ក្រោយធ្លាក់ចេញពីLeo Pre-Season Cup 2019 ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រុមភ្នំពេញក្រោន សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានបន្តហ្វឹកហាត់និងប្រកួតមិត្តភាពកម្តៅសាច់ដុំនៅប្រទេសថៃ ជាបន្តទៀតខណៈបានយកឈ្នះលើក្រុមArmy Regional 2 របស់ម្ចាស់ផ្ទះដោយលទ្ធផល៣ទល់២។
ប្រកួតមិត្តភាពដែលធ្វើឡើងនៅល្ងាចថ្ងៃច័ន្ទ ទី២១ ខែមករា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋាន Surapala Main Stadium ក្នុងតំបន់កូរ៉ាត់ ក្រុមភ្នំពេញក្រោន បានយកឈ្នះលើក្រុមម្ចាស់ស្រុក ហើយកីឡាករDarlan Martins, ពៅ ប៉ុនវុទ្ធី, យើ មូស្លីម។ សូមរំលឹកថាថ្មីៗនេះក្រុមភ្នំពេញក្រោន បានធ្លាក់ចេញពីពានរង្វាន់ Leo Pre-Season Cup 2019 ក្រោយចាញ់ក្រុមម្ចាស់ផ្ទះNakornratchasima Mazda FC ៤ទល់០។
តាមគ្រោងក្រៅផ្លូវការមួយក្លិបភ្នំពេញក្រោន បានដាក់ផែនការធ្វើការប្រកួតមិត្តភាពចំនួន២លើកគឺជាមួយក្រុមយក្សថៃBuriram United និងក្រុម Muangthong United អំឡុងពេលបោះជំរុំនិងប្រកួតមិត្តភាពនៅប្រទេសថៃ។ យោងតាមប្រភពរបស់ក្លិបភ្នំពេញក្រោន បញ្ជាក់ថា នៅមិនទាន់ដឹងច្បាស់ពីកាលបរិច្ឆេទនៃការប្រកួតមិត្តភាពទាំង២ខាងលើនោះទេ ដោយសារតែក្រុមនីមួយៗសុទ្ធតែមានកាលវិភាគមមាញឹក ព្រោះត្រូវចូលរួមប្រកួតពានត្រៀមរដូវកាល និងការប្រកួតមិត្តភាពរៀងៗខ្លួនជាមុនសិន។
គេនៅចាំបានថា រដូវកាលឆ្នាំ២០១៨ ថ្មីៗកន្លងទៅនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន រក្សាចំណាត់ថ្នាក់លេខ៥ក្រោយប្រកួតបាន២២លើក ឈ្នះបាន១១លើក ស្មើគ្នា៣លើកនិងចាញ់៨លើកមាន៣៦ពិន្ទុ ពោលគឺចាញ់ក្រុមកំពូលតារាងណាហ្គាវើល រហូតដល់២០ពិន្ទុ។ ភ្នំពេញក្រោន ទាត់បញ្ចូលទីគូប្រកួតបាន៤១គ្រាប់ ហើយគេទាត់ចូលវិញចំនួន៣៣គ្រាប់។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)វិញក្រុមក្រុមភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអង្គរថាយហ្គឺរ ដែលមកពីខេត្តសៀមរាប ដោយបាល់ប៉េណាំងទីកាត់សេចក្តី៤ទល់៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង៤ទល់៤៕
Source: Kampuchea Thmey Daily
0 Comments