Ad Code

ជន​សង្ស័យ​ម្នាក់​ ​ត្រូវ​ឃាត់​ខ្លួន ​ក្រោយ​ពី​ឆបោក​លុយ​ឪពុកមា​របស់​ខ្លួន​អស់​ជាង​២០​ម៉ឺន​ដុល្លារ



​បាត់ដំបង​ ៖ ជនសង្ស័យ​ ដែល​ជាប់​ពាក់ព័ន្ធ​ ពីបទ​ឆបោក​ម្នាក់ ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​អំណាច​ដីកា​បង្គាប់​ចាប់​ និង​ឃុំខ្លួន ​ពាក់ព័ន្ធ​សំណុំរឿង​ថា​ បាន​ឆបោក​ប្រាក់​ឪពុកមា​របស់​ខ្លួន​ជាង​២០​ម៉ឺន​ដុល្លារ​ និង​គ្រឿងអលង្ការ​មួយចំនួនទៀត​ផងដែរ​។​

ការចុះ​អនុវត្តន៍​ដីកា​នេះ​ដែរ​ ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​ នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​ បានធ្វើ​ឡើង​កាលពី​ចុង​សប្ដាហ៍​កន្លង​មក​ថ្មីៗ​នេះ ​ដោយមាន​ការសម្របសម្រួល​ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ និង​ឃុំខ្លួន​លេខ​០៥​ ចុះ​ថ្ងៃទី​០៩ ​ខែ​មករា​ ឆ្នាំ​២០១៩​ ពី​ លោក​ លិ​សុខា​ ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ឆ្លើយតប​តាម​ពាក្យបណ្ដឹង​របស់​ឪពុកមា​ជា​ជនរងគ្រោះ ​ក្នុង​សំណុំរឿង​ឆបោក​ប្រាក់​ដុល្លារ​ជា​ច្រើន​សន្ធឹកសន្ធាប់​ ព្រមទាំង​គ្រឿងអលង្ការ​មួយចំនួនទៀត​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ កាលពី​អំឡុង​ខែ​កក្កដា ​ឆ្នាំ​២០១៧ ​កន្លងទៅ ​ក្នុង​ខេត្តបាត់ដំបង​។​

ជនរងគ្រោះ​មានឈ្មោះ​ ចាង​ គឹម​នី​ ចាស់ជរា ​និង​មាន​ជំងឺ​រ៉ាំរ៉ៃ ​រស់នៅ​ភូមិ​គោ​រដ្ឋា​ន​ សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ ​ខេត្ត​បន្ទាយមានជ័យ​។ ចំណែកឯ​ជនសង្ស័យ​ ឈ្មោះ​ មិច​ គំនិត ​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​ជាមួយគ្នា​ ត្រូវជា​ក្មួយ​របស់​ជនរងគ្រោះ​ផងដែរ​។​

ប្រភពពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បង្ហើប​អោយឲ្យដឹងថា​ កាលពី​អំឡុង​ខែ​កក្កដា​ ឆ្នាំ​២០១៧​ជនជាប់ចោទ​ជាមួយ​ដៃគូ​ម្នាក់ទៀត​បាន​រៀប​គម្រោង​ប្រើ​ឧបាយកល​បោកប្រាស់​យក​ប្រាក់​ពី​ជនរង​គ្រោះ​លើក​ទី​១ ​អស់​ចំនួន​១៥​ម៉ឺន​ដុល្លារ​អាមេរិក ​ក្នុង​ក្រោម​លេស​យក​ទៅ​ធ្វើ​រូបសំណាក ដែល​ធ្វើ​ពី​មាស ​នៅ​ភ្នំ​គូលែន​ និង​ទិញ​ព្រលឹង​ជីវិត​ពី​ប្រទេស​ឥណ្ឌា ​ដើម្បី​រំដោះគ្រោះ​កាច​ ដោយ​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ​មកហើយ​។ ក្រោយ​មក​ ជា​លើក​ទី​២​ បាន​ល្បួង​អ្នក​ជំងឺ​ជា​ជនរងគ្រោះ​នូវ​ទឹកប្រាក់​ចំនួន​៩​ម៉ឺន​ដុល្លារ ព្រមទាំង​គ្រឿងអលង្ការ​ពី​ជនរងគ្រោះ​មួយចំនួន​បន្ថែមទៀត​ ក្រោម​ហេតុផល​ដាក់​តម្កល់​នៅ​លើ​អាសនៈ ​ក្រោមលេស​ថា​ ធ្វើ​កិច្ច​ឲ្យ​បាន​ឆាប់​ជាសះស្បើយ​ ចុងក្រោយ​ជនសង្ស័យ​ក៏​យ​ក​ប្រាក់​ និង​គ្រឿងអលង្ការ​ទាំងអស់​ទៅ​បាត់​ ហើយ​ជំងឺ​ឪពុកមា ​នៅតែមាន​សភាព​ធ្ងន់ធ្ងរ​ដដែល​។​

ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ឃាត់​ និង​នាំ​ខ្លួន​ កាលពី​ថ្ងៃទី​២៦ ​ខែ​មករា​ ឆ្នាំ​២០១៩​ កន្លងមក​ថ្មីៗ​នេះ​បច្ចុប្បន្ន​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ នៃ​ស្នងការ​ខេត្តបាត់ដំបង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu