ភ្នំពេញ ៖ ជនសង្ស័យជំនាញខាងឆក់ទ្រព្យសម្បត្តិរបស់ជនបរទេសម្នាក់ ក្នុងចំណោម២នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី៣ ឃាត់ខ្លួនជាក់ស្ដែង ក្នុងករណីលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា ធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនបរទេស កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ១៧៤ កែងផ្លូវព្រះនរោត្តម ស្ថិតក្នុងភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យមានបក្ខពួកចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE-8005 មកពីមុខជនរងគ្រោះ ហើយជនសង្ស័យម្នាក់ ដែលអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីជាជនរងគ្រោះ ជនជាតិអង់គ្លេស ខណៈកំពុងដើរជាមួយមិត្តស្រី តាមផ្លូវលេខ១៧៤ ពីទិសកើត ទៅលិចបានសម្រេច។
សមត្ថកិច្ចមូលដ្ឋានបានបន្តទៀតថា ខណៈជនរងគ្រោះបានស្រែកឆោឡោ ហើយត្រូវបានកម្លាំងល្បាតរបស់ខណ្ឌ និងកម្លាំងល្បាតរបស់ប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារថ្មី សហការជាមួយកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃើញហេតុការណ៍ ក៏បានដេញប្រផាប់ចាប់ប្រភីង រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកធ្វើសកម្មភាពឆក់ រួមជាមួយវត្ថុតាងម៉ូតូមួយគ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព និងកាបូបស្ពាយរបស់ជនរងគ្រោះ នាំមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញតែម្ដង។
សមត្ថកិច្ចបន្តថា ជនសង្ស័យឃាត់ខ្លួនមាន ឈ្មោះ អុន ស៊ីដេត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាអុង ឃុំពាមឧញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
ដោយឡែក ជនសង្ស័យម្នាក់ទៀត ឈ្មោះ ឡុង ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបើកម៉ូតូ បានរត់គេចខ្លួនចោលម៉ូតូបាត់។ រីឯវត្ថុតាងចាប់យកបានរួមមាន កាបូបស្ពាយ ពណ៌ខ្មៅមួយ លិខិតឆ្លងដែនមួយ ទូរស័ព្ទដៃចំនួន២គ្រឿង (ជារបស់ជនរងគ្រោះ) និងម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព។ ចំណែក ជនរងគ្រោះឈ្មោះ CLARISSA MINNI ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិអង់គ្លេស មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ515990171 ស្នាក់នៅសណ្ឋាគារចល័ត។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយធ្វើការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានធ្វើតេស្តទឹកនោមលើជនសង្ស័យឈ្មោះ អុន ស៊ីដេត រកឃើញក្នុងខ្លួនមានសារធាតុញៀន។ ចំពោះករណីនេះដែរ កម្លាំងសមត្ថកិច្ច បាន និងកំពុងប្រើប្រាស់វិធានការជំនាញ សួរចម្លើយរកបក្ខពួកសេសសល់ និងប្រវត្តិសកម្មភាពប្រព្រឹត្តបទល្មើសកន្លងមក ដើម្បីចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments