កីឡាករបាល់ទាត់ជនជាតិជប៉ុន ដែលធ្វើដំណើរមកប្រកបអាជីពដំបូងគេនៅប្រទេសកម្ពុជា Takahito Ota បានបង្ហាញខ្លួនជាមួយក្រុមគីរីវង់សុខសែនជ័យ ដែលមានមូលដ្ឋាននៅខេត្តតាកែវ ក្រោយកីឡាកររូបនេះផុតកិច្ចសន្យាជាមួយក្រុមចាស់វេស្ទើនភ្នំពេញ បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៨ កន្លងទៅ។
សូមបញ្ជាក់ថា ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ សមាជិកក្នុងពានរង្វាន់លីគលំដាប់ទី២កម្ពុជាកាលពីឆ្នាំ២០១៧ ទំនងនឹងទទួលបានកៅអីចូលរួមក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ដោយស្វ័យប្រវត្តិដើម្បីជំនួសកៅអីក្រុមវេស្ទើនភ្នំពេញ ដែលប្រកាសរំសាយក្រុមកាលពីពេលថ្មីៗ ដោយសារបញ្ហាហិរញ្ញវត្ថុ។ ដូច្នេះវត្តមានរបស់ខ្សែបម្រើកណ្ដាលរូបនេះគឺត្រឹមត្រូវក្រោយក្រុមចាស់វេស្ទើន រំលាយខណៈរូបគេក៏ធ្លាប់ជាសមាជិកក្រុមមជ្ឈមណ្ឌលចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែរកាលពីឆ្នាំ២០១៧។
យ៉ាងណាក្តីក្លិបគីរីវង់សុខសែនជ័យ បានបង្ហាញពីការត្រៀមខ្លួនយ៉ាងសកម្មក្រោយការការដឹកនាំពីសំណាក់គ្រូបង្វឹកថ្មីគឺលោក Ekapob Potisai ដែលជាអតីតកីឡាករជម្រើសជាតិថៃ ជំនាន់និងជាអតីតគ្រូបង្គោលនៃក្លឹប Savan United នៃលីគកំពូលឡាវផងដែរ។ យ៉ាងណាក្តីក្លិបនេះមានលោក សុខ ពុទ្ធិវុធ ជាប្រធានក្លិបហើយមានលោក ឌុក វាសនា ជាអ្នកចាត់ការទូទៅរបស់ក្លិបផងដែរ។
ចំពោះកីឡាករ Ota វិញបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដំបូងដោយចូលរួមជាមួយក្លិប ភ្នំពេញក្រោន នៅរដូវកាល ២០១១ បន្ទាប់មកផ្ទេរទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរដូវកាល ២០១២ ដល់២០១៣។ នៅរដូវកាល ២០១៤ ផ្លាស់ទៅកាន់ក្លិបបៀលប្រាយយូណាយធីត ហើយរដូវកាល ២០១៥ ជើងទី១ បានផ្លាស់ទៅកាន់ក្រសួងការពារជាតិ និងជើងទី២ រដូវកាល ២០១៥ ដដែលបានប្ដូរទៅចូលរួមជាមួយ ស៊ីម៉ាក់។ ចូលដល់រដូវកាល ២០១៦ ចូលរួមជាមួយវេស្ទើនភ្នំពេញ ពេញមួយរដូវកាល ខណៈជុំទី១រដូវកាល ២០១៧ បានត្រលប់មកចូលរួមជាមួយស៊ីម៉ាក់ សាជាថ្មី មុនចូលរួមជាមួយក្រុមវេស្ទើនភ្នំពេញ ម្តងទៀតនៅឆ្នាំ២០១៨។
ក្រុមគីរីវង់សុខសែនជ័យ បានធ្លាក់ទៅចេញពីពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) កាលពីឆ្នាំ២០១៧ កន្លងទៅក្រោយឈរលេខរៀងទី១២ ក្នុងចំណោមក្រុមជាសមាជិកទាំង១២នៅឆ្នាំនោះ។ ទន្ទឹមនឹងគ្នានេះដែរលោក ផាន់ ចាន់ផាត ដែលជាគ្រូបង្វឹកចាស់ធ្លាប់បានដឹកនាំជាច្រើនឆ្នាំមកនេះត្រូវបានក្លិបប្តូរតួរនាទីទៅជាគ្រូជំនួយវិញ៕
Source: Kampuchea Thmey Daily
0 Comments