Ad Code

នាវាចម្បាំង​អាមេរិក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​ចិន



រដ្ឋាភិបាល​កោះ​តៃវ៉ាន់​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​ពីរ​គ្រឿង​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ប្រតិបត្តិការ​លើកដំបូង​នៅ​ឆ្នាំនេះ​ ខណៈដែល​ខ្លួន​បង្កើន​ភាព​ញឹកញាប់​នៃ​ការ​ឆ្លងកាត់​តាមរយៈ​ផ្លូវ​ទឹកជា​យុទ្ធសាស្ត្រ​នេះ​ចំពេល​មាន​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន​។​

ការធ្វើដំណើរ​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​បន្ថែមទៀត​ជាមួយ​ប្រទេស​ចិន​ដែល​ចាត់ទុក​កោះ​តៃវ៉ាន់​ថា​ជា​របស់ខ្លួន​ហើយ​មិនបាន​ច្រានចោល​គំនិត​ប្រើ​កម្លាំង​ដើម្បី​នាំ​កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ​ឲ្យ​មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​នោះទេ​។​

ក្រសួងការពារជាតិរ​បស់​កោះ​តៃវ៉ាន់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នាវា​ទាំងពីរ​គ្រឿង​នេះ​កំពុងធ្វើដំណើរ​ទៅ​ទិសដៅ​ខាងកើត​និង​ថា ការធ្វើដំណើរ​របស់​ពួកគេ​គឺ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​។​

ក្រសួង​បាន​និយាយថា កោះ​តៃវ៉ាន់​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​ចំពោះ​ប្រតិបត្តិការ​នេះ​ដើម្បី​ធានា​សន្តិសុខ​នៃ​សមុទ្រ​និង​ស្ថេរភាព​ក្នុង​តំបន់​។​

ទង្វើ​នេះ​ទំនងជា​ត្រូវបាន​គេ​មើលឃើញ​នៅ​កោះ​តៃវ៉ាន់​ថា​ជា​សញ្ញា​មួយ​នៃ​ការគាំទ្រ​ពី​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​អាមេរិក Donald Trump ចំពេល​មាន​ជម្លោះ​រវាង​ទីក្រុង​តៃប៉ិ​និង​ប៉េកាំង​។​

ប្រទេស​ចិន​បាន​បង្កើន​សម្ពាធ​លើ​កោះ​តៃវ៉ាន់​ចាប់តាំងពី​លោកស្រី​ប្រធានាធិបតី Tsai Ing-wen មកពី​គណបក្ស​គាំទ្រ​ឯករាជ្យ​បាន​ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០១៦​។ ចិន​បាន​បញ្ជូន​យន្តហោះ និង​នាវា​យោធា​ទៅ​ជុំវិញ​កោះ​នេះ​នៅក្នុង​ការធ្វើ​សមយុទ្ធ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។​

ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុង​ប៉េកាំង​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​យន្តហោះ​ជាច្រើន​គ្រឿង​តាមរយៈ​ច្រក Bashi ដែល​បែងចែក​កោះ​តៃវ៉ាន់​ពី​ប្រទេស​ហ្វីលីពីន​។​

ក្រសួង​បាន​និយាយថា ប្រតិ​ប​ត្ដិ​ការ​ចិន​ស្រដៀង​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គា​រហើយ​ប្រតិបត្តិការ​ទាំងពីរ​នេះ​ត្រូវបាន​គេ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu