ភ្នំពេញ ៖ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាលើកឡើងបែបនេះ តាមរយៈអ្នកបកប្រែ ដែលជាការឆ្លើយតបសំណួរអ្នកសារព័ត៌មាន បន្ទាប់ពិធីប្រគល់រង្វាន់ដល់អ្នកថតរូបកាលពីល្ងាចថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានមានប្រសាសន៍ថា លោកស្វាគមន៍ចំពោះសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ពីព្រោះសេចក្ដីថ្លែងការណ៍នេះ មានចំណុចល្អច្រើន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាការបារម្ភរបស់សហភាពអឺរ៉ុប។
លោកបញ្ជាក់យ៉ាងនេះថា “ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ដែលបានធ្វើកាលពីដើមសប្ដាហ៍នេះ ដែលសេចក្ដីថ្លែងការណ៍នេះ មានចំណុចវិជ្ជមានជាច្រើន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាចំណុចបារម្ភ។ យើងក៏សូមធ្វើការស្វាគមន៍ផងដែរ ដល់ដំណើរការរបស់រដ្ឋសភាកម្ពុជា ដែលបានចាប់ផ្ដើមកាលពីថ្ងៃច័ន្ទ ក្នុងការធ្វើវិសោធនកម្មទៅលើសេចក្ដីស្នើច្បាប់ ស្ដីពីការគ្រប់គ្រងគណបក្សនយោបាយ”។
ឆ្លើយតបសំណួរ អ្នកសារព័ត៌មានមានសារប្រយោជន៍ដល់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែរឬទេ លោក George Edgar បានអះអាងថា ទាក់ទងទៅប្រព័ន្ធអនុគ្រោះពន្ធ (EBA) នេះ រាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប កំពុងធ្វើការប្រជុំគ្នា និងទំនាក់ទំនងគ្នាជាប្រចាំផងដែរ។
លោកបញ្ជាក់ថា “អីចឹងខ្ញុំមិនចង់ព្យាករណ៍ថា តើអ្វីទៅជាលទ្ធផល នៃការប្រាស្រ័យទាក់ទងគ្នារវាងរាជរដ្ឋាភិបាល និងសហភាពអឺរ៉ុបនោះទេ...ដំណើរការនេះ ជាដំណើរការមួយដ៏ស្មុគស្មាញ ដើម្បីធ្វើការពន្យល់ឲ្យបានក្បោះក្បាយនោះ ហើយបច្ចុប្បន្ននៅទីក្រុងព្រុចសែល ខាងគណៈកម្មការកំពុងតែដំណើរការ ក្នុងការដកយកមកវិញជាផ្លូវ នូវប្រព័ន្ធអនុគ្រោះពន្ធ (EBA)” ។
តាមលោក George Edgar ដំណើរការក្នុងចរចាគ្នាអំពីការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ជាដំណើរការដ៏ស្មុគស្មាញមួយ ហើយដំណើរការជាលក្ខណៈផ្លូវការនេះ វាត្រូវការពេលវេលាច្រើន ជាពិសេសក្នុងរយៈ៦ខែដំបូងនេះ វាត្រូវការពិភាក្សាគ្នា ចរចាគ្នារវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ហើយបន្ទាប់មកទៀត បញ្ហាដទៃទៀត នឹងអាចដោះស្រាយបាន បន្ទាប់ពីកិច្ចពិភាក្សារយៈពេល៦ខែទៅលើបញ្ហា ដែលមាននេះ។
លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបញ្ជាក់ថា ក្រោយពីដំណើរការមួយឆ្នាំ ទាក់ទងទៅនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ទើបមានការសម្រេចចិត្តថា នឹងត្រូវព្យួរទៅលើប្រព័ន្ធអនុគ្រោះពន្ធនេះ ឬក៏អត់ គឺត្រូវការរយៈពេលមួយឆ្នាំ។ ដូច្នេះបច្ចុប្បន្ននេះ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលកំពុងរៀបចំនៅឡើយ ហើយដំណាក់កាលជាផ្លូវការនោះ មិនទាន់ចាប់ផ្ដើមនៅឡើយទេ។
សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុប កាលពីថ្មីៗនេះ បានប្រកាសអំពីដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ក្នុងករណីដែលមិនមានការកែសម្រួលអ្វីមួយតាមការចង់បានរបស់ខ្លួន ប៉ុន្តែគម្រោងនេះ ត្រូវបានសភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ ៥ស្ថាប័នរបស់អឺរ៉ុប ដែលជាតំណាងឲ្យប្រទេសធំៗចំនួន៩ប្រទេសនៅអឺរ៉ុប បានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូន លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះការកំណត់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBAs) ចេញពីប្រទេសកម្ពុជានេះ។
ដោយឡែក តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សហភាពអឺរ៉ុប ប្រចាំអាស៊ីអាគ្នេយ៍ បានថ្លែងថា ប្រសិនបើមានការដកពន្ធអនុគ្រោះ EBA ពីកម្ពុជាមែននោះ ក្រុមហ៊ុនអឺរ៉ុបប្រមាណ៤០០ក្រុមហ៊ុន នឹងចាត់ទុកថា គណៈកម្មការអឺរ៉ុប អនុវត្ត EBA នេះ ជាឧបករណ៍នយោបាយបរទេសរបស់ខ្លួនសម្រាប់កម្ពុជា។
ចំណែកប្រជាពលរដ្ឋ ក៏ដូចជាមហាជន ក្រសួង ស្ថាប័នរដ្ឋ អ្នកនយោបាយ សហជីព កម្មករ តំណាងវិនិយោគនៅកម្ពុជាបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះព័ត៌មាន នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជានេះ និងបានទាមទារឲ្យសហភាពអឺរ៉ុបពិចារណាឡើងវិញ និងបានអះអាងថា អ្នកដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺអ្នកវិយោគអឺរ៉ុប កម្មករនិយោជិត និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
តាមរបាយការណ៍របស់គណៈកម្មការពាណិជ្ជកម្មអឺរ៉ុបបានឲ្យដឹងថា ឆ្នាំ២០១៧ កម្ពុជានាំចេញផលិតផលទៅទីផ្សារ EU មានទំហំជាង៥ពាន់លានដុល្លារ។ ចំណែកការនាំចេញនៅឆ្នាំ២០១៦វិញ មានទឹកប្រាក់ចំនួន៦២៥៩ លានដុល្លារអាមេរិក។
កម្ពុជា ទទួលបានការអនុគ្រោះពន្ធទាំងស្រុងពីទីផ្សារនេះ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មធ្លាប់បានបញ្ជាក់ថា បើគ្មានការអនុគ្រោះពន្ធទេនោះ កម្ពុជាត្រូវបង់ពន្ធចំនួន៦៧៦ លានដុល្លារអាមេរិក សម្រាប់ទំនិញសរុប ហើយទំនិញដែលកម្ពុជានាំទៅទីផ្សាររួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ វត្ថុធ្វើពីស្បែក កៅស៊ូ និងទោចក្រយានជាដើម។
ទាក់ទងបញ្ហានេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ សភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ ចំនួន៥ស្ថាប័ន នៅទ្វីបអឺរ៉ុប ដែលក្នុងនោះមានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា, សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំនៅកម្ពុជា(CCIFC) ,ក្រុមធុរកិច្ចអាល្លឺម៉ង់ប្រចាំនៅកម្ពុជា(ADW), សភាពាណិជ្ជកម្មអឺរ៉ុបខាងជើងប្រចាំនៅកម្ពុជា(NordCham),សមាគមធុរកិច្ចអ៊ីតាលីប្រចាំនៅកម្ពុជា ដែលជាតំណាងឲ្យប្រទេសធំៗចំនួន៩ប្រទេសនៅអឺរ៉ុប បានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូនលោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្មគណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBAs) ចេញពីប្រទេសកម្ពុជា។
ជាមួយនេះ សភាពពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា ក៏បានស្នើសុំជួបជាមួយ លោកស្រី Cecilia Malmstrom នៅក្នុងសម័យប្រជុំកំពូលរវាង អាស៊ី -អឺរ៉ុប នៅទីក្រុងព្រុចសែល ដើម្បីធ្វើការពិភាក្សាពីស្ថានភាពនៅក្នុងប្រទេសកម្ពុជានិងក្តីកង្វល់នានារបស់ផ្នែកឯកជនអឺរ៉ុបនៅកម្ពុជា។
លិខិតនេះក៏បានចម្លងជូន លោក Antonio Tajani ប្រធានសភាអឺរ៉ុប,លោកJean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប,លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងអនុប្រធានគណៈកម្មការអឺរ៉ុប, លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ,លោក Francisco Fontan ឯកអគ្គរដ្ឋ ទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន ,បណ្តាស្ថានទូតនៃប្រទេសរដ្ឋសមាជិក នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា និង ក្រុមប្រឹក្សានាយក នៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា។
នៅក្នុងលិខិតដែលមានរហូតជាង៣ទំព័រជាភាសាខ្មែរ និងជាភាសាអង់គ្លេសរបស់ស្ថាប័នធុរកិច្ចអឺរ៉ុបនៅកម្ពុជា ដែលតំណាងក្រុមហ៊ុនចំនួន៣៣៥ ដែលមាននិយោជិតជាង៥ ម៉ឺននាក់បានសម្តែងនូវក្តីកង្វល់យ៉ាងធ្ងន់ធ្ងរអំពីដំណើរការឆ្ពោះទៅរកការដកហូតភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនៅក្រោមរបប “អ្វីៗទាំងអស់លើកលែងតែគ្រឿងសព្វាវុធ” (EBAs) ចេញពីប្រទេសកម្ពុជា និងបារម្ភពីផលវិបាក ដែលការដកហូតនេះអាចបង្កឲ្យមានផលប៉ះពាល់ដល់ប្រយោជន៍ផ្នែកពាណិជ្ជកម្ម យូរអង្វែងរបស់សហភាពអឺរ៉ុប នៅក្នុងប្រទេសកម្ពុជា។
លិខិតបានសរសេរដោយធ្វើការពន្យល់ និងបកស្រាយដោយភាពច្បាស់លាស់ថា “ក្រោយពីបានជ្រាបអំពីសេចក្ដីប្រកាសដែលលោកស្រីបានធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ សេចក្ដីប្រកាសរួចមកសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា Eurocham សូមសម្ដែងក្តីកង្វល់ធ្ងន់ធ្ងរអំពីដំណើរការឆ្ពោះទៅការដកហូតភាពអនុគ្រោះផ្នែកពាណិជ្ជកម្មនៅក្រោមរបប “អ្វីទាំងអស់ លើកលែងតែគ្រឿងសព្វាវុធ” ចេញពីព្រះរាជាណាចក្រកម្ពុជា និងបារម្ភពីផលវិបាក ដែលការដកហូតនេះអាចបង្កឲ្យមានផលប៉ះពាល់ផ្នែកពាណិជ្ជកម្មយូរអង្វែងរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។
យើងខ្ញុំទទួលស្គាល់ថា ពេលនេះមិនទាន់មានការសម្រេចណាមួយត្រូវបានធ្វើឡើងដើម្បីព្យួរ ឬ ដកហូតឋានៈអនុគ្រោះ EBA ពីប្រទេសកម្ពុជានៅឡើយទេ ហើយយើងនៅតែសង្ឃឹមថា នឹងមានការចរចាបន្តទៅទៀត ដើម្បីស្វែងរកឲ្យឃើញនូវវិធីកាន់តែប្រសើរសម្រាប់ឆ្លើយតបទៅនឹងក្តីកង្វល់នានារបស់សហភាពអឺរ៉ុប។
លិខិតបានបន្តទៀតថា “ជាផ្នែកមួយ នៃដំណើរការតាមដានភាពអនុគ្រោះ EBA យើងខ្ញុំសូមធ្វើការសង្កត់ធ្ងន់ថា ក្នុងនាមតំណាងរបស់ផ្នែកឯកជន និងជាផ្នែកមួយនៃសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាយើងការពារគោលការណ៍ និងគុណតម្លៃរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសនេះ ហើយមានការប្ដេជ្ញាយ៉ាងរឹងមាំដើម្បីអភិវឌ្ឍទំនាក់ទំនងជាមួយផ្នែកឯកជនរបស់កម្ពុជា និងជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសកម្មភាពសហប្រតិបត្តិការដែលយើងខ្ញុំជឿជាក់ថា អាចធ្វើឲ្យការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាកាន់តែទទួលបានភាពប្រសើរឡើងថា ខ្លាំងថែមទៀត។ ប៉ុន្តែសេចក្តីសង្ឃឹមនេះនឹងមិនអាចទៅរួចទេនៅក្នុងបរិបទមួយដែលអាចនឹងមានការព្យួរភាពអនុគ្រោះ ឬការដាក់ទណ្ឌកម្មពីសំណាក់សហភាពអឺរ៉ុប ហើយយើងខ្ញុំសូមទទូចឲ្យសហភាពអឺរ៉ុបធ្វើការវាយតម្លៃឲ្យបានស៊ីជម្រៅជាងមុនសិន អំពីផលវិបាកដែលអាចបង្កឡើងដោយការព្យួរឋានៈភាពអនុគ្រោះក្រោមរបប EBA នេះ”។
ក្នុងលិខិតបានបញ្ជាក់ទៀតថា ខណៈដែលយើងខ្ញុំយល់នឹងចូលរួមចំណែករំលែកក្តីបារម្ភរបស់សហភាពអឺរ៉ុបអំពីការវិវត្តន៍ នៃសភាពការណ៍ថ្មីៗ ក្នុងប្រទេសកម្ពុជា យើងខ្ញុំសូមស្នើឲ្យរកផ្លូវធ្វើចំណាត់ការផ្សេងវិញដើម្បីលើកស្ទួយគុណតម្លៃរបស់សហភាពអឺរ៉ុប គឺតាមរយៈសកម្មភាពសហប្រតិបត្តិការជាជាងការអនុវត្តវិធានការព្យួរ ឬ វិធានការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងរបបអនុគ្រោះ EBA ។ គុណតម្លៃជាសកលដែលត្រូវយើងលើកនៅក្នុងសេចក្ដីប្រកាសរបស់លោកស្រី គឺពិតជាមានសារសំខាន់ដូចគ្នាដែរ សម្រាប់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា។
គុណតម្លៃទាំងនេះជាកត្តាជំរុញដល់ធុរកិច្ចរបស់យើងឲ្យកំណត់នូវសំណុំគុណតម្លៃដែលជានិច្ចកាលធ្វើជាមគ្គុទ្ទេសក៍នៅក្នុងបេសកកម្មតស៊ូមតិរបស់យើង។ ការពាក់ព័ន្ធរបស់យើងជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងផ្នែកគោលនយោបាយពាណិជ្ជកម្ម ជាលទ្ធផលបាននាំឲ្យមានការបង្កើត និងការអនុវត្តកំណែទម្រង់ដោយផ្អែកលើសៀវភៅសចំនួនពីរក្បាល ដែលកន្លងមកនេះទទួលបានការសរសើរយ៉ាងទូលំទូលាយថា ជាសក្ខីភាពនៃកិច្ចសន្ទនាប្រកបដោយជោគជ័យ និងបែបស្ថាបនារវាងផ្នែកឯកជន និងរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំ ដែលផ្តោតទៅលើការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចយូរអង្វែង និងការចូលរួមពាក់ព័ន្ធតាមបែបស្ថាបនាដែលអាចនាំប្រទេសឆ្ពោះទៅរកប្រជាធិបតេយ្យភាវូបនីយកម្ម។
ការអនុម័តយល់ព្រមដល់ការបើកនីតិវិធីព្យួរភាពអនុគ្រោះនេះ នឹងបំផ្លាញចោលអស់ទៅវិញនូវកិច្ចការតស៊ូមតិដែលមានប្រសិទ្ធភាពខ្លាំងដែលត្រូវបានធ្វើរួចមកហើយអស់ជាច្រើនឆ្នាំ ដែលកន្លងមកនេះបានធ្វើឲ្យបរិស្ថានធុរកិច្ចទទួលបានភាពល្អប្រសើរប្រកបដោយអត្ថន័យច្រើន។
នីតិវិធីនេះ ក៏បានដើរផ្ទុយទៅនឹងកម្មវិធី ICI+ Programme របស់សហភាពអឺរ៉ុបដែរ ដែលស្វែងរកការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយដៃគូពាណិជ្ជកម្ម ពីព្រោះថា វានឹងធ្វើឲ្យយើងជួបការលំបាកកាន់តែខ្លាំងឡើងដល់ការតស៊ូមតិឲ្យមានការពាក់ព័ន្ធកាន់តែធំធេងថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រសិនបើសហភាពអឺរ៉ុបត្រូវបានគេមើលឃើញថា កំពុងតែងាកចេញពីកិច្ចសន្ទនាដោយចំហដែលកំពុងតែត្រូវបានធ្វើ។
ជាមួយនឹងការពិចារណាអំពីតួនាទីរបស់យើងថា ជាតំណាងឲ្យសហគមន៍ធុរកិច្ចរបស់អឺរ៉ុប និងការទទួលខុសត្រូវរបស់យើងក្នុងការព្យាយាមពង្រីកការវិនិយោគរបស់អឺរ៉ុបនៅក្នុងប្រទេសកម្ពុជា យើងខ្ញុំអាចធ្វើការសង្កត់ធ្ងន់ជាមួយភាពប្រាកដប្រជាបានថា ការព្យួរភាពអនុគ្រោះ EBA គឺជាការប្រថុយប្រថានមួយនាំមកនូវផលប៉ះពាល់អវិជ្ជមានជាយូរអង្វែង។ ការព្យួរ ឬដាក់ទណ្ឌកម្មបន្ថែមពិតជានឹងគំរាមដោយផ្ទាល់ដល់សមត្ថភាពប្រកួតប្រជែងផ្នែកធុរកិច្ចរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា និងដល់ជំហររបស់សហភាពអឺរ៉ុបនៅក្នុងការលើកកម្ពស់របៀបវារៈពាណិជ្ជកម្ម និង ឧត្តមានុវត្តភាពរបស់ខ្លួន ដោយធ្វើឲ្យភាពមានប្រៀបផ្នែកប្រកួតប្រជែង នៃធុរកិច្ចអឺរ៉ុបធ្លាក់ចុះនៅក្នុងបរិបទមួយ ដែលប្រទេសចិនកំពុងតែបង្កើនវត្តមានរបស់ខ្លួននៅក្នុងប្រទេសនេះ និងនៅក្រៅតំបន់។
បន្ថែមលើនេះ ការព្យួរភាពអនុគ្រោះក៏នឹងបន្ថយផងដែរ នូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងបន្ទាបឋានៈរបស់ប្រទេសនេះ ក្នុងនាមជាប្រទេសមានការអភិវឌ្ឍន៍តិចតួច។
យើងខ្ញុំយល់ឃើញថា ការចាប់ផ្ដើមដំណើរការព្យួរភាពអនុគ្រោះ EBA ឬ ដាក់ទណ្ឌកម្មជាឯកតោភាគីរយៈពេលខ្លីណាមួយ អាចនាំមកនូវផលប៉ះពាល់អវិជ្ជមានយូរអង្វែងដែលវាមិនមែនជាឧបករណ៍មួយមានប្រសិទ្ធភាពសម្រាប់កែលំអដំណើរការប្រជាធិបតេយ្យឲ្យល្អប្រសើរដូចកិច្ចសហប្រតិបត្តិការទេ។
នៅក្នុងករណីប្រទេសកម្ពុជា ការព្យួរភាពអនុគ្រោះ EBA នឹងដើរផ្ទុយពីរបៀបវារៈពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការបញ្ចូលប្រទេសកំពុងអភិវឌ្ឍន៍ទៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោក និងផ្ទុយពីគោលការណ៍អឺរ៉ុបក្នុងការប្រើប្រាស់ពាណិជ្ជកម្មជាវ៉ិចទ័រសំខាន់សម្រាប់សាយភាយគុណតម្លៃប្រជាធិបតេយ្យ។ នេះជាទស្សនៈមួយ ដែលអ្នកតំណាងអន្តរជាតិជាច្រើននាក់ដែលធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំជាមួយប្រទេសកម្ពុជា យល់ឃើញដូចៗគ្នា។
សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា ក៏បានធ្វើការរិះគន់ចំពោះការភ្ជាប់ស្ថានភាពប្រទេសកម្ពុជាទៅជាមួយប្រទេសមីយ៉ាន់ម៉ាថា ជាភាពអយុត្តិធម៌សម្រាប់កម្ពុជា។ ដោយក្នុងលិខិតបានលើកឡើងថា ជាងនេះទៅទៀត នៅក្នុងសេចក្ដីប្រកាសនេះ ការយល់ឃើញណាមួយអំពីការតភ្ជាប់រវាងស្ថានភាពនៅក្នុងប្រទេសកម្ពុជា និងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ។ ស្ថានភាពប្រកបដោយភាពហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា បង្កើតឡើងនូវសំណុំបញ្ហាប្រឈម និងលក្ខខណ្ឌនានា ដែលមានលក្ខណៈដោយឡែកសម្រាប់សហភាពអឺរ៉ុបយកទៅធ្វើការវាយតម្លៃ។
ការនិយាយយោងដល់ស្ថានភាពទាំងនេះនៅក្នុងសេចក្ដីប្រកាសតែមួយជាមួយគ្នាបែបនេះជាអយុត្តិធម៌មួយចំពោះវឌ្ឍនភាព ដែលកម្ពុជាសម្រេចបាននៅក្នុងការកសាងសេដ្ឋកិច្ច និងសង្គម នៅក្នុងការពង្រឹងសន្តិភាពឲ្យបានរឹងមាំក្រោយពីប្រទេសនេះបានរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីអស់នៅក្នុងដំណាក់កាល នៃរបបខ្មែរក្រហម និងនៅក្នុងដំណាក់កាលសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ ឆ្នាំ ១៩៨០ និង១៩៩០ ហើយជាងនេះទៅទៀត វាអាចជំរុញរាជរដ្ឋាភិបាលកម្ពុជាឲ្យលែងចង់មានការពាក់ព័ន្ធជាមួយនឹងសហភាពអឺរ៉ុបទៅថ្ងៃមុខទៀតដែលមិនមែនជារឿងចាំបាច់នោះឡើយ។
នៅក្នុងលិខិតបានគូសបញ្ជាក់ផងដែរ អំពីចំនួនក្រុមហ៊ុន និងនិយោជិត ដែលកំពុងរកស៊ីនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា នៅកម្ពុជាសភាពាណិជ្ជកម្មអឺរ៉ុបជាតំណាងឲ្យប្រយោជន៍ផ្នែកឯកជនរបស់អឺរ៉ុប ក្នុងនោះមានសហគមន៍ធុរកិច្ចមកពីប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស អ៊ីតាលី ដាណឺម៉ាក ស៊ុយអែត ន័រវែស ហ្វាំងឡង់ អ៊ីស្លង់ ហើយបន្តិចទៀត នឹងមានការចូលរួមរបស់សាខាធុរកិច្ច នៃប្រទេសបែលហ្ស៊ិក ហុល្លង់ និង លុចសំបូរ ទៀតផង។ សរុបមក យើងតំណាងឲ្យក្រុមហ៊ុនចំនួន ៣៣៥ ដែលមាននិយោជិតជាង៥ម៉ឺននាក់។
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានផ្តល់នូវអនុសាសន៍មួយចំនួនដល់លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្មគណៈកម្មការអឺរ៉ុបថា យើងខ្ញុំសូមជូនអនុសាសន៍ឲ្យបន្តការតាមដានមានការពង្រឹងបន្ថែមទៅលើភាពអនុគ្រោះក្រោមរបប EBA នេះតទៅទៀតតាមរយៈការពិគ្រោះយោបល់ជាមួយផ្នែកឯកជន ហើយយើងសូមស្នើឲ្យមានការពាក់ព័ន្ធជាមួយសភាពាណិជ្ជកម្មអឺរ៉ុបក្នុងការវាយតម្លៃ ហើយប្រសិនបើអាចនៅក្នុងដំណើរការឆ្ពោះទៅធ្វើការដកហូតបណ្ដោះអាសន្នរបស់ EBA ស្របតាមស្មារតី នៃកត្តាខណ្ឌ ទី១៥ នៃបុព្វកថារបស់បទប្បញ្ញត្តិលេខ ៩៧៨/ ២០១២ របស់សហភាពអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប ដែលចែងថា របាយការណ៍ពីអង្គភាពតាមដាននានាអាចបំពេញបន្ថែមដល់ប្រភពព័ត៌មានផ្សេងទៀត រួមទាំងព័ត៌មានមកពីសង្គមស៊ីវិលផងដែរ។
សមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបពិតជាមានបទពិសោធន៍ជាដុំកំភួន នៅក្នុងប្រទេសកម្ពុជា ហើយស្ថិតក្នុងស្ថានភាពមួយដ៏ប្រសើរបំផុតក្នុងការផ្តល់ព័ត៌មានផ្អែកលើអង្គហេតុជាក់លាក់ ស្ដីពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា ហើយដូច្នេះពួកយើងគួរតែទទួលបានឱកាសចូលរួមនៅក្នុងការពិភាក្សាវាយតម្លៃអំពីដំណើរការព្យួរ ឬ ដកហូតភាពអនុគ្រោះ EBA ។ អភិក្រមនេះ នឹងធានាឲ្យសហភាពអឺរ៉ុបប្រមូលបាននូវការវាយតម្លៃត្រឹមត្រូវ និងពេញលេញអំពីបរិស្ថានសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
យើងខ្ញុំ សូមទទូចផងដែរ ឲ្យគណៈកម្មការអឺរ៉ុបថ្លែងឲ្យបានច្បាស់ឆាប់ៗ តាមតែអាចធ្វើទៅបានអំពីគោលបំណងរបស់ខ្លួន ក៏ដូចជាវិធានការគួរឲ្យទុកចិត្តបាន និងគួរឲ្យពេញចិត្តរបស់ខ្លួនដែរ ដែលគណៈកម្មការចង់ឃើញមានការអនុវត្តនៅក្នុងប្រទេសកម្ពុជា ពីព្រោះពេលនេះ យើងខ្ញុំយល់ឃើញថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ហាក់ដូចជានៅមានភាពមិនច្បាស់លាស់ និងការយល់ច្រឡំច្រើននៅឡើយជុំវិញសេចក្ដីប្រកាសនេះ។
នៅទីបញ្ចប់ សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា សូមឆ្លៀតឱកាសសូមជួបជាមួយលោកស្រីនៅក្នុងសម័យប្រជុំកំពូលរវាងអាស៊ី អឺរ៉ុប នៅទីក្រុងព្រុចសែល តាមពេលវេលាដែល លោកស្រីអាចអនុញ្ញាតឲ្យជួបបាន ដើម្បីធ្វើការពិភាក្សាពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា និងក្តីកង្វល់នានារបស់ផ្នែកឯកជនអឺរ៉ុប៕
Source: Kampuchea Thmey Daily
0 Comments