ក្លិបកីឡាបាល់ទាត់វិសាខា សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានបញ្ចប់ការប្រកួតមិត្តភាព ក្នុងកម្មវិធីដំណើរហ្វឹកហាត់និងប្រកួតមិត្តភាពកម្តៅសាច់ដុំរបស់ខ្លួន នៅប្រទេសថៃកាលពីពេលថ្មីៗក្រោយប្រើរយៈពេលជាង១០ថ្ងៃ ខណៈក្រុមនេះនៅតែរក្សានូវកំណត់ត្រាមិនស្គាល់ចាញ់នោះឡើយ។
លោក ហុក សុជីវ័ន គ្រូបង្វឹករបស់ក្រុមវិសាខា បានលើកឡើងថា «អ្វីយើងនៅស្ទើរបន្តិចនោះ គឺការប្រយុទ្ធនៅមិនទាន់ស៊ីចង្វាក់១០០ភាគរយនៅឡើយ។ កីឡាករខ្មែរយើងពិបាករកអ្នកលេងប្រយុទ្ធមួយដែលយល់ចិត្តគ្នា បើប្រៀបធៀបជាមួយកីឡាករកូរ៉េខាងជើងដែលគេស៊ីចង្វាក់គ្នាល្អ។ ប៉ុន្តែយើងក៏ឃើញពីភាពរីកចម្រើនកាន់តែច្រើន ហើយយើងក៏ព្យាយាមធ្វើឲ្យពួកគាត់កាន់តែល្អដើម្បីត្រៀមក្របខណ្ឌកំពូល និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។
ចំពោះលទ្ធផលប្រកួតមិត្តភាពនៅប្រទេសថៃ របស់ក្លិបកីឡាបាល់ទាត់វិសាខា កន្លងមកគឺធ្លាប់បានឈ្នះក្លិប PAHANG FA របស់ម៉ាឡេស៊ី ៣-១ បន្តឈ្នះក្លិប RSU FC ៥-០ ហើយស្មើគ្នាជាមួយក្លិប MOF CUSTOMS UNITED ១-១ តែវាយបកយកឈ្នះវិញ ១-០ ក្នុងជំនួបមិត្តភាពលើកទី២ បន្តយកឈ្នះក្លិប Air Force United ១-០ និងចុងក្រោយស្មើក្លិប BTU United ២-២។
ក្លិបលេខ៣ឆ្នាំចាស់ក្នុងលីគកំពូលកម្ពុជានេះ បានរៀបចំកម្មវិធីបោះជំរុំហ្វឹកហាត់ Pre-Season Tour នៅប្រទេសថៃ ចាប់ពីថ្ងៃទី៧ ខែមករា ដល់១៨ ខែមករា ឆ្នាំ២០១៩ ខណៈក្រុមនេះនៅតែបន្ដហ្វឹកហាត់ និងប្រកួតមិត្តភាពក្នុងស្រុកមួយចំនួន ដើម្បីត្រៀមរដូវកាលថ្មី ទាំងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជានិងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments