Ad Code

ក្រសួងសុខាភិបាល​អះអាង​ថា​ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ធ្វើ​ឲ្យ វិស័យ​សុខាភិបាល មានការ​អភិវឌ្ឍន៍​ច្រើន​



ភ្នំពេញ ​៖ ក្រសួងសុខាភិបាល អះអាងថា​ក្រោម​គោលនយោបាយ​ឈ្នះ ឈ្នះ ដែល​ដឹកនាំ​ដោយ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ បានធ្វើឱ្យ​វិស័យ​សុខាភិបាល កម្ពុជា​បោះជំហាន​អភិវឌ្ឍន៍​យ៉ាងខ្លាំង ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​សុខាភិបាល ទាំង​កំណើន​មណ្ឌល​សុខភាព ប៉ុស្តិ៍​សុខភាព ព្រមទាំង​មន្ទីរពេទ្យបង្អែក​ជាដើម​។

​យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅក្នុង​គេហទំព័រ​របស់​ខ្លួន​ដើម្បី​ចូលរួម​អបអរសាទរ​នៃ​ការ​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ ពី​ថ្ងៃ​ទី​២៩​រហូតដល់​ថ្ងៃទី​៣១​ខែធ្នូ ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​២៣​ឆ្នាំ​ក្រោម​ការដឹកនាំ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល តាម​នយោបាយ​ឈ្នះ ឈ្នះ គឺ​បាន​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល រីកចម្រើន​រហូត​មក​ដល់​បច្ចុប្បន្ននេះ​។



ចាប់តាំងពី​ឆ្នាំ​១៩៩៥ មក​កម្ពុ​ជា​មាន​មន្ទីរពេទ្យ​ចំនួន​៦៥ សម្រាប់​ទទួល​ព្យាបាល​និង​ថែរក្សា​សុខភាព​ប្រជាពលរដ្ឋ ប៉ុន្តែ​រហូតមកដល់​ឆ្នាំ​២០១៨ គឺ​កម្ពុ​ជា​មាន​មន្ទីរពេទ្យ​ចំនួន​១១៨ មាន​មណ្ឌល​សុខភាព​ចំនួន​១២០៧ ព្រមទាំង​មាន​ប៉ុស្ដិ៍​សុខភាព​ចំនួន​១១៧​កន្លែង ដើម្បី​ផ្ដល់​ភាពងាយស្រួល​កាន់តែខ្លាំង​ឡើង ដល់​ប្រជាពលរដ្ឋ ឱ្យចូល​មកប្រើប្រាស់​សេវា​ថែទាំ​សុខភាព​បាន​ទាន់​ពេល​វេលា នៅពេល​ដែលមាន​ជំងឺ​។

របាយការណ៍​ក្រសួងសុខាភិបាល ឲ្យ​ដឹង​ទៀត​ថា ដោយសារ​វិស័យ​សុខាភិបាល មាន​កិច្ចសហការ​ពី​អន្តរ​វិស័យ​ដែល​ពាក់ព័ន្ធ បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​សុខភាព​ប្រជាពលរដ្ឋ មាន​ភាពល្អ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។ អាយុ​រស់នៅ​ជា​មធ្យម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​កើនឡើង​ពី​២៤​ឆ្នាំ​នៅ​ឆ្នាំ​១៩៧៩ មកដល់​ជិត​៧២​ឆ្នាំ នៅ​ឆ្នាំ​២០១៥​។ កំណើន​នៃ​អាយុ​រស់នៅ​ជា​មធ្យម​របស់​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ននេះ គឺ​សឹងតែ​ប្រហាក់ប្រហែល​គ្នា​និង​អាយុ​រស់នៅ របស់​ប្រជាពលរដ្ឋ​ថៃ និង​វៀតណាម ប៉ុន្តែ​មាន​កំរិត​អត្រា​រស់នៅ​ខ្ពស់​ជាង​ប្រជាពលរដ្ឋ​ឡាវ​។

ក្រសួងសុខាភិបាល បាន​ទទួល​ស្គាល់​ថា ការ​រីកចម្រើន​វិស័យ​សុខាភិបាល​មកដល់​បច្ចុប្បន្ន​នេះ គឺ​បានមកពី​ការខិតខំ​របស់​យើងទាំងអស់គ្នា ស្ថិតក្រោម​ដំបូល​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ​និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​។ គុ​ណូ​ប​ការ​:​ដ៏​ធំធេង​ដែល​មិនអាច​កាត់ថ្លៃ​បាន​នេះ យើងទាំងអស់គ្នា​សូម​ចងចាំ​ដោយ​មិនអាច​បំភ្លេច​បានឡើយ និង​រឹតតែ​ខិតខំ​ចូលរួម​ដំណើរ​ធ្វើការ​អភិវឌ្ឍន៍ វិស័យ​សុខាភិបាល​បន្ថែមទៀត ដើម្បី​សុខភាព​ល្អ​និង​អាយុ​យឺនយូរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu