ភ្នំពេញ ៖ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បាននាំគ្នាដាក់កម្រងផ្កា រំលឹកវិញ្ញាណក្ខន្ធសពលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ដែលពិធីនេះបានរៀបចំនៅទីតាំងដាក់រូបសំណាកសពលោក ជា វិជ្ជា ខាងមុខវត្តលង្កា។
ពិធីនេះ ដឹកនាំដោយលោក ម៉ាន់ សេងហាក់ អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីតំណាងសហជីព អង្គការសង្គមស៊ីវិល តំណាងបក្សអ្នកនយោបាយ និងមានការចូលរួមឃាំមើលពីអង្គការលីកាដូ និង UN ផងដែរ ហើយអ្នកដែលឡើងមានយោបល់ សុទ្ធតែបានសម្តែងការសោកស្តាយចំពោះការស្លាប់របស់លោក ជាវិជ្ជា និងបានទាមទារឲ្យសមត្ថកិច្ចស្វែងរកឃាតករពិតយកមកផ្តន្ទាទោសតាមច្បាប់ ពីព្រោះលោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់រយៈពេល១៥ឆ្នាំហើយ តែយុត្តិធម៌នៅតែមិនត្រូវបានផ្តល់ឲ្យនៅឡើយ។
តាមសេចក្ដីថ្លែងការណ៍របស់សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួប១៥ឆ្នាំ បានអំពាវនាវ និងសំណូមពរដល់សមត្ថកិច្ចនគរបាលយុត្តិធម៌ ធ្វើការស៊ើបអង្កេតតាមនីតិវិធី ដើម្បីស្វែងរកមុខឃាតកពិតប្រាកដ និងអ្នកបញ្ជាពីក្រោយខ្នងឃាតក ដែលបានសម្លាប់លោក ជា វិជ្ជា យកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីលុបបំបាត់វប្បធម៌និទ្ទណ្ឌភាព និងពង្រីកយុត្តិធម៌សង្គមនៅកម្ពុជា។ សេចក្ដីថ្លែងការណ៍បន្តថា សំណុំរឿងឃាតកម្មលោក ជា វិជ្ជា មានរយៈពេល១៥ឆ្នាំកន្លងមកនេះ ឃាតកដៃដល់នៅមិនទាន់វែកមុខ ចាប់ខ្លួនយកផ្ដន្ទាទោសតាមច្បាប់នៅឡើយ ខណៈតុលាការកំពូល បានវិនិច្ឆ័យសេចក្ដីសម្រេចបង្គាប់ ឲ្យព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបអង្កេត ប្រឆាំងលើជនល្មើស មិនស្គាល់មុខ ដែលបានធ្វើឃាត លោក ជា វិជ្ជា តាមអំណាចសាលដីកាព្រហ្មទណ្ឌ កាលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។
ទាក់ទងបញ្ហានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានបញ្ជាក់ថា ករណីឃាតកម្មលើលោកជា វិជ្ជា មហាជនទូទៅមានការសង្ស័យច្រើន កើតចេញពីមជ្ឈដ្ឋានប្រឆាំង ដោយសារនៅឆ្នាំ១៩៩៨ ក្រុមមេដឹកនាំបក្សប្រឆាំងបានជំរុញលោក ជា វិជ្ជា ឲ្យដឹកនាំធ្វើបាតុកម្មយ៉ាងខ្លាំងប្រឆាំងនឹងលទ្ធផលបោះឆ្នោត និងទាមទារដំឡើងប្រាក់ឈ្នួលកម្មករ ដោយមានការសន្យាថា នឹងឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅអាណត្តិក្រោយ។ អញ្ចឹងបានជាមានសកម្មភាពបាតុកម្មខ្លាំងក្លាណាស់នាកំឡុងពេលនោះ ប៉ុន្តែនៅពេលត្រៀមលក្ខណៈរៀបចំបញ្ជីបេក្ខភាពឈរឈ្មោះតំណាងរាស្ត្រសម្រាប់នីតិកាលទី៣ គេមិនឃើញមានឈ្មោះលោក ជា វិជ្ជា ឡើយ ។ ដោយសារហេតុនេះហើយបានជាគេកត់សម្គាល់ឃើញលោកជា វិជ្ជា លែងដឹកនាំធ្វើបាតុកម្មធំដូចកាលឆ្នាំ១៩៩៨ និង២០០២ទៀត។
តាមលោក សុខ ឥសាន ដោយសារការឈប់ដឹកនាំធ្វើបាតុកម្មនេះហើយ និងអាចលោក ជា វិជ្ជា ដឹងរឿងច្រើននោះហើយ ទើបកើតឡើងអំពើឃាតកម្មលើលោក ជា វិជ្ជា នៅដើមឆ្នាំ២០០៤។ លោកលើកជាសំណួរថា “តើអំពើឃាតកម្មនេះអាចចេញពីប្រភពណា ? តាមការប៉ាន់ស្មានរបស់មហាជនទូទៅយល់ថា មានតែចេញពីមជ្ឈដ្ឋានប្រឆាំង ដើម្បីបំបិទមាត់ និងដាក់កំហុសមកលើរាជរដ្ឋាភិបាល ដែលជាអ្នកទទួលខុសត្រូវលើសន្តិសុខសុវត្ថិភាពសាធារណសង្គម តាមបែបស្វាស៊ីបាយ យកមកលាបមាត់ពពែ ដើម្បីបង្វែងដានអំពើឃាតកម្មលើលោកជា វិជ្ជា។ ហេតុនេះ បានជាមានការស្មុគស្មាញក្នុងការស៊ើបអង្កេត។ គ្រាន់តែប្រពន្ធកូនលោកជា វិជ្ជា ក៏គេបំបរបង់ឲ្យទៅនៅប្រទេសឆ្ងាយដាច់សង្វែងដែរ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាពិចារណាតាមការគួរលើករណីឃាតកម្មនេះ”។
សូមបញ្ជាក់ថា លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅតូបលក់កាសែត ក្បែររបងវត្តលង្ការ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments