ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញឲ្យមានការដាំដើមឈើនៅតាមសាលារៀនឲ្យបានច្រើនថែមទៀត ដើម្បីបង្កើនភាពបៃតង និងការពារបរិស្ថាននៅក្នុងសាលារៀនឲ្យកាន់តែស្រស់ស្អាត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការដាំកូនឈើ និងការលើកកម្ពស់ ការយល់ដឹងអំពីបរិស្ថាន»កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នៅសាលាបឋមសិក្សាសន្ធរម៉ុក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការដាំដើមឈើនៅក្នុងសាលារៀននឹងជួយឲ្យសិស្សានុសិស្ស បានស្វែងយល់បន្ថែមអំពីការអភិរក្សបរិស្ថាន និងយល់ដឹងអំពីវិធីជួយធ្វើប្រទេសកម្ពុជា កាន់តែបៃតងក្នុងពេលអនាគត។ មិនតែប៉ុណ្ណោះ ពួកគេនឹងទទួលបានខ្យល់អាកាសបរិសុទ្ធនិងម្លប់ត្រឈឹងត្រឈៃសម្រាប់ការអានសៀវភៅឬរត់លេងផងដែរ។
លោក នេត្រ ភក្ត្រា បានបន្តថា «យើងសង្ឃឹមថា តាមរយៈការដាំដើមឈើទាំងនេះ សាលានឹងបន្ដខិតខំយកចិត្ដទុកដាក់ ចូលរួមចំណែកថែរក្សាបរិស្ថាន និងការពារធនធានធម្មជាតិ ជាពិសេសថែរក្សានូវកូនឈើ ដែលបានដាំនាពេលនេះ និងជួយជំរុញដល់ការដាំដុះដើមឈើឡើងវិញ នៅទូទាំងប្រទេស ស្របតាមគោលដៅអភិវឌ្ឍន៍សហប្រជាជាតិ នៅក្នុងការប្រយុទ្ធប្រឆាំង នឹងភាពរហោឋាន»។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ជាងនេះទៅទៀតការដាំដើមឈើនៅពេលនេះ ក៏ជាការបំផុសនូវស្មារតីឲ្យសិស្សានុសិស្សចេះ ស្រលាញ់បរិស្ថាន ស្រលាញ់ធនធានធម្មជាតិ ថែរក្សាការពារព្រៃឈើ ដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប ក្នុងចំណោមពលរដ្ឋកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ។
លោកបានបន្ថែមទៀតថា «តាមរយៈកម្មវិធីដាំកូនឈើ និងការណែនាំស្តីអំពីការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន»នេះ នឹងជួយជំរុញដើម្បីជំរុញការលើកកម្ពស់ការយល់ដឹង និងចូលរួមថែរក្សា អភិរក្សបរិស្ថាន ក៏ដូចជាបញ្ជ្រាបនូវការយល់ដឹងពីវិធានការនានា ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ក៏ដូចជាជីវិតលើភពផែនដីយើងនេះ។
ជាមួយគ្នានេះដែរលោករដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើទាំងអស់គ្នាព្រោះព្រៃឈើមានសារសំខាន់ណាស់ ក្នុងការជួយថែរក្សាលំនឹងបរិស្ថាន ផ្តល់ម្លប់ជ្របកោន ធ្វើជាសម្ភារៈប្រើប្រាស់ ធ្វើគម្របដីដាំទប់ការហូរច្រោះ ផ្តល់ជីវជាតិដល់ដីស្រែចម្ការ ស្រូបយកឧស្ម័នកាបូនិក សម្អាតបរិស្ថានឲ្យមានពណ៌បៃតងស្រស់បំព្រង។
ជាងនេះទៅទៀតធនធានព្រៃឈើជាតិ មិនត្រឹមតែជាតម្លៃសេដ្ឋកិច្ច និងការប្រើប្រាស់ប៉ុណ្ណោះទេ វាមានតម្លៃផ្សេងៗទៀតជាច្រើនដូចជា បរិស្ថាន វប្បធម៌ប្រវត្តិសាស្ត្រ ទេសចរណ៍ ការសិក្សាស្រាវជ្រាវប្រព័ន្ធការពារដី ការទប់ស្កាត់មិនឲ្យមានរហោលដ្ឋាន ឬឱនភាពដី ប្រព័ន្ធការពារជីវចម្រុះ ផ្តល់ជម្រកដល់មនុស្សសត្វលើផែនដី។
គួរបញ្ជាក់ថា សន្និសីទសារព័ត៌មានស្ដីពី «ការដាំកូនឈើ និងការលើកកម្ពស់ ការយល់ដឹងអំពីបរិស្ថាន»នេះ ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ ក្រោមការគាំទ្រថវិកា និងសម្ភារៈពីកម្មវិធីបេះដូងសប្បុរសណាហ្គាវើល តាមរយៈគម្រោងដាំកូនឈើ និងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន នៃកម្មវិធីកម្ពុជាបៃតង៕
Source: Kampuchea Thmey Daily
0 Comments