ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង និង អំពាវនាវដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ដែលមានបំណងនាំចេញទំនិញគ្រប់ប្រភេទពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) ស្ថិតក្រោមគម្រោង "ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ (EBA) ទៅ បំពេញបែបបទសម្រាប់នាំចេញទំនិញទៅក្រៅប្រទេស។
យោងតាម សេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយថ្ងៃទី៣១ធ្នូនេះបានឲ្យដឹងថា យោងតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលបានធ្វើវិសោធនកម្ម ចុងក្រោយ ដោយបញ្ញត្តិ លេខ(EU) 2017/989 ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ និងដោយផ្អែកតាមប្រកាស អន្តរក្រសួងលេខ ១៦២៧ សហវ-ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ពាណិជ្ជកម្ម ស្ដីពីការកែសម្រួលនីតិវិធីក្នុងការបំពេញបែបបទនាំចេញទំនិញទៅក្រៅប្រទេស ក្នុងគោលបំណង សម្រួលពាណិជ្ជកម្ម និងកាត់បន្ថយបន្ទុកចំណាយរបស់អ្នកនាំចេញក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ ដែលមានបំណងនាំចេញទំនិញគ្រប់ប្រភេទពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) ស្ថិតក្រោមគម្រោង "ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ (EBA)* រួមទាំង ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសណ័រវេស, ប្រទេសស្វីស និងប្រទេសទួរគី សូមអញ្ជើញមកដាក់ពាក្យ សុំចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter System • REX) របស់សហភាពអឺរ៉ុប នៅ នាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម ដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភពដើម (Statement on Origin) ជំនួសឲ្យការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់គេ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ តទៅ។
ក្រសួង បន្តថា -ពាក្យស្នើសុំដូចមានតាមគំរូភ្ជាប់ក្នុងសេចក្ដីជូនដំណឹងនេះ ឬ អាចទាញយកពីគេហទំព័ររបស់ក្រសួង ពាណិជ្ជកម្ម (www.moc.gov.kh)។ -ដើម្បីទទួលបានព័ត៌មានលម្អិត សូមទំនាក់ទំនង ៖ ១-ឯកឧត្ដម ហូ ស៊ីវយ៉ុង ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋាននាំចេញ-នាំចូល ទូរស័ព្ទលេខ ៖ ០១២ ៨៣៨ ៩០៩, សារអេឡិចត្រូនិក ៖ hosivyorng@yahoo.corry, ២-លោក ស៊ី បាទិត្យ ប្រធានការិយាល័យ នៃនាយកដ្ឋាននាំចេញ-នាំចូល ទូរស័ព្ទ ៖ ០១២ ៩៤៨ ៤៨៤ សារអេឡិកត្រូនិកៈ sy,batith@moc.gov.kh, baithsy@yahoo.com អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាផលិតករ អ្នកនាំចេញទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៩ តទៅ៕
Source: Kampuchea Thmey Daily
0 Comments