ភ្នំពេញ ៖ តារាស្រី អ្នកនាង ទូច ស្រីល័ក្ខ ស្របពេលដែលមានការចែករំលែកយ៉ាងព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក លើករណីស្ត្រីជាម្តាយមានចិត្តអប្រិយម្នាក់ បានប្រើហិង្សាដោយយកកាំបិតកាប់ម្រាមដៃ និង វាយដំកូនស្រីរបស់ខ្លួនទើបអាយុ៥ឆ្នាំនោះ ភ្លាមៗនេះ នាងក៏បានបញ្ចេញប្រតិកម្មបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងស្នើឲ្យមានវិធានការតាមផ្លូវច្បាប់ចំពោះស្ត្រីជាម្តាយរូបនោះ។
ការចេញមុខរិះគន់ និងបង្ហាញក្តីរន្ធត់តក់ស្លុតក្នុងចិត្តខ្លាំង រហូតស្រក់ទឹកភ្នែកពីសំណាក់ អ្នកនាង ទូច ស្រីល័ក្ខ ខាងលើនេះ បានធ្វើឡើងបន្ទាប់មានការបង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ភ្ជាប់ជាមួយរូបភាពក្មេងស្រីរងគ្រោះបែបនេះថា ថ្ងៃនេះខ្ញុំគេងមិនលក់ទេ ព្រោះមានម្តាយចិត្តខ្មៅលើកដៃវាយ និងយកកាំបិតបុ័ងតោដេញកាប់កូនចំពោះមុខខ្ញុំយ៉ាងនេះ ម្តាយចិត្តអប្រិយ ទោះយ៉ាងម៉េចក៏ដោយ មិនគួរធ្វើដាក់ក្មេងបែបនេះដែរ ម្តាយអញ្ចឹងត្រូវដាក់ទោសម៉េច មេត្តាជួយស៊ែរគ្នាផង។
ជាប្រតិកម្មរបស់ អ្នកនាង ទូច ស្រីល័ក្ខ បានលើកឡើងថា ឱ !អ្នកម្តាយចិត្តអប្រិយអើយ ហេតុអ្វីក៏ដាច់ចិត្តលើកដៃយកកាំបិតបុ័ងតោកាប់ដៃកូនយ៉ាងនេះ សួរថាម្តាយចិត្តអប្រិយដូចជាអ្នកឯងនេះ តើគួរតែនៅក្នុងគុក ឬក៏គួរយកមកកាប់ដៃវិញ? ខ្ញុំឈឺផ្សារណាស់លោកអើយ ទឹកភ្នែករបស់ខ្ញុំវាស្រក់ព្រោះពិតជាអាសូរក្មួយស្រីណាស់ តើមានទេនៅលើលោកនេះដែលមានម្តាយប្រដៅកូនដោយយកកាំបិតកាត់ដៃកូនខ្លួនឯងអាយុ៥ឆ្នាំបែបនេះ?។
បន្ថែមពីលើនេះ អ្នកនាង ទូច ស្រីល័ក្ខ និយាយថា ដៃហូរឈាមក្រហមឆ្អៅប្រឡាក់ពេញខ្លួន ទួញយំស្រែក ដោយភាពឈឺចាប់ ដោយមិននឹកស្មានថា ម្តាយរបស់ខ្លួនហ៊ានលើកដៃយកកាំបិតបុ័ងតោមកដេញកាប់កូនបែបនេះសោះ ក្នុងក្តីរន្ធត់អាណិតក្មេងមិនទាន់ដឹងក្តី បែររងក្តីទារុណ ពីម្តាយបែបនេះម្តាយអញ្ចឹងត្រូវដាក់ទោសយ៉ាងម្តេច មេត្តាជួយស៊ែរគ្នាផង។
ជុំវិញករណីដ៏ភ្ញាក់ផ្អើល និងរន្ធត់ ក្រោយពេលឃើញរូបភាពក្មេងស្រីអាយុ៥ឆ្នាំ នៅដៃប្រឡាក់ដោយឈាម បន្ទាប់ពីរងនូវទារុណកម្ម នៃអំពើហិង្សារបស់ម្តាយខាងលើនេះដែរ គេនៅមិនទាន់ឃើញមានការបញ្ជាក់ច្បាស់អំពីទីកន្លែងកើតហេតុ និង សាច់រឿងលម្អិតពីករណីនេះនៅឡើយទេ ខណៈមានទស្សនិកជនជាច្រើនកំពុងចាប់អារម្មណ៍ខ្លាំងទាក់ទងនឹងរឿងរ៉ាវមួយនេះ៕
Source: Kampuchea Thmey Daily
0 Comments