ព្រះបរមរាជវាំងបានឲ្យដឹងនៅថ្ងៃពុធថា ព្រះមហាក្សត្រថៃបានចេញព្រះរាជក្រឹត្យមួយដែលអនុម័តលើការបោះឆ្នោតទូទៅជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មកដោយកាលបរិច្ឆេទនៃការបោះឆ្នោតដែលត្រូវបានពន្យារពេលដ៏យូរនេះត្រូវបានគេរំពឹងថានឹងប្រកាសក្នុងពេលយ៉ាងឆាប់រហ័ស។
ព្រះរាជក្រឹត្យដែលចុះផ្សាយក្នុងកាសែត Royal Gazette បានអំពាវនាវឲ្យមានការបោះឆ្នោតជ្រើសរើសសមាជិកសភានិងផ្តល់ពេលឲ្យគណៈកម្មាធិការបោះឆ្នោតរបស់ប្រទេសនេះចំនួនប្រាំថ្ងៃដើម្បីប្រកាសអំពីពេលវេលាដែលខ្លួននឹងរៀបចំការបោះឆ្នោត។
ការបោះឆ្នោតនេះនឹងក្លាយជាលើកដំបូងចាប់តាំងពីរបបយោធាផ្តួលរំលំរដ្ឋបាលរបស់លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រាកាលពីជិតប្រាំឆ្នាំមុនហើយបានសរសេររដ្ឋធម្មនុញ្ញជាថ្មី បង្កភាពច្របូកច្របល់និងការតែងតាំងសម្ព័ន្ធមិត្តយោធាសំខាន់ៗឲ្យកាន់តំណែងការិយាធិបតេយ្យ។
របបយោធាបាននិយាយថា ការបោះឆ្នោតនេះនឹងត្រូវរៀបចំឡើងមិនលើសពីចុងខែកុម្ភៈទេប៉ុន្តែការឡាយព្រះហស្តយឺតយ៉ាវដោយព្រះមហាក្សត្រ Maha Vajiralongkorn ព្រះជន្ម៦៦វស្សាអាចមានន័យថា ការបោះឆ្នោតនេះអាចពន្យាពេលជាច្រើនសប្តាហ៍ទៀត។
ព្រះរាជក្រឹត្យនេះមានន័យថា ការធ្វើយុទ្ធនាការឃោសនាអាចចាប់ផ្តើមជាផ្លូវការបានថ្វីបើមានគណបក្សថ្មីៗជាច្រើនរួមទាំងគណបក្សដែលមានសម្ព័ន្ធភាពជាមួយយោធាឬក្រុមដទៃទៀតដែលជាបក្សពួកត្រកូលស៊ីណាវ៉ាត្រាបានចាប់ផ្តើមកិច្ចប្រជុំនិងជ្រើសរើសរួចទៅហើយក៏ដោយ។
ក្រុមអ្នកវិភាគបាននិយាយថា យោធាកំពុងត្រៀមខ្លួនដើម្បីវិលត្រឡប់មកកាន់រដ្ឋាភិបាលវិញតាមរយៈគណបក្សរបស់ខ្លួនជាមួយមេដឹកនាំយោធាលោក ប្រាយុទ្ធ ចាន់អូចា ដែលបានដើរតួនាទីជាមេដឹកនាំស៊ីវិលបន្ទាប់ពីការបោះឆ្នោត។
គណបក្ស Phalang Pracharat ដែលមានទំនាក់ទំនងជាមួយកងទ័ពដឹកនាំដោយសមាជិកគណៈរដ្ឋមន្ត្រីនៃរបបយោធាបានបង្កើតការជ្រើសរើសកម្លាំងនៅក្នុងមូលដ្ឋានជនបទដែលធ្លាប់ជាកន្លែងទទួលបានជោគជ័យរបស់លោកស្រីយីងឡាក់និងបងប្រុសថាក់ស៊ីនដែលត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារកាលពីឆ្នាំ២០០៦។
ភាពមិនប្រាកដប្រជាលើកាលបរិច្ឆេទនៃការបោះឆ្នោតបានបង្កឲ្យមានបាតុកម្មតូចៗនៅក្នុងទីក្រុងបាងកកនៅខែនេះប៉ុន្តែក្រុមអ្នកវិភាគមិនរំពឹងថានឹងប្រែក្លាយទៅជាការតវ៉ាដោយហិង្សាជាថ្មីដូចកាលក្រោយពេលលោកថាក់ស៊ីនត្រូវបានទម្លាក់នោះទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments