សៀមរាប ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃនាយកដ្ឋានពាក់ព័ន្ធមួយចំនួននៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូមកពីសាកលវិទ្យាល័យFudanនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការចំនួនបីចំណុចសំខាន់ៗ ដើម្បីឈានទៅដល់ការចុះអនុស្សរណៈយោគយល់រួមគ្នាមួយនាពេលអនាគត។ ភាគីអាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក ឈាន រដ្ឋា ប្រធានស្តីទីនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរតំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរានិងគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី JIAO Yang ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Fudan នៃសាធារណៈរដ្ឋប្រជាមានិតចិន។
នៅក្នុងជំនួបនេះលោក ឈាន រដ្ឋា បានទទួលស្វាគមន៍គណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិនយ៉ាងកក់ក្តៅនិងបានពន្យល់ពីកាលប្រវត្តិសំខាន់ៗនៃរមណីយដ្ឋានអង្គរ ក៏ដូចជាការងាររបស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្ស និងការអភិវឌ្ឍន៍រមណីយដ្ឋានអង្គរកន្លងមក។ ជាងនេះទៅទៀតក៏មានការធ្វើបទបង្ហាញសំខាន់ៗអំពីតួនាទី បេសកកម្ម និងសមិទ្ធផលនានារបស់អ្នកជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធទាក់ទងនឹងការអភិរក្ស ការជួសជុល ការគ្រប់គ្រងភ្ញៀវទេសចរ។ល។របស់អាជ្ញាធរជាតិអប្សរាផងដែរ។
ក្នុងឱកាសនោះដែរ ភាគីសាកលវិទ្យាល័យFudanនៃសាធារណរដ្ឋប្រជាមានិតចិន លោកស្រី JIAO Yang បានចាប់អារម្មណ៍និងវាយតម្លៃខ្ពស់លើកិច្ចការអភិរក្ស និងការអភិវឌ្ឍរមណីយដ្ឋានអង្គរ ហើយក៏បានសរសើរដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា។ ក្នុងពេលជាមួយគ្នានោះ លោកស្រីបានលើកឡើងចំនួនបីចំណុចសំខាន់ៗដល់ភាគីអាជ្ញាធរជាតិអប្សរា ដើម្បីស្នើសុំធ្វើកិច្ចសហប្រតិបត្តិការលើវិស័យ៖ ១ បណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអភិរក្សបេតិកភណ្ឌ ២សិក្សាស្រាយជ្រាវ ៣វិស័យសារមន្ទីរ សំដៅលើការអភិរក្សបុរាណវត្ថុ (Cultural Relic Conservation) ដើម្បីធ្វើយ៉ាងណាបម្រើឲ្យវិស័យបេតិកភណ្ឌកាន់តែចម្រើនក្នុងទិសដៅរួមគ្នា។
ជំនួបរវាងភាគីទាំងពីរបានទទួលនូវលទ្ធផលគួរជាទីមោទនៈ ដោយភាគីអាជ្ញាធរជាតិអប្សរា និងភាគីសាកលវិទ្យាល័យFudanនៃសាធារណៈប្រជាមានិតចិនបានស្វែងយល់ពីគ្នាទៅវិញទៅមក និងសន្យាបន្តកិច្ចពិភាក្សាដើម្បីឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នានាពេលអនាគតលើវិស័យបណ្តុះបណ្តាលធនធានមនុស្សនិងអភិរក្សនិងថែរក្សាបេតិកភណ្ឌ៕
Source: Kampuchea Thmey Daily
0 Comments