើមទឹកទី៣ ដោយការប្រើកែងចំគុម្ពថ្គាមស្តាំ បណ្តាលអោយ Khumpetch ដួលស្រុតលើរេញ ។ប៉ុន្តែក្រោយអាជ្ញាកណ្តាលរាប់ដល់៨ Khumpetch បានក្រោកបន្តការប្រកួតទៀតបាន ។នៅពេលប្រកួតបន្តនោះ មិនបានមួយដង្ហើមទៀតផង Khumpetch ក៏ត្រូវឡៅ ចន្ទ្រា វាយកែងចំមុខទៀត ធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះដួលសន្លប់លែងក្រោកតែម្តង ។
សូមរម្លឹកឲ្យដឹងថា Khumpetchនេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានលើកហើយកន្លងមក គេវាយចាញ់ឡៅ ចន្ទ្រាដោយពិន្ទុនៅលើសង្វៀនSEATV កាលពីខែតុលាកន្លងទៅនេះ ។ ហេតុនេះហើយទើបគេឡើងមកសងសឹកវិញ តែត្រូវឡៅ ចន្ទ្រា វាយអោយសន្លប់ក្នុងទឹកទី៣នាពេលនេះ ៕
រិទ្ធ អាទិត្យ ហាលអាវជាស្ថាពរ ក្រោយចាញ់ ជុំចុងក្រោយ
ចំពោះជំនួបជុំចុងក្រោយខ្សែក្រវាត់គូបូតាទម្ងន់៥៤គីឡូក្រាម រវាង រិទ្ធ អាទិត្យ និង Kaorean thong វិញនោះ រិទ្ធ អាទិត្យបានចាញ់សន្លប់ក្នុងទឹកទី១ បន្ទាប់ពីត្រូវ Kaoreanthong ដាល់ចំមុខពេញៗ នោះ ។
ដូច្នេះ រិទ្ធ អាទិត្យ គេហាលអាវបានសម្រេចហើយ សម្រាប់ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់គូបូតានេះ ។ អាទិត្យ គេប្រកួត៥ជុំ គឺចាញ់ទាំង៥ប្រកួត ។យ៉ាងណា ការឡើងប្រកួតជុំចុងក្រោយនេះ រិទ្ធ អាទិត្យគ្រាន់តែប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ។
តែសម្រាប់ Kaoreanthong គេបានកក់កៅអីមួយកន្លែងហើយ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ក្នុងការប្រកួតជម្រុះ៥ជុំ កន្លងមកនេះ Kaoreanthong គេវាយឈ្នះអ្នកប្រដាល់កម្ពុជា៣ប្រកួត និងចាញ់២ប្រកួត ។ដូច្នេះ គេឈ្នះរិទ្ធ អាទិត្យមួយប្រកួតនេះទៀត គេបានឡើងទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់គូបូតារដូវកាលថ្មីទម្ងន់៥៤គីឡូក្រាមនេះ មានកីឡាករខ្លាំងចំនួន ១០រូប ចូលរួមប្រកួត ក្នុងនោះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៥រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ-ឡាវ ៥ រូប ។
អ្នកប្រដាល់មួយរូបៗ ទាំងខ្មែរ ទាំងថៃ និងឡាវ គឺត្រូវឆ្លងកាត់ការប្រកួតក្នុងម្នាក់ៗ ចំនួន ៥ ប្រកួតម្នាក់ ហើយអ្នកដែលមានពិន្ទុច្រើន២រូប ក្នុងមួយពូល ទាំងពូលខ្មែរ និង ពូលថៃ-ឡាវ នឹងត្រូវបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ ៕
Source: Kampuchea Thmey Daily
0 Comments