Ad Code

លោក កឹម សុខា រំលេច​សារ​នយោបាយ ក្នុងឱកាស​ជូនពរ​ប្រជាពលរដ្ឋ ឆ្លង​ឆ្នាំ​ចាស់​ឈាន​ចូលឆ្នាំថ្មី



ភ្នំពេញ​ ៖ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង (CNRP) លោក កឹម សុខា ដែល​កំពុង​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នោះ បាន​ចេញ​សារ​មួយ​ជូនពរ​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ពិភពលោក នា​ឱកាស​ឆ្លង​ឆ្នាំ​ចាស់ (២០១៨) ឈាន​ចូលឆ្នាំថ្មី (២០១៩) ជួបប្រទះ​តែ​សេចក្តីសុខ និង​សុភមង្គល​គ្រប់ៗ​គ្នា ជាមួយគ្នា​នោះ លោក កឹម សុខា ក៏បាន​រំលេច​សារ​នយោបាយ​ចំនួន​ពីរ​ចំណុច​ផងដែរ ដែល​លោក​អះអាងថា ជា​ជម្ងឺ​ពីរ​យ៉ាង​ដែល​កំពុង​រាតត្បាត​ក្នុងសង្គម​ខ្មែរ​។

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​នៅផ្ទះ​របស់លោក ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក នា​វេលា​ម៉ោង​០០ និង​៣៥​នាទី​យប់ ឈាន​ចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​ការចាប់ខ្លួន​លោក កឹម សុខា ធ្វើឡើង​បន្ទាប់ពី​វីដេអូ​មួយ ដែល​លោក កឹម សុខា បាន​និយាយ​សារភាព​កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ប្រទេស​អូស្ត្រាលី​ថា ខ្លួន​បានធ្វើ​តាម​បញ្ជា​របស់​មហាអំណាច​អាមេរិក ក្នុងការ​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​យក​គំរូ​ទៅនឹង​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​សើ​ប៊ី​ដែរ​។

នៅក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៩ លោក កឹម សុខា បាន​សរសេរ​ថា “​ក្នុងឱកាស​ឆ្លង​ឆ្នាំ​ចាស់​២០១៨ ឈាន​ចូល​ឆ្នាំ​ថ្មី ២០១៩​នេះ ខ្ញុំ​សូម​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ជុំវិញ​ពិភពលោក​ឲ្យ​ជួបប្រទះ​នូវ​សេចក្តីសុខ និង​សុភមង្គល​គ្រប់ៗ​គ្នា​។ ខ្ញុំ​សូម​ជូនពរ​ជាពិសេស​ដល់​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​ទទួល​បាន​នូវ​សុខសន្តិភាព និង​វឌ្ឍនភាព​តាម​គោលការណ៍​ប្រជាធិបតេយ្យ ដោយ​ចាប់ផ្តើម​ពី​ការផ្សះផ្សា​ជាតិ​ពិតប្រាកដ មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​។ សូម​ឲ្យ​ឆ្នាំ​ថ្មី​នេះ នឹង​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដែល​លប់បំបាត់​ឲ្យ​អស់​នូវ​ជម្ងឺ​ពីរ​យ៉ាង​ដែល​កំពុង​រាតត្បាត​ក្នុង​សង្គម​ខ្មែរ​៖ ទី​១​គឺ ការគាបសង្កត់​ជិះជាន់ គម្រាមកំហែង ជាពិសេស​ដោយ​អំពើ​ហិង្សា និង​ទី​២ គឺ​ការ​ស្អប់​ឈ្នានីស ជាពិសេស​តាម​រូបភាព​លាប​ពណ៌ ជេរប្រមាថ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​”​។

ជាមួយគ្នា​នោះ លោក កឹម សុខា សូម​ឲ្យ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នេះ ចាប់ផ្តើម​ពី​មេដឹកនាំ​គ្រប់​និន្នាការ ដើម្បី​ជា​គំរូ ដោយ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​តាមបែប​អគុណ​ធម៌ មិន​ថា​តាមរយៈ​ការ​គំរាមកំហែង ឬ​ការ​មួលបង្កាច់ ហើយ​វិល​ទៅរក​ទសពិធរាជធម៌​វិញ ដើម្បី​ត្រួស​ត្រាយផ្លូវ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​កូន​ខ្មែរ​ជំនាន់​ក្រោយ​។ ជាថ្មី​ម្តង​ទៀត លោក​សូម​ជូនពរ​ឲ្យ​ឆ្នាំ​ថ្មី​២០១៩​នេះ នាំមក​នូវ​សុភមង្គល ភាពរុងរឿង យុត្តិធម៌ ភាព​ស្ងប់​សុខ និង​សេរីភាព​ពេញលេញ​បរិបូរណ៍ ដល់​ខ្មែរ​គ្រប់រូប​។

សូម​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ យោងតាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ​។ តែ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន នៅវេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយសារតែ​បញ្ហា​សុខភាព​របស់លោក បន្ទាប់ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។

ការ​ដោះលែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​សម្រាប់​អតីត​មេបក្ស​ប្រឆាំង​នេះ ដែល​រួមមាន​ដូចជា មិន​អនុញ្ញាត​ឲ្យចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិនត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល​ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិន​ត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu