Ad Code

សង្ស័យ​ទុស្សេ​ខ្សែភ្លើង ​ផ្ទះ​ពលរដ្ឋ​៤​ខ្នង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ ទទួលរង​ការខូចខាត​ទាំងស្រុង ​



​ប៉ៃលិន ​៖ ​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល ថ្ងៃអាទិត្យ ៧​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង ​នៅ​ចំណុច​ផ្សារ​ប៉ាង​រលឹម ស្ថិត​ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​សមត្ថកិច្ច​ជំនាញ​សង្ស័យ​ថា​ អាចជា​ករណី​ទុស្សេ​ខ្សែ​ភ្លើង​ក្នុង​ផ្ទះ​ជាងក្រឡឹង ដែល​ម្ចាស់​ទុក​ចោល​។​

បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ​គេ​ឮ​សំឡេង​ផ្ទុះ​ផិ​ច​ផុ​ច​(​សំឡេង​តិច​) ក្នុង​ផ្ទះ​ជាងក្រឡឹង ដែល​ម្ចាស់​ចាក់សោ​ទុកចោល រវល់​ទៅលេង​រមណីយដ្ឋាន​ចម្ការ​ស្វាយ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង បន្តិចក្រោយមក ​ក៏​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​ក្នុង​ផ្ទះ​នោះ​ឡើង ក៏​មាន​ការភ្ញាក់ផ្អើល នាំគ្នា​វាយ​សោ ដែល​ចាក់​ខាងក្រៅ​ចេញ ដើម្បី​ចូលទៅ​ពន្លត់ តែ​ស្ថាន​ការណ៍​ឆេះ​ខ្លាំងពេក ក៏​នាំគ្នា​រត់​ចេញមកក្រៅ​វិញ ដើម្បី​រក​វិធី​អន្តរាគមន៍​បន្ត។

ប្រភពព័ត៌មាន បាន​បន្តថា​ គ្រាន់តែ​ចេញមក​ខាងក្រៅ​ភ្លាម អណ្ដាតភ្លើង​រឹត​តែ​ឆាបឆេះ​ខ្លាំង​ឡើង រហូត​តេ​ហៅ​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ ឲ្យ​មកជួយ​អន្តរាគមន៍​ផងដែរ ដោយ​ប្រើប្រាស់​ទឹកជា​ច្រើន​រថយន្ត ដើម្បី​ពន្លត់ រហូតដល់​ម៉ោង​ប្រមាណ​៥​និង​១៥​នាទី ទើប​ភ្លើង​រលត់​ទាំងស្រុង​ផងដែរ។​

បើតាម​ការ​ឲ្យ​ដឹង​ពី ​លោក​វរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន មាន​ប្រសាសន៍​ថា​ មូលហេតុ នៃ​ការឆេះ​ខាងលើនេះ ​គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែ​ភ្លើង ដែល​ឆេះ​ចេញពីផ្ទះ របស់​ជាង​ក្រឡឹង​គ្រឿង​ម៉ាស៊ីន ដោយ​ម្ចាស់ផ្ទះ​មិន​នៅ និង​ចាក់សោ​ផ្ទះ​ចោល ហើយ​ចំពោះ​ការ​ឆាបឆេះ​ផ្ទះ​នេះ​ដែរ គឺមាន​ផ្ទះ​ពលរដ្ឋ​រងគ្រោះ​ចំនួន​៤​ខ្នង ដោយ​ឆេះ​ទាំងស្រុង​ចំនួន​៣​ខ្នង និង​ស្រាល​ចំនួន​១​ខ្នង​ផ្ទះ និង​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់ ដល់​អាយុជីវិត​នោះ​ទេ។​

លោក​អធិការ​បន្តថា ជនរងគ្រោះ ដែល​កើតមាន​អគ្គិភ័យ រួមមាន ទី​១​-ឈ្មោះ ហេង សាន ប្រពន្ធ​ឈ្មោះ តឿ ស្រី​ពេជ្រ​(​ផ្ទះ​ជាងក្រឡឹង​គ្រឿង​ម៉ាស៊ីន​)(​ឆេះ​ទាំងស្រុង​),​ទី​២-​ឈ្មោះ ដា ឡែ​ន ដែល​មាន​ប្រពន្ធ​ ឈ្មោះ មុំ ផ្ទះ​ជាង​ជួសជុល​ម៉ាស៊ីន​(​ឆេះ​ទាំងស្រុង​),​ទី​៣-​ឈ្មោះ គា គឹម​លាង ភេទ​ស្រី​(​ផ្ទះ​លក់​ចំណី​សត្វ​)(​ឆេះ​ទាំងស្រុង​) និង​ទី​៤​-ឈ្មោះ វណ្ណឌី ភេទ​ប្រុស​(​ផ្ទះ​លក់​ថ្នាំ និង​សម្ភារៈ​កសិកម្ម​)(​ឆេះ​មួយ​ផ្នែក​ខាងក្រោយ​)​។

លោក​អធិការ បាន​បន្តទៀតថា​ ចំពោះ​ករណីនេះ សមត្ថកិច្ច​ជំនាញ បាន​ចុះ​អន្តរាគមន៍​ផ្ទាល់ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ចំនួន​២​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតនៈមណ្ឌល​ចំនួន​១​គ្រឿង ក្នុង​នោះ​យើង​ប្រើប្រាស់​អស់​ទឹក​ចំនួន​០៧​ឡាន ហើយ​បាន​ពន្លត់​រួច​ជា​ស្ថាពរ​ នៅវេលា​ម៉ោង១៧​និង​១៥​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ។​

សូមបញ្ជាក់ថា​ ក្រោយពេល​កើតហេតុ​ គេ​សង្កេតឃើញ​ លោក ហែម ឬ​ទ្ធី អភិបាលរង​ខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​អភិបាលក្រុង​ប៉ៃលិន ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ចូលរួម​រំលែកទុក្ខ​ដល់​ជនរង​គ្រោះ​ទាំងអស់ ដែល​បាន​បាត់បង់​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ ដោយ​នឹក​ស្មាន​មិន​ដល់​ផង​ដែរ។ ចំណែក​ការខូចខាត​ទ្រព្យសម្បត្តិ​នៅ​មិនទាន់​ដឹង​ចំនួន​នៅទេ៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu