Ad Code

មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​អះអាងថា ​ការ​ទាមទារ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ជា​កញ្ចប់​របស់​កម្មករ​ គឺ​មិនអាច​ទៅរួច​ទេ​



​ភ្នំពេញ​ ៖​ មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​អះអាងថា​ ការ​ទាមទារ​បើកប្រាក់​បំ​ណា​ច់​អតីតភាព​ការងារ​ជា​កញ្ចប់​របស់​កម្មករ​និយោជិត ​គឺ​មិនអាច​ទៅរួច​ទេ​ ដោយសារតែ​ថៅកែ​រោងចក្រ​សហគ្រាស​នានា​ មិន​មាន​លទ្ធភាព​ទូទាត់​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទាំងនោះ​បានឡើយ​។​

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី​៣១ ​ខែធ្នូ ​ឆ្នាំ​២០១៨​ ឲ្យ​ដឹងថា ​«​ការ​តវ៉ា​របស់​កម្មករ​និយោជិត ​ស្នើសុំ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ជា​កញ្ចប់​នេះ ​គឺ​ផ្ទុយ​នឹង​ច្បាប់​ដែល​បានកំណត់​ឲ្យ​ថៅកែ​រោងចក្រ​សហ​គ្រាស​ត្រូវ​បើក​ជា​ដំណាក់កាលៗ​ដោយសារ​ថៅកែ​មិនមាន​លទ្ធភាព​ទូទាត់​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទាំងនោះ​ជួន​កម្មករនិយោជិត​ជា​កញ្ចប់​បានទេ​»​។​

លោក​បាន​លើក​ឧទាហរណ៍​មក​បញ្ជាក់ថា ​តាមច្បាប់​កំណត់​កន្លងមក​ កម្មក​រ​ត្រូវ​ទទួលបាន​ប្រា​ក់បំ​ណាច់​អតីតភាព​ការងារ​តាម​ដំណាក់កាល​ដូចជា​ បើ​ក​ម្មករ​ធ្វើការ​បាន​៥​ទៅ​១០​ឆ្នាំ ​ត្រូវ​បើក​ក្នុង​រយៈពេល​២​ឆ្នាំ​ម្តង ​ព្រោះ​បើ​ឲ្យ​ថៅកែ​បើក​ទាំងអស់នោះ​ គឺជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​រោងចក្រ​នី​មួយៗ​ហើយ​ប្រហែលជា​ថៅកែ​នឹង​មិនអាច​រកប្រាក់​មក​បើក​ឲ្យ​កម្មករនិយោជិត​បានឡើយ​។​
​ ​
ការលើក​ឡង​របស់​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​កម្មករនិយោជិត​នៅតាម​រោងចក្រ​មួយចំនួន​បានធ្វើ​ការតវ៉ា​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ជា​កញ្ចប់​តែម្តង​ដោយ​មិនចាំបាច់​បើក​ជា​ដំណាក់កាលៗ​នោះទេ​។​

​ការដែល​កម្មករ​និយោជិត​ទាមទារ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ​ដោយសារ​តែមាន​កម្មករ​ខ្លះ​ត្រូវការ​ថវិកា​ដើម្បី​យកទៅ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ ឬ​យកទៅ​សងបំណុល​គេ ​ព្រោះ​ថាបើ​ថ្ងៃ​ក្រោយ​ពួក​គាត់​សុំ​ឈប់​ដោយ​ខ្លួនឯង​ដោយ​ប្រការ​ណាមួយ​នោះ​ គឺ​មិន​ទទួលបាន​ប្រាក់​អតីតភាព​ការងារ​នេះឡើយ​។​
​ ​
ចំណែក​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បានចេញ​សេចក្តី​ជួន​ដំណឹង​មួយ​កាលពី​ថ្ងៃទី​២៨​ខែធ្នូ ​ឆ្នាំ​២០១៨ ​កន្លងទៅនេះ​ ដោយបាន​ស្នើ​ដល់​សមាគម សហជីព ​និង​កម្មករនិយោជិត​ត្រូវ​រក្សា​ភាព​នឹងន​ក្នុង​ចិត្ត​ចៀសវាង​ការចាញ់បោក​បញ្ឆោត​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​ដែលមាន​បំណង​ញុះញង់​បង្ក​អស្ថិរភាព​នក​ក្នុង​សហគ្រាស​គ្រឹះស្ថាន​ដែល​អាច​បំផ្លាញ​ការងារ​អចិន្ត្រៃយ៍​របស់​បងប្អូន​កម្មករ​និយោជិត​។​

សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​បន្តថា ​រាជរដ្ឋាភិបាល​ នឹង​តម្រូវ​ឲ្យ​សហគ្រាស គ្រឹះស្ថាន​នានា​ធ្វើការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករនិយោជិត​ដែល​បាននិងកំពុង​ប្រើប្រាស់​កិច្ច​សន្យា​ការងារ​មាន​ថិរវេលា​មិន​កំណត់​ ឬ​កិច្ចសន្យា​រយៈពេល​វែង​២​ដង ​ក្នុង​មួយឆ្នាំ ​គឺ​ក្នុង​ខែមិថុនា ​និង​ខែធ្នូ​ដោយ​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែមិថុនា​ឆ្នាំ​២០១៩​តទៅ​។​

ចំណែក​ការបើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​របស់​កម្មករ​និយោជិត​ដែលមាន​មុន​ឆ្នាំ​២០១៩​ក្រសួង​កំពុងធ្វើការ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន​ដើម្បី​កំណត់​កាលវិភាគ​ជាក់លាក់​មួយ​ក្នុងការ​តម្រូវ​ឲ្យ​សហគ្រាស​គ្រឹះស្ថាន អនុវត្ត​កាតព្វកិច្ច​លើ​ការបើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ​។​

យ៉ាងណាក៏ដោយ ​ក្នុងអំឡុងពេល​ នៃ​ការទូទាត់​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ ក្រសួង​សូម​ធានា​ចំពោះ​អត្ថប្រយោជន៍​ស្របច្បាប់​នានា ដែល​បងប្អូន​កម្មករ​និយោជិត​មាន ហើយ​ដែល​សហគ្រាស គ្រឹះស្ថាន​ក្ស័យធន ឬ​បិទទ្វារ​ណាមួយ​មិនទាន់បាន​ទូទាត់​ជូន​បងប្អូន​កម្មករ​និយោជិត។​

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​ឲ្យ​ដឹង​ដែរ​ថា​ កម្មករ​ដែល​ធ្វើការ​តវ៉ា​ គឺ​ទាមទារ​ឲ្យ​ថៅកែ​រោច​ក្រ​បើកប្រាក់​អតីតភាព​ការងារ​ជា​កញ្ចប់​ដោយ​មិន​ចាំ​ចាច់​ធ្វើ​ការ​បើក​រំ​លួស​នោះទេ​ ព្រោះថា​មានកម្ម​ករ​ខ្លះ​ធ្វើការ​ពី​៥​ទៅ​១០​ឆ្នាំ​មកហើយ ​គាត់​ចង់​សម្រាក​ ឬ​ខ្លះ​ទៀត​មាន​ជំងឺ​មិនអាច​ធ្វើការ​បន្តទៀត​បា​ន​ជាដើម​។​

លោក​ទទួល​ស្គាល់​ថា​ ការ​តវ៉ា​របស់​កម្មករ ​គឺ​មិន​ស្របទៅតាម​ច្បាប់​ដែរ​ដោយសា​រថា​ ការបើកប្រាក់​អតីតភាព​ការងារ​ដល់​កម្មករ​ទាំង​អស់​បាន​លុះត្រាតែ​កម្មករ​នោះ​ ត្រូវ​បាន​ថៅកែ​រោងចក្រ​បញ្ឈប់​តែ​បើ​ឈប់​ដោយ​ខ្លួនឯង​នោះ​នឹង​មិន​បាន​ទទួល​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែរ​។​

ទោះជា​យ៉ាងណាក៏ដោយ​ លោក ​ប៉ាវ ស៊ីណា ​បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​គួរ​តែ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដោយមាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ជូន​ដល់​កម្មករ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu