ភ្នំពេញ ៖ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម សហការជាមួយអង្គការកាលពីថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩បាន រៀបចំកិច្ចប្រជុំពេញអង្គលើកទី៨ នៃវេទិកាស្តីពី “ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព” ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងកសិកម្ម អមដោយលោក អភិបាលរងខេត្ត លោក លោកស្រី នាងកញ្ញា តំណាងមកពីស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសមាជិក សមាជិកាប្រមាណ ២៥០នាក់។
ក្រសួងបានឲ្យដឹងថា វេទិកានេះត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការរួមមាន IRRI, WCS, IFC, Global Affairs Canada, UN Environment និង FAO ក្នុងគោលបំណងទី១- លើកកម្ពស់ផលិតកម្មស្រូវប្រកបដោយគុណភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន ទី២- ការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងការកែច្នៃអង្ករ ទី៣- ការធ្វើពិពិធកម្មទីផ្សារអង្ករ និងជំរុញការនាំចេញ និងទី៤- បញ្ហាប្រឈម។
លោកស្រី Jacqueline Hughes នាយករងវិទ្យាស្ថាន IRRI និងលោកស្រី Kundhavi Kadiresan តំណាងអង្គការ FAO ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិច បានធ្វើបទអន្តរាគមន៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីស្ថានភាពទូទៅនៃផលិតកម្មស្រូវ ការកែច្នៃ ការធ្វើពាណិជ្ជកម្ម ការងារស្រាវជ្រាវ ផ្សព្វផ្សាយ តម្លៃបន្ថែម ខ្សែច្រវាក់ផលិតកម្ម ការចូលរួមអភិវឌ្ឍន៍ពីគ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន និងបញ្ហាប្រឈមសំខាន់ៗដូចជាបញ្ហាជំងឺ សត្វល្អិត ការប្រែប្រួលអាកាសធាតុ និងបញ្ហាឱនភាពដីដែលអាចប៉ះពាល់ដល់ផលិតកម្មស្រូវ និងការផ្លាស់ប្តូរកម្មវត្ថុនៃការប្រើប្រាស់ដីកសិកម្ម ទៅជាដីលំនៅឋានវិញ។ល។
នាឱកាសនោះ លោក វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ថ្លែងបញ្ជាក់ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នវិស័យកសិកម្មកម្ពុជាកំពុងមានសក្តានុពល កាលានុវត្តភាព និងឧត្តមភាពសម្រាប់ទីផ្សារផលិតផលកសិកម្ម និងវត្ថុធាតុដើមនៅក្នុងតំបន់ និងនៅលើសាកលលោក ដោយប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអង្ករធំៗទាំង១០ ដែលក្នុងឆ្នាំ២០១៧ កម្ពុជាផលិតស្រូវបានចំនួនជាង ១០,៥លានតោន សល់ស្រូវចំនួនជាង៥លានតោនសម្រាប់នាំចេញ និងបាននាំចេញអង្ករផ្លូវការចំនួនជាង ៦៣៥ពាន់តោន។ បច្ចុប្បន្ន ដើម្បីឱ្យវិស័យនេះមានការរីកចម្រើនថែមមួយកម្រិតទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងចក្ខុវិស័យក្នុងការធ្វើទំនើបភាវូបនីយកម្មផលិតកម្មកសិកម្មឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនាំដល់កំណើនប្រាក់ចំណូល វិបុលភាព និងសុខុមាលភាពជូនប្រជាជន។ ជារួម គោលដៅអភិវឌ្ឍន៍វិស័យកសិកម្មគឺត្រូវបង្កើនការនាំចេញកសិផល ប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពផលិតកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារ ព្រមទាំងរក្សាបានតុល្យភាពនៃការប្រើប្រាស់ដីកសិកម្មប្រកបដោយនិរន្តរភាព។
លោក រដ្ឋមន្ត្រីសង្ឃឹមថាគំនិត ទស្សនៈ និងបទពិសោធន៍ថ្មីៗពីអ្នកជំនាញ ក៏ដូចជាភាគីពាក់ព័ន្ធនានាដែលចូលរួមក្នុងអង្គវេទិកានេះពិតជាធាតុចូលដ៏មានសារៈសំខាន់ សម្រាប់ការចងក្រងនូវគោលនយោបាយ ផែនការមេអភិវឌ្ឍន៍វិស័យកសិកម្ម និងវិធានការជាដំណោះស្រាយនាពេលខាងមុខប្រកបដោយប្រសិទ្ធផល៕
Source: Kampuchea Thmey Daily
0 Comments