*អ្នកនយោបាយ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រកាសថ្កោលទោស និងដាក់លិខិតទៅតំណាងអង្គការ UNESCO ដើម្បីមានចំណាត់ការលើក្រុមហ៊ុន Amazon
ភ្នំពេញ ៖ រហូតមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ករណីក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់អាមេរិក និងជាក្រុមហ៊ុនលក់ទំនិញតាម Online យករូបអត្តសញ្ញាណជាតិខ្មែរ ទៅធ្វើកម្រាលជូតជើង ប្រើប្រាស់ក្នុងបន្ទប់ទឹក (បង្គន់) នោះ កំពុងក្លាយជាប្រធានបទក្តៅមួយនៅក្នុងស្រទាប់មហាជន ក៏ដូចជាអ្នកនយោបាយខ្មែរ ហើយបានទាមទារឲ្យមានចំណាត់ការលើក្រុមហ៊ុននេះ។
ការប្រកាសរបស់មហាជន ក៏ដូចជាអ្នកនយោបាយនៅកម្ពុជា បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនលំដាប់ពិភពលោកមួយរបស់អាមេរិកឈ្មោះ Amazon និងជាក្រុមហ៊ុនលក់ទំនិញតាម Online បានយករូបប្រាសាទអង្គរវត្ត រូបទង់ជាតិខ្មែរ និងរូបព្រះបាទជ័យវរ្ម័នទី៧ជាដើម ឌីហ្សាញដាក់នៅលើគម្របចានបង្គន់ និងកម្រាលជើង ហើយដាក់លក់តាម Online ដែលទង្វើរបស់ក្រុមហ៊ុន Amazon បែបនេះ បានធ្វើមានការរិះគន់ឲ្យកក្រើកពេញបណ្តាញសង្គម Facebook ពីសំណាក់មហាគ្រួសារខ្មែរ ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក និងល្បីពេញសុះសាយពេញពិភពលោក មិនគួរណាក្រុមហ៊ុនមួយនេះ ទៅដាក់ច្នៃធ្វើជាគម្របចានបង្គន់ និងកម្រាលជើងបែបនេះនោះឡើយ។
លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសថ្កោលទោសក្រុមហ៊ុន Amazon ដែលបានយករូបអត្តសញ្ញាណជាតិខ្មែរ ទៅធ្វើកម្រាលជូតជើង ប្រើប្រាស់ក្នុងបន្ទប់ទឹក (បង្គន់) ហើយលោកនឹងដាក់លិខិតទៅតំណាងអង្គការ UNESCO ដើម្បីមានចំណាត់ការលើក្រុមហ៊ុននេះ។
លោក ពេជ្រ ស្រស់ បានថ្លែងប្រាប់កម្ពុជាថ្មីកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ថា ក្នុងនាមយើងជាប្រជាជាតិខ្មែរមួយ ត្រូវតែឈឺឆ្អាល និងការពារកិត្តិយសប្រទេសជាតិយើង ហើយប្រាង្គប្រាសាទអង្គរវត្តនេះ ជានិមិត្តរូបនៃប្រជាជាតិខ្មែរ ហើយក៏ជាបេតិកភណ្ឌពិភពលោកផងដែរ ដែលមានអង្គការ UNESCO ជាអាណាព្យាបាលក្នុងការលើកកិត្តិយស ក៏ដូចជាការពារកិត្តិយសផងដែរ “អីចឹងខ្ញុំមិនមានអ្វីក្រៅពីសរសេរលិខិតទៅអង្គការ UNESCO ដើម្បីចេញមុខអន្តរាគមន៍មួយអន្លើ ពីព្រោះឥឡូវក្រសួងវប្បធម៌ និងចិត្រសិល្បៈខ្មែរយើងបានផ្ញើលិខិតទៅក្រុមហ៊ុន Amazon ហើយ ហើយស្អែកនេះខ្ញុំដាក់ទៅអង្គការ UNESCO ដើម្បីមានចំណាត់ការទៅលើក្រុមហ៊ុន Amazon និងស្វែងរកបក្ខពួកដែលប្រព្រឹត្តបទល្មើសនោះតែម្តង”។
ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ ក៏បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនដែរថា “ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមហ៊ុន Amazon និងក្រុមអ្នកប្រព្រឹត្តអំពើដ៏ថោកទាបដែលយកអត្តសញ្ញាណជាតិខ្មែរទៅធ្វើកម្រាលជើងប្រើប្រាស់ក្នុងបង្គន់ ហើយខ្ញុំនឹងសរសេរលិខិតទៅតំណាងអង្គការ UNESCO ដើម្បីចាត់ការក្រុមហ៊ុន Amazon និងក្រុមអ្នកប្រព្រឹត្តតាមផ្លូវច្បាប់អន្តរជាតិ ក្រៅពីប្តឹងទៅអង្គការUNESCO ខ្ញុំនឹងសរសេរលិខិតដោយឡែកមួយទៀតទៅកាន់ក្រសួងការបរទេសខ្មែរ ដើម្បីប្តឹងក្រុមហ៊ុន Amazon និងបក្ខពួក ដើម្បីការពារតម្លៃជាតិខ្មែរនៃយើង”។
ទាក់ទងបញ្ហានេះ ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអាចស្វែងរកការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទជាច្រើនពុំមានអ្នកទទួល ប៉ុន្តែលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់អ្នកសារព័ត៌មានថា ករណីករណីក្រុមហ៊ុន Amazon យករូបប្រាសាទអង្គរវត្ត ធ្វើជាគម្របចានបង្គន់ និងកម្រាលជើង ដាក់លក់តាម Online នេះ ក្រសួងបានផ្ញើលិខិតមួយទៅក្រុមហ៊ុន ដើម្បីសុំឲ្យក្រុមហ៊ុនគិតគូរឡើងវិញ ពីការរចនារូបប្រាសាទអង្គរវត្ត ក៏ដូចជាប្រាសាទនានា ដែលជារូបអច្ឆរិយលើពិភពលោក ហើយត្រូវបានដាក់បង្ហាញលើ Online បែបនេះ ពីព្រោះទង្វើនេះ បានធ្វើឲ្យការរិះគន់កក្រើកពេញបណ្តាញសង្គម Facebook ពីសំណាក់មហាជនខ្មែរ ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក និងល្បីពេញសុះសាយពេញពិភពលោក។
សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ គេឃើញក្រុមហ៊ុន Online ដ៏ល្បីរបស់អាមេរិកមួយ ឈ្មោះ Amazon បានរចនារូបប្រាសាទអង្គរវត្ត និងរូបប្រាសាទល្បីៗមួយចំនួនទៀតរបស់កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក យកទៅដាក់លើគ្របបង្គន់ និងកម្រាលជើងជាដើម ហើយដាក់តាំងលក់នៅលើអនឡាញ។ បញ្ហានេះ ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ បានសម្តែងការមិនពេញចិត្ត និងបានប្រតិកម្មយ៉ាងខ្លាំង ហើយបានថ្កោលទោសថា ក្រុមហ៊ុនអាមេរិក Amazon បានប្រមាថជាតិសាសន៍ខ្មែរ ក៏ដូចជាបុព្វបុរសខ្មែរយ៉ាងខ្លាំង ដែលមិនអាចទទួលយកបានឡើយ។
តាមក្រុមហ៊ុន Amazon ដែលបានបង្ហោះនៅលើអនឡាញ បានយករូបប្រសាទអង្គរវត្ត ព្រះបាទជ័យវរ្ម័នទី៧ ព្រហ្មមុខបួន និងប្រាសាទនានារបស់ខ្មែរ យកមកធ្វើជាគម្របបង្គន់ និងជាកម្រាលជើង ដាក់លក់ក្នុងតម្លៃត្រឹមតែ១៩.៩៩ដុល្លារអាមេរិកប៉ុណ្ណោះ ហើយបញ្ហានេះ កាន់តែបង្ហាញថា ក្រុមហ៊ុននេះផ្គើនដល់ប្រជាជនកម្ពុជាកាន់តែខ្លាំងឡើងៗ៕
Source: Kampuchea Thmey Daily
0 Comments