Ad Code

មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន និង​ម្នាក់ទៀត​រត់គេច​ខ្លួន ​



​​ប៉ៃលិន ​៖​ កាលពី​វេលា​ម៉ោង១៣និង០០​នាទី ​ថ្ងៃអាទិត្យ ៧​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បា​ន​ធ្វើការ​ឆែកឆេរ​លើ​ជនសង្ស័យ ដែលជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដោយ​រឹប​អូស​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​០២​កញ្ចប់​តូច ដែល​ជាប់​នឹង​ខ្លួន​ជនសង្ស័យ ព្រមទាំង​បន្ត​ឆែកឆេរ​ផ្ទះ​ជន​សង្ស័យ​ម្នាក់ ក៏​ប្រទះឃើញ​ម្សៅ​ក្រាម​ ពណ៌ស ​សង្ស័យ​ជា​ទឹកកក​ចំនួន​៣​កញ្ចប់ ប៉ុន្តែ​ម្ចាស់ផ្ទះ​បាន​រត់​គេចខ្លួនបាត់​។

​ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង​នៅ​ភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន និង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។​

លោក​វរសេនីយ៍ត្រី យ៉ៃ​ម សារិទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹងថា​ នៅ​ថ្ងៃកើតហេតុ​ខាង​លើ លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ធ្វើការ​ឆែកឆេរ​លើ​ជនសង្ស័យ​ ឈ្មោះ វុន សំ​អូន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស្ថិតនៅ​ភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ក៏​ប្រទះឃើញ​មាន​ម្សៅ​ក្រាម​ពណ៌ស ដែល​សង្ស័យ​ជា​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​តូច ព្រមទាំង​ធ្វើការ​ឃាត់​ខ្លួន​ភ្លាមៗ។

លោក​អធិការ​រូបនេះ​បន្តថា​ ក្រោយពី​ធ្វើការ​ឃាត់​ខ្លួន និង​សាកសួរ ​សមត្ថកិច្ច​ជំនាញ ក៏​ក្តាប់​បាន​នូវ​មុខសញ្ញា​ម្នាក់​ ដែល​នៅ​ភូមិ​ផ្សេងគ្នា ពេលនោះ​លោក​ក៏​សុំ​គោលការណ៍ ពី​លោក​ព្រះរាជអាជ្ញា និង​ឈានដល់​ការចុះទៅ​ឆែកឆេរ ទៅដល់​លំនៅស្ថាន របស់​មុខសញ្ញា​ម្នាក់​ ឈ្មោះ សាន់ ស៊ា​ក ភេទ​ស្រី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ប៉ុន្តែ​ម្ចាស់ផ្ទះ​បាន​រត់​គេចខ្លួនបាត់ ជា​លទ្ធផល​ នៃ​ការ​ឆែកឆេរ​ គឺ​ប្រទះឃើញ​មាន​ម្សៅ​ក្រាម​ពណ៌ស ដែល​សង្ស័យ​ជា​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់ នៅ​ខាងក្រោយ និង​ក្នុង​របង​ផ្ទះ​ជនសង្ស័យ​បន្ថែម​ផង​ដែរ​។​

បច្ចុប្បន្ន​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu