កណ្តាល ៖ មនុស្សស្រីម្នាក់រងរបួសធ្ងន់ គ្មានសង្ឃឹមរស់និងម្នាក់ទៀតរងរបួសស្រាល ដោយសារករណីគ្រោះចរាចរណ៍ដែលបង្កឡើងដោយរថយន្តToyota TACOMA មួយគ្រឿងបើកបុកជនរងគ្រោះធ្វើដំណើរដោយម៉ូតូ កាលពីវេលាម៉ោង៦កន្លះ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ។
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Toyota Tacoma ខាងលើបានបើកយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើត ចន្លោះគីឡូម៉ែត្រលេខ៣៤ និង៣៥ ជាចំណុចផ្លូវកោង រថយន្តនោះបានវ៉ាជែងជាមួយរថយន្តធុនធំមួយគ្រឿង បានជ្រុលចង្កូតមកបុកម៉ូតូជនរងគ្រោះចំនួន២គ្រឿងដែលកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យដួលគ្រោះថ្នាក់តែម្តង ចំណែករថយន្តបង្កនោះ បានជ្រុលចង្កូតធ្លាក់ផ្លូវនៅខាងឆ្វេងដៃ នៃទិសដៅធ្វើដំណើររបស់គេ ហើយអ្នកបើកបររថយន្តនេះមិនគ្រោះថ្នាក់ធ្ងន់ធ្ងរទេនិងបានលួចរត់គេខ្លួនបាត់ភ្លាមៗ។
ប៉ូលិសនិយាយថា រថយន្តបង្កហេតុម៉ាក តូយ៉ូតា តាកូម៉ា ពាក់ស្លាកលេខតាកែវ2A.1790 ប៉ុន្តែមិនទាន់ស្គាល់ឈ្មោះអ្នកបើកបរទេដោយសារគេរត់គេខ្លួនបាត់។
ចំណែកឯភាគីអ្នករងរបួសមាន២នាក់ ទី១ឈ្មោះ អឹម ទីតា ភេទស្រី អាយុ១៨ឆ្នាំ រងរបួសធ្ងន់ធ្ងរមិនសង្ឃឹមរស់ មុខរបរលក់ដូរ មានទីលំនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដា ស្កូពី ពាក់ស្លាកលេខ កណ្តាល 1O-8710 មានពាក់មួកសុវត្ថិភាពការពារ។ ទី២. ឈ្មោះ ហេង លីណា ភេទស្រី អាយុ១៣ឆ្នាំ របួសស្រាល មានទីលំនៅភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ជិះម៉ូតូម៉ាក ហុងដា ឌ្រីម (សង់) ពាក់ស្លាកលេខ ភ្នំពេញ1CK-5950 មានពាក់មួកសុវត្ថិភាពការពារ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ ចំណែកយានយន្តទាំងពីភាគី សុទ្ធតែខូចខាតធ្ងន់ ត្រូវបានដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ជាបណ្តោះអាសន្ន៕
Source: Kampuchea Thmey Daily
0 Comments